បញ្ហាវេណេស៊ុយអេឡា កម្ពុជា ប្ប្រកាសគោរពមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន ព្រមទាំងច្បាប់ និងបទដ្ឋានអន្តរជាតិ

18-01-2026 07:13

(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរនានាពាក់ព័ន្ធស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា កម្ពុជា តាមរយៈក្រសួងការបរទេស បានគូសបញ្ជាក់ថា កម្ពុជាតាមដានការវិវត្តនៃស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ដោយក្តីព្រួយបារម្ភជាខ្លាំង។ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅទូទាំងពិភពលោក។

តាមរយៈសេចក្តីថ្លែងការណ៍បន្តថា កម្ពុជាប្រកាន់ខ្ជាប់នូវសារៈសំខាន់នៃដំណោះស្រាយទំនាស់ និងជម្លោះ ដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃបណ្ដារដ្ឋទាំងអស់ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក។

កម្ពុជា ក៏បានគូសបញ្ជាក់អំពីការគោរពរបស់ខ្លួនចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិ ដោយអនុលោមតាមគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕