បេក្ខជន បេក្ខនារីប្រឡង «សំណេរអង្គរ» អំពាវនាវសាធារណជនចូលរួមប្រកួត ដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរ (Video inside)
18-01-2026 12:59
(សៀមរាប)៖ ក្នុងការប្រឡង «សំណេរអង្គរ» លើកទី៣ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បេក្ខនារីមកពីខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅក្រុមមានអាយុ១៩ឆ្នាំឡើង អំពាវនាវឲ្យសាធារណជនទាំងអស់ ដាក់ពាក្យប្រឡងប្រកួតសរសេរតាមអាន នៅឆ្នាំក្រោយៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកអក្សរសាស្រ្តខ្មែរ និងសរសេរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។
បេក្ខនារីមកពីខេត្តកំពងឆ្នាំង លើកឡើងយ៉ាងដូច្នេះថា «នៅឆ្នាំក្រោយទៀត នាងខ្ញុំសូមអំពាវនាវឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមលើកស្ទួយអក្សរសាស្រ្តខ្មែរយើង» អ្នកនាងថាស្គាល់ព្រឹត្តិការណ៍នេះ តាមរយៈបណ្ដាញសង្គម និងបានចុះឈ្មោះតាំងពីខែ៩ ឆ្នាំ២០២៥។
ដោយឡែក បេក្ខជនមកពីខេត្តកំពង់ឆ្នាំង ស្ថិតនៅក្រុមមានអាយុ ១៩ឆ្នាំឡើងដូចគ្នា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា លោកសង្ឃឹម ៥០/៥០ ក្នុងការប្រឡង។ ក្នុងន័យនេះ លោកបញ្ជាក់ថា ការប្រឡងមិនសម្ដៅទៅលើការចាញ់ឈ្នះនោះទេ តែជាបទពិសោធន៍ថ្មី និងបានស្វែងយល់ពីការសរសេរអក្ខរាវិរុទ្ធឲ្យកាន់តែប្រសើរជាងមុន។
ចំណែកបេក្ខនារីដែលមកពីបាត់ដំបង ស្ថិតនៅក្រុមតែមួយ បានបង្ហាញនក្ដីរំភើប ស្រស់ស្រាយ រីករាយ ដែលបានចូលរួមក្នុងការប្រឡងនៅទឹកដីអង្គរដ៏អស្ស្ចារ្យ។ ជាពិសេស កញ្ញាបានមកប្រកួតជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះកញ្ញាបានបបួលមិត្តភក្ដិមកប្រឡងជាមួយគ្នាផងដែរ។
ព្រឹត្តិការណ៍ «សំណេរអង្គរ» ត្រូវបានរៀបចំជាបន្តបន្ទាប់រយៈពេល ៣ឆ្នាំមកហើយ ដោយលើកទី៣នេះ មានបេក្ខជនចូលរួមកើនឡើងជាងឆ្នាំមុនៗ។ កាលពីលើកទី ១មានបេក្ខជនជាង៧០០នាក់ សម្រាប់លើកទី២ មានបេក្ខជនសរសេរតាមអាន ១,២២០អង្គ/នាក់៕
សូមទស្សនាកិច្ចសម្ភាសទាំងស្រុង៖






