កាកបាទក្រហមកម្ពុជា បានប្រគល់ស្បៀង និងសម្ភារប្រើប្រាស់ ៧៩៥ឈុត ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារយោធា និងបងប្អូនភៀសសឹក
17-01-2026 19:26
(សៀមរាប)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយកាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ ៧៩៥ឈុត (៧៩៥ គ្រួសារ) បានប្រគល់ជូនលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត។
បន្ថែមពីលើស្បៀង និងសម្ភារ ៧៩៥ឈុតនោះ នៅមានទឹកបរិសុទ្ធ វី-អាកទីវ ៣.០០០កេស ភេសជ្ជៈ វី-កូឡា ៣.០០០កេស ភួយ ៣.០០០ភួយ និងមុងអង្រុត ៥០០មុង ដើម្បីធ្វើការផ្គត់ផ្គង់ដល់គ្រួសារយោធា និងបងប្អូនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន និងកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។
លោក ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណដល់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលបាននាំយកស្បៀង និងសម្ភារប្រើប្រាស់សម្រាប់ឧបត្ថម្ភគាំទ្រដល់គ្រួសារយោធា និងបងប្អូនភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប៕











