សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងជាអធិបតីភាព ក្នុងពិធីបុកគ្រឹះសាងសង់អន្តេវាសិកដ្ឋានសន្តិភាពអន្តរជាតិកម្ពុជា-មីយ៉ាន់ម៉ា
18-01-2026 14:27
(កំពង់ស្ពឺ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រីព្រះករុណាព្រះមហាក្សត្រសីហមុនី នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ បានយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុកគ្រឹះសាងសង់អន្តេវាសិកដ្ឋានសន្តិភាពអន្តរជាតិកម្ពុជា-មីយ៉ាន់ម៉ា ដោយមានការចូលរួមអមព្រះរាជដំណើរដោយលោក ច សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា រួមជាមួយសហការី ឧកញ៉ា លោក លោកស្រី និងថ្នាក់ដឹកនាំជាច្រើនរូប នៅភូមិអំពិលរ៉ូង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
អន្តេវាសិកដ្ឋានសន្តិភាពអន្តរជាតិកម្ពុជា-មីយ៉ាន់ម៉ានេះ ត្រូវបានកសាងឡើងក្នុងគោលបំណង ដើម្បីបម្រើជាជាប្រយោជន៍ដល់ការស្នាក់នៅ និងសិក្សាសូត្រសម្រាប់សមណនិស្សិត និងនិស្សិតកម្ពុជា-មីយ៉ាន់ម៉ា ដោយសម្តៅលើការលើកកម្ពស់គុណភាពលើវិស័យអប់រំ និងសាសនា។ បន្ថែមពីនេះ ការសាងសង់អគារអន្តេវាសិកដ្ឋាននេះ គឺជាសញ្ញាមួយបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងប្រកបដោយចីរភាពរវាងព្រះរាជាណាកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការអភិវឌ្ឍធនធានមនុស្សលើផ្នែកសាសនា និងការអប់រំ តាមរយៈការបណ្តុះបណ្តាល ការសិក្សាស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក ការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់សមណនិស្សិត និងនិស្សិតនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចព្រះមហាសង្ឃរាជ ទ្រង់បានសម្តែងនូវព្រះទ័យពេញចិត្ត ចំពោះសមិទ្ធផលនៃគម្រោងសាងសង់អន្តេវាសិកដ្ឋានសន្តិភាពអន្តរជាតិកម្ពុជា-មីយ៉ាន់ម៉ា ដែលប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ប្រទេសទាំងពីរក្នុងការលើកកម្ពស់វិស័យអប់រំ និងពុទ្ធសាសនា ព្រមទាំងជួយពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព សន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត៕









