ប្រធានយុវជនគណបក្សខេត្តព្រៃវែងអញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មីជាយុវជនចំនួន៣០៨នាក់ នៅស្រុកកញ្ច្រៀច

18-01-2026 20:30

(ព្រៃវែង)៖ លោកសួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត នៅរសៀលថ្ងៃទី១៨​ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញបិទវគ្គ "អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន" របស់យុវជនគណបក្សខេត្ត ចំនួន៣០៨នាក់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានថ្លែងនាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង លោក អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។

លោកបានគូសបញ្ជាក់ថា ក្នុងនាមយើងទាំងអស់គ្នាជាយុវជន យើងត្រូវតែជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងមិនត្រូវជឿលើការញុះញង់បំភ្លៃការពិតរបស់ជនអគតិណាមួយឡើយ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សជាយុវជននេះ ក៏មានការចូលរួមពីលោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្សក្រុង ព្រមទាំងយុវជនគណបក្សសរុបចំនួន ៥៨៦នាក់៕