ស្ថានីយទូរទស្សន៍អាល់ហាជ្ជរ៉ោះ ម៉ាឡេស៊ី នឹងសហការលើការផ្លាស់ប្តូរព័ត៌មាន និងផ្សព្វផ្សាយជាមួយអង្គភាពបុស្តិ៍ទូរទស្សន៍ឥស្លាមកម្ពុជា (CiTV)

18-01-2026 08:21

(ម៉ាឡេស៉ី)៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទស្សនកិច្ចនៅស្ថានីយទូរទស្សន៍អាល់ហាជ្ជរ៉ោះ ម៉ាឡេស៊ី ដោយមានការស្វាគមន៍ពីសំណាក់ លោក ZULKARNAEN MOKHTAR អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកកម្មវិធីនៃទូរទស្សន៍អាល់ហាជ្ជរ៉ោះ និងក្រុមការងារ ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមករវាងស្ថានីយ៍Alhijrah និងអង្គភាព CiTV។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានលើកឡើង ពីសកម្មភាពផលិតនិងផ្សព្វផ្សាយព័ត៌មានរួមមានការអប់រំ ការដាវ៉ះ (ការផ្សព្វផ្សាយសាសនា) និងព្រឹត្តិការណ៍ថ្នាក់ជាតិនិងអន្តរជាតិសំខាន់ៗរបស់អង្គភាព CiTV។

ដើម្បីឱ្យសកម្មភាពទាំងនេះ ត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ លោកទេសរដ្ឋមន្ត្រីបានស្នើដល់ទូរទស្សន៍អាល់ហាជ្ជរ៉ោះ ម៉ាឡេស៊ី ដែលជាស្ថាប័នទូរទស្សន៍ដ៏ល្បីរបស់ម៉ាឡេស៊ី ពិនិត្យលទ្ធភាពសហការចែករំលែកព័ត៌មាន ជាមួយ CiTV ដែលកំពុងមានសកម្មភាព ក្នុងការផ្សព្វផ្សាយព័ត៌មានសហគមន៍ និងការដាវ៉ះ នៅកម្ពុជា និងស្នើឱ្យទូរទស្សន៍អាល់ហាជ្ជរ៉ោះ បញ្ជូនបុគ្គលិកជំនាញមកកម្ពុជា ដើម្បីជួយបណ្ដុះបណ្ដាលដល់ក្រុមការងារ CiTV សំដៅពង្រឹងសមត្ថភាព និងគុណភាពនៃការផ្សាយ។

តំណាង ទូរទស្សន៍អាល់ហាជ្ជរ៉ោះ បានសម្តែងនូវការអបអរសាទរ និងបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការគាំទ្រដល់សកម្មភាពផ្សព្វផ្សាយរបស់ CiTV ជាពិសេសលើកិច្ចការសហគមន៍ ការដាវ៉ះ ដែលកំពុងអនុវត្តយ៉ាងសកម្ម នៅក្នុងសហគមន៍កម្ពុជា។ ក្នុងស្មារតីសហប្រតិបត្តិការនេះ លោកបានបញ្ជាក់ថា ទូរទស្សន៍អាល់ហាជ្ជរ៉ោះ នឹងផ្លាស់ប្តូរព័ត៌មាន ការផ្សព្វផ្សាយទៅវិញទៅមក និងការកិច្ចសហការផលិតមាតិកា ដើម្បីពង្រីកវិសាលភាពនៃព័ត៌មានរវាងប្រទេសទាំងពីរ ព្រមទាំងជួយគាំទ្រCiTV ផងដែរ៕