ក្រសួងបរិស្ថាន បដិសេធការចុះផ្សាយរបស់កាសែត The Nation របស់ថៃ ពាក់ព័ន្ធការផ្សព្វផ្សាយថា ការបំពុលខ្យល់នៅទីក្រុងបាងកក មានប្រភពមកពីភ្លើងឆេះនៅកម្ពុជា

18-01-2026 12:09

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងអត្ថបទដែលមានចំណងជើងថា «វិបត្តិនៃការកើនឡើងកម្រិតភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺជាការរួមចំណែកពីភ្លើងឆេះដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា (Bangkok Suffocates in PM 2.5 as Cambodia's Fires Contribute to Crisis) ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដែលបានលើកឡើងថាការបំពុលខ្យល់នៅទីក្រុងបាងកក គឺមានការរួមចំណែកសំខាន់ពីភ្លើងឆេះដែលកើតមាននៅក្នុងប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន សូមផ្តល់ការបំភ្លឺដល់ស្ថាប័នសារព័ត៌មាន ជាពិសេសសារព័ត៌មាន The Nation និងសាធារណជនជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវការយល់ដឹងត្រឹមត្រូវ និងស្ថានភាពនៃការបំពុលខ្យល់នៅក្រុងបាងកក ដោយផ្អែកលើភស្តុតាងបច្ចេកទេស និងលក្ខខណ្ឌឧតុនិយម ដូចខាងក្រោម៖

ទី១- ការបំពុលខ្យល់ដោយការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺកើតឡើងដោយប្រភពក្នុងស្រុកជាចម្បង ដូចជាការបំភាយពីការដឹកជញ្ជូន ដោយក្នុងនោះទីក្រុងបាងកកមានចំនួនយានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំងការបំភាយពីសកម្មភាពឧស្សាហកម្ម ធូលីពីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង។ ប្រភពទាំងនេះរួមផ្សំជាមួយនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែលមិនអំណោយផល ដូចជាបាតុភូតបញ្ច្រាស់សីតុណ្ហភាព (Temperature inversion) និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាសខាងក្រោម (low atmospheric mixing height) ដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យសារធាតុបំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងមានការកើនឡើងបង្កការបំពុលបរិយាកាសនៅក្នុងទីក្រុង បាងកក។

ទី២- យោងតាមលទ្ធផលស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅជិតព្រំដែនកម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើសស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង)។ ប៉ុន្តែនេះមិនមានន័យថា ខ្យល់ពីប្រទេសកម្ពុជាទៅបំពុលទីក្រុងបាងកកនោះទេដោយហេតុថា (១) កម្ពុជាកំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងមកត្បូង មានន័យថាទិសខ្យល់បក់ទៅឈូងសមុទ្រ ដូចបង្ហាញនៅក្នុងផែនទីទិសខ្យល់របស់មជ្ឈមណ្ឌលឧតុនិយមអាស៊ាន (ASMC) (២) អំឡុងពេលដែលទីក្រុងបាងកកជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជាបាននិងកំពុងជួបប្រទះលក្ខខណ្ឌអាកាសធាតុមិនអំណោយផលដូចគ្នា ដូចជាការជួបប្រទះនឹងខ្យល់ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ធ្វើឱ្យការបក់យកភាគល្អិតនិចល មិនបានរយៈចម្ងាយឆ្ងាយពោលមិនអាចទៅដល់ទីក្រុងបាងកកបានឡើយ។

ក្រសួងបរិស្ថាន ស្នើសុំស្ថាប័នសារព័ត៌មាន និងសាធារណជនមេត្តាជ្រាប និងសូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត មានគោលបំណងញុះញង់៕