សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសាររំលែកទុក្ខជូនបណ្ឌិតសភាចារ្យ ជូ វិជិត្ត ចំពោះដំណឹងមរណភាពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សានឿន ដែលត្រូវជាម្តាយបង្កើត
18-01-2026 19:18
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ម៉ៅ ណារ៉ា ចំពោះដំណឹងមរណភាពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សានឿន ដែលត្រូវជាម្តាយបង្កើត។
តាមរយៈសារលិខិតសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីតក់ស្លុតរន្ធត់ចិត្ត ក្ដីក្ដុកក្ដួល ខ្សឹកខ្សួល រំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតថា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សាវឿន ត្រូវជាម្តាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២១:០០នាទី ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។
ក្នុងបរិយាកាសដ៏សែនសោកសៅ ក្រៀមក្រំ សោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ប្រកបដោយសមានទុក្ខដ៏ធំធេង ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំនេះ ដោយសោកសង្វេគជាទីបំផុត ព្រោះថាមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សាវឿន គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន និងជាជីដូនទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដ៏ល្អប្រពៃ ដែលកន្លងមក អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ បានបន្សល់ទុកនូវគំរូដ៏ប្រពៃក្នុងការកសាង គ្រួសារឱ្យមានតម្លៃថ្លៃថ្នូរក្នុងសង្គមជាតិ។ ការឃ្លាតឆ្ងាយរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គឺជាការបាត់បង់នូវធនធានមនុស្សដ៏កម្រដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការជួយលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិឱ្យទទួលបាននូវីសុខដុមរមនា និងវឌ្ឍនភាពជារៀងរហូតមក។
ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សាវឿន សូមបានចាប់ បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពទទួលនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕





