សមាគមទេសចរណ៍ខេត្តសៀមរាប នៅតែចាត់ទុកថា វប្បធម៌ និងអត្តសញ្ញាណ ជាគន្លឹះទាក់ទាញភ្ញៀវទេសចរមកសៀមរាប (Video inside)
18-01-2026 14:22
(សៀមរាប)៖ លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងថា តម្លៃស្នូលដ៏សំខាន់របស់កម្ពុជា គឺវប្បធម៌ និងអរិយធម៌ ដែលមានប្រវត្តិសាស្ត្រយូរលង់ រួមមាន ម្ហូបអាហារ ប្រពៃណី សម្លៀកបំពាក់ និងរបៀបរស់នៅ ដែលជាធាតុសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។
អនុប្រធានសមាគមទេសចរណ៍ខេត្តសៀមរាប ថ្លែងប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ការធ្វើដំណើរទេសចរណ៍ មិនមែនទៅដើម្បីមើលកន្លែងហ្នឹងមួយទេ គេចង់ទៅមើលមនុស្សម្នាតំបន់នោះ អ្វីដែលកើតឡើងពីអតីតកាល ហើយផ្សារភ្ជាប់នឹងបច្ចុប្បន្ន» លោកថា ការផ្តល់បទពិសោធន៍បែបនេះ ធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាបានយកអនុស្សាវរីយ៍វប្បធម៌ត្រឡប់ទៅជាមួយ តាមរយៈរូបភាព និងបទពិសោធន៍ផងដែរ។
ក្នុងន័យនេះ លោក ឌុច សារ៉េត បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកប្រតិបត្តិការណ៍ទេសចរណ៍ នៅតាមតំបន់ទេសចរណ៍នានា ចូលរួមស្វែងរក និងលើកស្ទួយអត្តសញ្ញាណវប្បធម៌របស់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញ និងបង្កើតបទពិសោធន៍ដ៏មានន័យសម្រាប់ភ្ញៀវទេសចរ ជួយឲ្យវិស័យទេសចរណ៍សៀមរាប និងកម្ពុជាមានការរីកចម្រើនប្រកបដោយចីរភាព៕
សូមទស្សនាវីដេអូទាំងស្រុង៖




