អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានចែកជូនជនពិការ ចាស់ជរា និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ
18-01-2026 15:32
(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ រួមជាមួយសហការី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវចែកជូនជនពិការ ចាស់ជរា សិស្សានុសិស្ស គ្រូបង្រៀន និងក្រុមគ្រូពេទ្យ នៅមណ្ឌលភៀសសឹកចំនួន ៤កន្លែង ក្នុងខេត្តព្រះវិហារ។
នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគ្រប់គ្រងមណ្ឌលភៀសសឹកវត្តពើងព្រះគោ និងជាអ្នកសម្របសម្រួល ព្រមទាំងប្រធានគ្រប់គ្រងមណ្ឌលភៀសសឹក៣ទីតាំងផ្សេងទៀត និងក្រុមការងារផងដែរ។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ និយាយដោយប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារបស់។
លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដល់អាជ្ញាធរខេត្តព្រះវិហារ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់រៀបចំមណ្ឌលសុវត្ថិភាពនានា ក៏ដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន្ធផ្សេងៗដូចជា៖ ការរៀបចំប្រព័ន្ធភ្លើង ប្រព័ន្ធទឹកប្រើប្រាស់ ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ សេវាសុខភាព នៅក្នុងមណ្ឌលសុវត្ថិភាព ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋភៀសសឹកបានប្រើប្រាស់។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងមណ្ឌលភៀសសឹកវត្តពើងព្រះគោ ដែលជាអ្នកសម្របសម្រួល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី និងលោកជំទាវបណ្ឌិត និងលោកឧត្តមសេនីយ៍ឯក ប៊ុន ដា និងក្រុមការងារ ដែលបាននាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារនាពេលនេះ។
លោកអភិបាលរងខេត្តបានបន្តថា អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការចែកទេះរុញ បានធ្វើឱ្យបងប្អូនជនពិការលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់។ សូមបញ្ជាក់ថា៖រទេះរុញត្រូវបានចែកជូនជនពិការនិងចាស់ជរា ដែលមិនអាចដើរបាន មានចំនួន ៧០នាក់ ដោយក្នុងម្នាក់ៗទទួលបានរទេះរុញ ១គ្រឿង ថវិកាចំនួន ៥០,០០០រៀល ថ្នាំប៉ារ៉ាសេតាមុល ១ប្រអប់ សាប៊ូ ១ដុំ និងទឹកដោះគោខាប់ ១ កំប៉ុង។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក ប៊ុន ដា ក៏បានផ្តល់ជាអាហារដល់កុមារដែលជាសិស្សានុសិស្សជនភៀសសឹក ព្រមទាំងផ្តល់អំណោយដល់ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន នៅមណ្ឌលភៀសសឹកវត្តបាក់កាំ វត្តពើងព្រះគោ និងវត្តពោធិ៍កែវមានជ័យ នូវម្នាក់ៗទទួលបានបំពង់ទឹកក្តៅ១ ថវិកាចំនួន ៥០,០០០រៀល ថ្នាំប៉ារ៉ា ១ប្រអប់ សាប៊ូ ១ដុំ និងទឹកដោះគោខាប់ ១កំប៉ុង។ និងបានផ្តល់ថវិកាជូនដល់កម្លាំងការពារមណ្ឌលភៀសសឹកចំនួន ២,០០០,០០០រៀល ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់ការបំពេញភារកិច្ចផងដែរ៕




































