ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពី «ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦»

17-01-2026 18:52

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានជូនដំណឹងស្តីពី «ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» រយៈពេល ២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

តាមរយៈសេចក្ដីជូនដំណឹងបានបញ្ជាក់ថា សន្និបាតនេះរៀបចំឡើងក្នុងគោលបំណង តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ សម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅ ការងារបន្តឆ្នាំ២០២៦ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ក្នុងការទ្រទ្រង់កំណើន សេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

នៅក្នុងដំណើរការនៃអង្គសន្និបាត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំពិធីនេះ ដោយផ្ទាល់ដើម្បីពិនិត្យអំពីវឌ្ឍនភាព វាយតម្លៃលើលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ និងលើកឡើងអំពីវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយមានកិច្ចពិភាក្សា ការផ្លាស់ប្តូរមតិយោបល់ និងបទពិសោធ ដើម្បីទទួលបាននូវធាតុចូលថ្មីបន្ថែមក្នុងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយ ភាពប្រកួតប្រជែង ចីរភាព ភាពធន់ និងបរិយាបន្ន សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

អង្គសន្និបាតក៏នឹងមានការដាក់តាំងបង្ហាញពិព័រណ៍សមិទ្ធផលការងាររយៈពេល ១ឆ្នាំ ក្នុងវិស័យទេសចរណ៍ផងដែរ៕