បេក្ខជនជ័យលាភីលេខ១ នៃសំណេរអង្គរលើកទី៣ ចែករំលែកបទពិសោធន៍ និងការទទួលបានចំណេះដឹងពីការប្រឡង, ប្រឡង៣ឆ្នាំទើបក្លាយជាជ័យលាភីកំពូល
18-01-2026 17:51
(សៀមរាប)៖ លោក វ៉ន វីដា បេក្ខជនជ័យលាភីលេខ១ នៃសំណេរអង្គរលើកទី៣ ស្ថិតក្នុងក្រុមអាយុ១៩ឆ្នាំឡើង បានឲ្យដឹងថា លោកបានប្រឡង៣ឆ្នាំជាប់គ្នាហើយ គោលបំណងរបស់លោកគឺដោយសារស្រលាញ់ ចូលចិត្តអក្សរសាស្រ្តតាំងពីថ្នាក់ទី៩ លោកបានអភិវឌ្ឍន៍បន្តិចម្ដង រហូតវាក្លាយជាដើមទុន ដោយមិនដឹងខ្លួន ព្រោះមិននឹកស្មានថា អាចមានកម្មវិធីប្រកួតសរសេរនេះទេ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ ក្រោយប្រកាសលទ្ធផល លោក វ៉ន វីដា បានបញ្ជាក់ថា លោកធ្លាប់ប្រកួតលើក២ដងរួចមកហើយ ដោយលើកទី១ ជាប់លេខ២ ឥឡូវលើក និងលើកទី៣ នេះបានជាប់លេខ១។ លោករំពឹងថា ការប្រកួតសរសេរតាមអានលើកទី៣ នេះ អាចជាប់ត្រឹមបេក្ខជន១០នាក់អីប៉ុណ្ណោះ។
បេក្ខជនជ័យលាភីលេខ១ បានបន្តថា អ្វីដែលដក់ជាប់ក្នុងចិត្តនោះគឺប្រឡងមួយដង កើនចំណេះមួយដង។ ទោះបីមិនបានជ័យលាភី ក៏មកប្រលងជារៀងរាល់ឆ្នាំដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ រៀនពីអ្វីដែលថ្មី និងស្គាល់អក្សរសាស្ត្រខ្មែរដែលមានអក្ខរាវិរុទ្ធត្រឹមត្រូវ។
លោក វ៉ន វីដា ផ្ដាំផ្ញើទៅសាធារណជនថា អក្សរសាស្រ្តខ្មែរ គឺសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និងជាចំណុចមួយដែលកូនខ្មែរមិនគួរមើលរំលង។ ត្រង់ចំណុចនេះ លោកបានបង្ហាញក្ដីបារម្ភ ចំពោះក្មេងជំនាន់ក្រោយដែលតែងតែសរសេរអក្សរអង់គ្លេស អានជាខ្មែរ ក្នុងន័យនេះលោកថា គួរតែផ្សព្វផ្សាយពីអក្សរសាស្រ្តខ្មែរឲ្យបានច្រើន និងបញ្ច្រៀបម្ដងបន្តិចៗដល់ក្មេងជំនាន់ក្រោយ៕







