ទស្សនៈអ្នកធ្លាប់ទិញទំនិញនៅផ្សារដើមគរយកទៅលក់បន្តនៅផ្ទះ និងយកបន្លែស្តៅមកលក់កាលពី២៥ឆ្នាំមុន ជុំវិញការបញ្ឈប់ការលក់​ដូរ​លើផ្លូវជុំវិញផ្សារដើមគរ

18-01-2026 05:51

(ភ្នំពេញ)៖ ដោយបានឃើញព្រឹត្តិការណ៍នា​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦ បងប្អូន​អាជីវករ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ និង​លើ​ទ្រូង​ផ្លូវ​ជុំវិញ​ផ្សារ​ដើមគរ​ចាស់ បាន​នាំ​គ្នា​តវ៉ា​រហូត​ដល់​បិទ​ផ្លូវ បន្ទាប់​ពី​អាជ្ញាធររាជធានីភ្នំពេញ កំណត់​ឱ្យ​បញ្ឈប់​ការ​លក់ដូរ និង​ផ្លាស់ប្តូរ​ទៅ​លក់​នៅ​ផ្សារ​ដើមគរ​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១៨ ខែមករា តទៅ។

ក្នុង​បរិបទ​នេះ ការ​ចុះ​សម្របសម្រួល​របស់លោក សុខ ពេញវុធ អភិបាល​រង​រាជធានី​ភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺ​ជា​គំរូ​នៃ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្ទនា និង​សន្តិវិធី ដែល​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ និង​អាជីវករ អាច​ដើរ​ទៅមុខ​ជាមួយ​គ្នា​ដោយ​ការ​យោគយល់ កិត្តិយស និង​ទំនួលខុសត្រូវ នោះ​រាជធានី​ភ្នំពេញ​យើង​​នឹង​មាន​សណ្តាប់ធ្នាប់ សេដ្ឋកិច្ច​មូលដ្ឋាន​នឹង​រឹងមាំ ហើយ​ជីវភាព​អាជីវករ នឹង​អាច​អភិវឌ្ឍ​ដោយ​សុខដុមនីយកម្ម និង​ចីរភាព​យូរអង្វែង។

បើ​មើល​ពី​ព្រឹត្តិការណ៍​នេះ មិនមែន​ជា​រឿង​តវ៉ា​ធម្មតា​នោះទេ ប៉ុន្តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​វិន័យ​សង្គម កម្រិត​ការ​យល់ដឹង និង​ការ​ទទួលខុសត្រូវ​របស់​អាជីវករ ក្នុង​បរិបទ​រាជធានី​កំពុង​អភិវឌ្ឍ ព្រោះ​ជីវភាពអាជីវករ មិន​អាច​បំបែក​ចេញ​ពី​សណ្តាប់ធ្នាប់​សង្គម​បាន​ឡើយ។ ការ​ប្រកប​អាជីវកម្ម​ដោយ​មិន​គោរព​ច្បាប់ មិន​គោរព​សុវត្ថិភាព និង​អនាម័យ គឺ​ស្មើ​នឹង​ការ​បំផ្លាញ​មូលដ្ឋាន​អាជីវកម្មនិងមុខមាត់សង្គមរបស់​ខ្លួន​ឯង​នៅ​រយៈពេល​វែង ខណៈ​អាជីវករ​ដែល​មាន​ទីតាំង​លក់​ច្បាស់លាស់ មាន​របៀបរៀបរយ មាន​វិន័យ និង​គោរព​ផលប្រយោជន៍​សាធារណៈ នឹង​អាច​បង្កើត​ទំនុកចិត្ត​ពី​អតិថិជន និង​រក្សា​ជីវភាព​បាន​ដោយ​ចីរភាព។

ជាក់ស្តែង ខ្ញុំផ្ទាល់​ធ្លាប់​មាន​បទពិសោធន៍​កាលពី​ប្រមាណ ២៥ឆ្នាំមុន ក្នុង​ការ​ទិញ​ឥវ៉ាន់​ពី​ផ្សារដើមគរ ដែល​នៅ​សម័យ​នោះ អាជីវករលក់ដូរ​មាន​វិន័យ​ខ្ពស់​ណាស់ គឺ​ពេល​ថ្ងៃ​គេចូល​លក់​នៅ​ក្នុង​ផ្សារ ដោយ​គោរព​សណ្តាប់ធ្នាប់ និង​អនាម័យ ខណៈ​ពេល​យប់ អាជីវករ​ខ្លះ​ចេញ​មកលក់​ខាងក្រៅ​បានចាប់ពីពាក់កណ្តាលអាធ្រាត្រដល់ត្រឹមម៉ោង ៦:០០ព្រឹកតែប៉ុណ្ណោះ ហើយលក់​ដោយ​មាន​កំណត់ មាន​របៀបរៀបរយ មិន​រញ៉េរញ៉ៃ មិន​រំលោភ​លើ​ទ្រូង​ផ្លូវ និង​មិន​បង្ក​ការ​រាំងស្ទះ​ចរាចរណ៍​ឡើយ។

ទន្ទឹម​នឹង​នេះ ខ្ញុំក៏​ត្រូវ​ទទួលស្គាល់​ថា អាជីវករ​មួយ​ចំនួន មាន​ក្តី​កង្វល់​ពិតប្រាកដ​អំពី​ការ​បាត់បង់​អតិថិជន ចំណូល និង​ការ​សម្របខ្លួន​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្លាស់ប្តូរ ដែល​ក្តី​កង្វល់​ទាំងនេះ គួរ​ត្រូវ​បាន​ដោះស្រាយ​ដោយ​វិធានការ​គាំទ្រ និង​ការ​សន្ទនា​ដោយយោគយល់។ ផ្ទុយទៅវិញ ក៏​មាន​ក្រុម​អាជីវករ​ឱកាសនិយម​មួយ​ចំនួន ឆ្លៀត​ប្រើ​ភាព​តានតឹង ដើម្បី​ជំរុញ​ការ​តវ៉ា​បិទ​ផ្លូវ ឬ​បង្ក​ស្ថានការណ៍​ឱ្យ​រឹតតែ​ធ្ងន់ធ្ងរ ដើម្បី​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន ដែល​អាកប្បកិរិយាបែបនេះ មិន​ត្រឹមតែ​មិន​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ទេ ប៉ុន្តែ​ថែមទាំង​បំផ្លាញ​កិត្តិយស​របស់​អាជីវករ​ភាគច្រើន និង​ប៉ះពាល់​ដល់​សង្គម​ទាំងមូល។

សារអប់រំ​ដ៏​សំខាន់ ដែល​សង្គម​ជារួម ដោយឡែកសម្រាប់អាជីវករគួរ​យកចិត្តទុកដាក់គឺ ការ​តវ៉ា​ទាំងអស់មិន​មែន​ជា​អំណាច ប្រសិន​បើ​គ្មាន​វិន័យ ការ​បិទ​ផ្លូវ​មិន​មែន​ជា​ដំណោះស្រាយ ប្រសិន​បើ​គ្មាន​ហេតុផល ហើយ​ជីវភាព​មិន​អាច​កសាង​លើ​ការ​រំលោភ​ផលប្រយោជន៍​សាធារណៈ​បាន​ឡើយ។ ដូច្នេះអាជីវករ​គួរ​យល់​ថា ទីផ្សារ គឺ​ជា​សាលារៀន​ជីវិត ដែល​បង្រៀន​អំពី​វិន័យ ការអត់ធ្មត់ ការគោរព​ច្បាប់ និង​ការ​រស់នៅ​រួម​ក្នុង​សង្គម ដែល​ទាំងអស់​នេះ ជា​មូលដ្ឋាន​សម្រាប់​អាជីវកម្ម​ទំនើប និង​សង្គម​រស់នៅមាន​វប្បធម៌ខ្ពស់៕

ដោយ៖ លោក ឈួរ សុបញ្ញា អ្នកធ្លាប់ទិញទំនិញនៅផ្សារដើមគរ​យក​ទៅលក់បន្តនៅផ្ទះ និងយកបន្លែស្តៅមកលក់ កាលពី២៥ឆ្នាំមុន