យល់ដឹងពីជំនួញ៖ ​​ការអនុវត្តកិច្ចសន្យាកសិកម្ម៣ភាគី «ប្រជាកសិករ ក្រុមហ៊ុនឯកជន និង​ធនាគារ​» នឹងក្លាយជាយន្តការជួយឱ្យការប្រកបរបរកសិកម្មមានស្ថេរភាព និងផ្តល់ចំណេញរួមគ្នា (Video inside)

18-01-2026 11:29

(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យកសិកម្ម បានលើកឡើងថា ការអនុវត្តកិច្ចសន្យាកសិកម្ម ៣ភាគី រួមមាន ប្រជាកសិករ ក្រុមហ៊ុនឯកជន និង​ធនាគារដែលជាអ្នកផ្តល់ទុន ​គឺជាយន្តការមួយជួយឱ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​​ ​លើកកម្ពស់ជីវភាពកសិករ និងធ្វើឱ្យការប្រកបរបរកសិកម្មមានស្ថេរភាព និងផ្តល់ចំណេញរួមគ្នា។

លោក យន់ សុវណ្ណារិទ្ធ អនុប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា នេះជារូបមន្តមួយដែលបានប្រមូលភាពខ្លាំង នៃតួអង្គទាំងបីចូលរួមជាមួយគ្នា ដើម្បីជំរុញការផលិត និងប្រកួតប្រជែង។ តាមរយៈរូបមន្តនេះ ធនាគារជាអ្នកផ្តល់ឥណទានទៅឱ្យកសិករ ហើយក្រុមហ៊ុនជំនាញជាអ្នកធានា​ ពោលគឺការផ្តល់ឥណទាន នឹងមិនត្រូវការទ្រព្យបញ្ចាំងនោះទេ ដោយសារមានក្រុមហ៊ុនជាអ្នកធានា​​។

លោកបានពន្យល់ថា កសិករខ្នាតតូចត្រូវតែរួមគ្នាផលិត ដោយមិនអាចធ្វើដាច់ដោយឡែកពីគ្នាបាននោះទេ ព្រោះមិនឆ្លើយតបទៅនឹងការផ្គត់ផ្គង់ដោយមាននិរន្តរភាព ខណៈថ្លៃផលិតក៏ខ្ពស់។ ដូច្នេះហើយ ការអនុវត្តកិច្ចសន្យាកសិកម្ម៣ភាគីនេះ នឹងមានបណ្តុំអ្នកផលិតទ្រង់ទ្រាយធំ ដែលធ្វើយើងមានកម្លាំងប្រកួតប្រជែងផ្នែកផលិតកម្ម ហើយមានតម្លៃដើមទាប មាននិរន្តភាពក្នុងការផ្គត់ផ្គង់ និងមានស្តង់ដារនៃការផលិត​ ដោយសារអនុវត្តបច្ចេកទេសផលិតរួម។ ចំណែកក្រុមហ៊ុន នឹងធានា ក៏ដូចជាផ្តល់នូវការតម្រង់ទិសទាំងបច្ចេកទេស​ ធាតុចូល និងរៀបចំផែនការទីផ្សារ។​ ជាមួយគ្នានេះ ភាគីមួយទៀត គឺស្ថាប័នធនាគារ ជាអ្នកផ្តល់ទុន សម្រាប់ធ្វើអាជីវកម្ម។

លោកបានលើកឡើងថា តាមរយៈវិធីសាស្រ្តនេះ គឺឈ្នះឈ្នះទាំងអស់គ្នា។ ​ផលប្រយោជន៍ដែលកសិករទទួលបាន ពោលគឺកសិករនឹងមិនប្រឈមមុខនឹងហានិភ័យ ក្នុងដំណើរការផលិតកម្ម ដូចជាបញ្ហាបច្ចេកទេស ការប្រែប្រួលអាកាសធាតុ ដោយមានក្រុមហ៊ុនជំនាញជាអ្នកប្រឹក្សា ផ្តល់បច្ចេកទេសទាំងស្រុង រួមទាំងធាតុចូល និងធាតុចេញ, គ្មានហានិភ័យគ្មានទីផ្សារ ដោយសារបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។ បន្ថែមពីនេះ កសិករនឹងមានទុនគ្រប់គ្រាន់ ដោយសារទទួលបានឥណទានពីធនាគារ​ ខណៈការផលិតត្រូវបានកាត់បន្ថយ​ការចំណាយ និងទទួលបានទិន្នផលខ្ពស់។ ជារួមនឹងជួយធ្វើឱ្យកសិករ ទទួលបានប្រាក់ចំណេញច្រើន។

ចំណែកក្រុមហ៊ុន​វិញ ក៏នឹងទទួលបានចំណេញផងដែរ រួមមាន ទទួលបាននិរន្តភាពក្នុងការផ្គត់ផ្គង់កសិផលសម្រាប់ទីផ្សារជាប្រចាំ ដែលជំរុញឱ្យពួកគេមានលទ្ធភាពកាន់តែខ្ពស់ក្នុងការពង្រីកការលក់ទាំងក្នុងស្រុក និងឈានទៅដល់ការនាំចេញ​ ខណៈក្រុមហ៊ុនមិនចាំបាច់ត្រូវចំណាយទុនធំសម្រាប់ទិញដីធ្វើកសិកម្មដោយខ្លួនឯង និងជួលកម្មករឡើយ។

ចំណែកភាគទី៣ គឺធនាគារ នឹងគ្មានហានិភ័យចំពោះឥណទានមិនដំណើរការ (ព្រោះកន្លងមកនៅពេលដែរកសិករខាត គ្មានលុយសងត្រឡប់មកកាន់ធនាគារវិញ) ព្រោះតាមយន្តការនេះ បើទោះបីជាកសិករខាតបង់ ក៏ក្រុមហ៊ុនចេញជំនួសសិនដែរ។​ ទន្ទឹមគ្នានេះ ធនាគារក៏នឹងទទួលបានផលចំណេញពីការផ្តល់ឥណទានតាមរយៈអត្រាការប្រាក់ ​និងចូលរក្សាសន្តិសុខស្បៀងអាហារ និងជួយដល់សេដ្ឋកិច្ចជាតិ៕