ក្រុមហ៊ុន «គ្លូប៊ល ហ្គ្រីន» ច្រានចោលការផ្សាយលើហ្វេសប៊ុក «មាតាធម្មជាតិ» និងអះអាងថា ក្រុមហ៊ុនមិនមានធ្វើអាជីវកម្មជីកយករ៉ែមាស និងរ៉ែផ្សេងៗទៀតនៅក្នុងឧទ្យានជាតិស្ថិតក្នុងភូមិតាបូក ខេត្តរតនគិរីនោះឡើយ

18-01-2026 08:09

(ភ្នំពេញ)៖ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវឡុបមេន បានច្រានចោលការផ្សាយលើទំព័រហ្វេសប៊ុក «មាតាធម្មជាតិ» និងបានអះអាងថា ក្រុមហ៊ុនមិនមានធ្វើអាជីវកម្មជីកយករ៉ែមាស និងរ៉ែផ្សេងៗទៀតនៅឧទ្យានជាតិ ស្ថិតក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរីនោះឡើយ ហើយក្រុមហ៊ុនក៏មិនមានការអនុញ្ញាតច្បាប់ណាមួយពីក្រសួងរ៉ែ និងថាមពលឱ្យធ្វើអាជីវកម្មក្នុងភូមិសាស្ត្រនេះនោះដែរ។

ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន ធ្វើឡើងបន្ទាប់ពីទំព័រហ្វេសប៊ុកឈ្មោះ «Mother Nature Cambodia» បានចេញផ្សាយថា ក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន កំពុងធ្វើសកម្មភាពជីកយករ៉ែមាសនៅក្នុងឧទ្យានជាតិក្នុងភូមិតាបូក ធ្វើឱ្យបំពុលប្រភព ទឹកសំខាន់ៗ និងគំរាមកំហែងដល់ជីវិតសហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិចព្រៅ។

ទំព័រហ្វេសប៊ុកឈ្មោះ «Mother Nature Cambodia» ត្រូវបានគេដឹងថា ជាទំព័រហ្វេសប៊ុកបង្កើតដោយអង្គការមាតាធម្មជាតិ ដែលអង្គការនេះ ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីអង្គការក្រៅរដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ២០១៧។ អង្គការនេះបង្កើតឡើងដោយជនជាតិអេស្បាញឈ្មោះ អាឡិច ហ្គន់សាឡេ ដែលបគ្គុលនេះ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ដេញចេញពីកម្ពុជា ហើយដាក់ក្នុងបញ្ជីខ្មៅមិនឱ្យចូលប្រទេសកម្ពុជាទៀតនោះឡើយ។

ឆ្លើយតបការផ្សាយខាងលើនេះ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បានបញ្ជាក់ដូច្នេះ «សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុនយើងខ្ញុំពុំមានអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រកបសកម្មភាពអាជីវកម្មជីកយករ៉ែមាសនៅក្នុងឧទ្យានជាតិស្ថិតក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរីឡើយ។ ក្រុមហ៊ុនយើងខ្ញុំក៏ពុំដែលធ្វើអាជីវកម្មជីកយករ៉ែមាស និងរ៉ែផ្សេងៗទៀតនៅក្នុងឧទ្យានជាតិស្ថិតក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដូចការអះអាងរបស់អង្គការមាតាធម្មជាតិកម្ពុជានោះទេ»

ក្រុមហ៊ុនបន្តថា «ការចុះផ្សាយដោយគ្មានមូលដ្ឋានជាក់លាក់ ខ្វះការស្រាវជ្រាវ គឺជាទង្វើគ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន ឬអ្នកវិភាគ និងបង្ហាញអំពីចេតនាទុច្ចរិតក្នុងការបរិហារកេរ្តិ៍ជាសាធារណៈដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនយើងខ្ញុំយ៉ាងធ្ងន់ធ្ងរ»។

បន្ថែមពីលើនេះ លោក អុឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ប្រាប់ Fresh News បន្ថែមថា ក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន ពិតជាមិនមានធ្វើសកម្មភាពជីករ៉ែមាស និងរ៉ែផ្សេងៗនៅឧទ្យានជាតិស្ថិតក្នុងភូមិតាបូកនោះទេ។ ក្រសួងរ៉ែ និងថាមពល ក៏មានចេញអាជ្ញាបណ្ណណាមួយឱ្យក្រុមហ៊ុនធ្វើសកម្មភាពជីករ៉ែមាសនៅទីតាំងខាងលើនោះដែរ។

ដើម្បីបានព័ត៌មានកាន់តែច្បាស់ថែមទៀតនោះ ក្រុមហ៊ុនបានបើកសាធារណជន ឬបណ្តាញសារព័ត៌មានចុះទៅសួរប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន។ ក្រុមហ៊ុន បានបញ្ជាក់ថា បើរកឃើញក្រុមហ៊ុន មានជាប់ពាក់ព័ន្ធដូចអ្វីដែលបានផ្សាយមែននោះ ក្រុមហ៊ុនទទួលរាល់ទោសទណ្ឌទាំងឡាយទៅតាមច្បាប់របស់កម្ពុជា។

សូមបញ្ជាក់ថា ការផ្សាយលើទំព័រហ្វេសប៊ុក «Mother Nature Cambodia» ក៏បានចោទប្រកាន់ថា ក្រុមហ៊ុនមានជាប់ពាក់ព័ន្ធនឹងកូនៗរបស់លោកអ្នកឧកញ៉ា ទ្រី ភាព។ ក្រុមហ៊ុនបានតបថា គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន មិនមានជាប់ពាក់ព័ន្ធជាមួយនឹងលោកអ្នកឧកញ៉ា ទ្រី ភាព និងក្រុមគ្រួសារ ដូចការចុះផ្សាយដោយបំផ្លើសនេះឡើយ។

ដើម្បីរក្សាកិត្តិយស និងភាពស្អាតស្អំរបស់ខ្លួន ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សាយខុសពីការពិតលើទំព័រហ្វេសប៊ុក «Mother Nature Cambodia»