អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានរីកចម្រើនឡើងប្រកបដោយភាពចម្រុះ ទាំងបែបប្រពៃណី និងទំនើបមានគ្រប់ទម្រង់ និងទស្សនៈ
18-01-2026 19:19
(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានរីកចម្រើនឡើងប្រកបដោយភាពចម្រុះទាំងបែបប្រពៃណី និងទំនើប មានគ្រប់ទម្រង់ និងទស្សនៈ
ជាមួយគ្នានេះដែរ លោកថាអង្គភាពសារព័ត៌មានក្នុងឆ្នាំ២០២៥ ចំនួន ១ ៥៧៥ ទាំងប្រពៃណី និងទំនើប ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានចូលរួមក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន ក្នុងក្របខណ្ឌនៃការលើកកម្ពស់ប្រសិទ្ធភាពនិងសណ្តាប់ធ្នាប់សារព័ត៌មានកម្ពុជា ដោយផ្តោតលើគុណភាព ការគោរពច្បាប់ និងក្រមសីលធម៌ និងការប្រតិបត្តិតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាសុទ្ធសឹងជាផ្នែកនៃកំណែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីលើកតម្កើងគុណតម្លៃសេចក្តីថ្លៃថ្នូរ និងពង្រឹងការជឿទុកចិត្តពីសាធារណជនមកលើសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា។
ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានបន្តលើកកម្ពស់សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន ជាពិសេសបង្កភាពងាយស្រួល លក្ខខណ្ឌគាំពារ បរិយាកាសអំណោយផលគាំទ្រដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន រួមចំណែកធានាសន្តិសុខព័ត៌មាននៅទូទាំងប្រទេស។ កត្តាទាំងនេះជាផ្នែកបានធ្វើឱ្យសេរីភាពសារព័ត៌មានរីកធំធាត់ជាលំដាប់ ហើយនេះក៏ដោយសារការផ្តល់តម្លៃខ្ពស់ដល់វិស័យព័ត៌មាន និងការបើកទូលាយនូវសិទ្ធិសេរីភាពសារព័ត៌មាន ពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិទី៧នេះ និងក្នុងអាណត្តិមុនៗ ដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យនេះដែរ ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ត្រូវបានធ្វើឡើង និងបន្តពង្រឹងដើម្បីការពារសិទ្ធិ សុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកប្រមូលព័ត៌មាន រាយការណ៍ និងផ្សព្វផ្សាយព័ត៌មានបានដោយសេរី។
អ្នកសារព័ត៌មានត្រូវធ្វើជាគំរូល្អក្នុងសង្គម ជាអ្នកប្រកាន់ខ្ជាប់សីលធម៌ខ្ពស់ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងផ្តល់ចំណេះដឹង ប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ សម្រាប់រួមចំណែកដល់ការរស់នៅ និងអភិវឌ្ឍន៍ក្នុងសង្គម។ ការគោរពច្បាប់ និងការបំពេញការងារដោយក្រមសីលធម៌តាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានត្រឹមត្រូវគឺជាការការពារដល់អ្នកសារព័ត៌មានពីហានិភ័យសុវត្ថិភាព និងការប្រឈមចំពោះផ្លូវច្បាប់ធ្ងន់ធ្ងរ៕




