រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមបើកការដ្ឋានជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ ស្តារប្រព័ន្ឋលូ នៅលេីផ្លូវពាក់ព័ន្ធនានាជុំវិញផ្សារដើមគរ
18-01-2026 14:16
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោយអាជ្ញាធរលាងសំអាត អនាម័យរួច រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅលេីផ្លូវពាក់ព័ន្ធនានាជុំវិញផ្សារដើមគរ ដោយដំណើរការនេះត្រូវបានហាមដាច់ខាតមិនឱ្យអាជីវករ ដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវជុំវិញផ្សារដើមគរ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអនាធិបតេយ្យដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនោះលោក ស្រី ដោសម្ផស្ស បានគូសបញ្ជាក់ថា អ្វីដែលអាជ្ញាធរកំពុងតែអនុវត្ត ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញនូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគរ នាពេលនេះបាននិងកំពុងទទួលបានការសាទរយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ។
បន្ថែមលើនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអំពាវនាវដោយទទូចឱ្យអាជីវករមួយចំនួនតូចដែលលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគរ ដែលនៅមិនទាន់ទទួលយកនូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សូមអញ្ជើញមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អសោភ័ណភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុតក្នុងចំណោមទីក្រុងធំៗទាំង២០ ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ ចិញ្ចើមផ្លូវនៅតំបន់ជុំវិញផ្សារដើមគទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ៕


































