អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារចុះប្រមូលផលបន្លែក្នុងកសិដ្ឋានជនភៀសសឹក ដើម្បីពង្រឹងសន្តិសុខស្បៀង
18-01-2026 12:05
(ឧត្តរមានជ័យ)៖ ក្នុងយុទ្ធសាស្ត្រ «យកកសិកម្មទ្រទ្រង់ជីវភាពក្នុងគ្រាអាសន្ន «លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះផ្ទាល់ទៅកាន់ «កសិដ្ឋានកសិកម្មជនភៀសសឹក» មណ្ឌលសុវត្ថិភាពបាត់ថ្កៅ ដើម្បីប្រមូលផលបន្លែបង្ការជាច្រើនមុខ សម្រាប់យកទៅចែកចាយជូនបងប្អូនជនភៀសសឹក សំដៅធានាឱ្យបាននូវភាពគ្រប់គ្រាន់ និងនិរន្តរភាពនៃស្បៀងអាហារ។
នៅក្នុងឱកាសនេះលោក មាន ចាន់យ៉ាដា បានថ្លែងកោតសរសើរដល់ការខិតខំរបស់បងប្អូនជនភៀសសឹកថា «បន្លែដែលយើងប្រមូលផលនៅថ្ងៃនេះ គឺជាផ្លែផ្កានៃការតស៊ូ និងសាមគ្គីភាព»។
លោកបានបន្តថា «ការដែលយើងអាចដាំដុះ និងប្រមូលផលដោយខ្លួនឯងបែបនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានាថា គ្មានបងប្អូនណាម្នាក់ខ្វះអាហារបរិភោគឡើយ។រដ្ឋបាលខេត្តនឹងបន្តគាំទ្រផ្នែកបច្ចេកទេស និងពូជដំណាំបន្ថែមទៀត ដើម្បីឱ្យកសិដ្ឋាននេះក្លាយជាជង្រុកស្បៀងដ៏រឹងមាំបំផុតសម្រាប់យើងទាំងអស់គ្នា»។
លោក មាន ចាន់យ៉ាដា បានថ្លែងថា ការចុះប្រមូលបន្លែពីកសិដ្ឋានយកមកផ្គត់ផ្គង់ដោយផ្ទាល់នេះ បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះអាសន្នដ៏ឆ្លាតវៃ ដោយបានផ្លាស់ប្តូរស្ថានភាពពីការ «រង់ចាំជំនួយ» មកជាការ «ម្ចាស់ការលើខ្លួនឯង» ក្នុងការធានាយ៉ាងរឹងមាំនូវខ្សែសង្វាក់ផ្គត់ផ្គង់ម្ហូបអាហារ។ នេះគឺជាគំរូនៃភាពជោគជ័យក្នុងការចេះទាញយកសក្តានុពលដីធ្លី មកដោះស្រាយបញ្ហាប្រឈមចំពោះមុខប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតផងដែរ៕

















