សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖ «ចំណេះដឹង» និង«គុណធម៌» ជាសសរស្តម្ភពីរមិនអាចខ្វះបាន ក្នុងវិស័យអប់រំ
19-01-2026 04:07
(ភ្នំពេញ)៖ សម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានយាងជាព្រះរាជាធិបតីកិត្តិយសពិធី បិទវគ្គបណ្តុះបណ្តាល ស្តីពី «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ» និង «សុក្រឹតការគរុកោសល្យ និងវិធីសាស្ត្របង្រៀន» ចាប់ថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៦ ដល់ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ។
ពិធីនេះមានការអញ្ជើញជាសហអធិបតីលោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ និងជាតំណាងរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាតំណាងរបស់លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមដោយបណ្ឌិត ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, គ្រូឧទ្ទេសជំនាញ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ យ៉ាងច្រើនកុះករ។
លោក ងួន ស្តេចភក្តី បានមានប្រសាសន៍ទូលថ្វាយ សម្តេចព្រះសាកលវិទ្យាធិការថា វគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ» និង «សុក្រឹតការ គរុកោសល្យ និងវិធីសាស្ត្របង្រៀន» ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ជាន់ទី៣ មានសិក្ខាកាមចូលរួមចំនួន២១៦រូប ក្នុងនោះព្រះសង្ឃចំនួន១០អង្គ ស្រីចំនួន៥៥នាក់ និងប្រុសចំនួន១៥១នាក់ ដែលទទួលបានការបណ្តុះបណ្តាលពីវាគ្មិនកិត្តិយស សិក្សាលើប្រធាន បទសំខាន់ៗចំនួន៤ ត្រូវបានបញ្ចប់ទៅដោយរលូន ។
លោកបណ្ឌិត ជួន ជីវិន បានទូលថ្វាយសម្តេចព្រះសាកលវិទ្យាធិការថា រាជរដ្ឋាភិបាលកម្ពុជា នូវយុទ្ធសាស្ត្រ បញ្ចកោណ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាចំណុចអាទិភាពទី១ ដែលនេះជាកត្តាចាំបាច់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ នាំឱ្យព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចនូវគោលដៅរបស់ខ្លួនជា ប្រទេសជឿនលឿននៅឆ្នាំ២០៥០។
ដោយឡែកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំរបស់សម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល នូវការបណ្តុះសមណនិស្សិត-និស្សិត ប្រកបដោយគុណភាព និងមេត្តាករុណាផ្តល់អាហារូបករណ៍យ៉ាងច្រើន សន្ធឹកសន្ធប់ជារៀងរាល់ឆ្នាំ។
លោក បណ្ឌិត ជួន ជីវិន បានចែករំលែកនូវអនុសាសន៍គន្លឹះចំនួន៥ ដូចខាងក្រោម៖
១. អប់រំតម្លៃសីលធម៌ ៖ មូលដ្ឋានគ្រឹះនៃឥរិយាបថសាធារណៈ។
២. របៀបរៀនផ្អែកលើបទពិសោធន៍ ៖ ជាសោធនរបស់សុក្រឹតការគរុកោសល្យ វិធីសាស្ត្របង្រៀនប្រពៃណី ដែលផ្តោតលើការបង្រៀនតែមួយចំហៀងមិនគ្រប់ គ្រាន់ទេ សម្រាប់ការអភិវឌ្ឍន៍សុក្រឹតការគរុកោសល្យ។
៣. គំរូអប់រំបុរាណក្នុងបរិបទទំនើប ៖ តុល្យភាពរវាងតម្លៃប្រពៃណី និងតម្រូវ ការសម័យឌីជីថល។
៤. អប់រំពេញមួយជីវិត ៖ មធ្យោបាយក្នុងការថែរក្សាសុក្រឹតការគរុកោសល្យ។
៥. សហការអប់រំ-សាធារណៈ៖ ការបង្កើតដំណើរការអប់រំដែលពាក់ព័ន្ធពុទ្ធិក សាកលវិទ្យាល័យ និងក្រសួងពាក់ព័ន្ធ ស្ថាប័នសាធារណៈ
នាឱកាសដ៏វិសេសវិសាលនេះ សម្តេចព្រះសាកលវិទ្យាធិការ បានមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា «ចំណេះដឹង» និង «គុណធម៌» ដែលជាសសរស្តម្ភពីរមិនអាចខ្វះបាន។ ក្នុងវិស័យអប់រំ អ្នកបណ្តុះបណ្តាល ជាអ្នកដឹកនាំ និងជាវិស្វករនៃព្រលឹងជាតិ ដែលមានភារកិច្ចមិនត្រឹមតែផ្ទេរនូវវិជ្ជាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើជាគំរូនៃឥរិយាបថ សីលធម៌ និងវិន័យថ្លៃថ្នូរ ដើម្បីក្លាយជាបង្គោលចម្លងនូវ ពុទ្ធិ និងគុណតម្លៃនៃសង្គមទៅកាន់ជំនាន់ក្រោយ។
សម្តេចសង្ឃឹមថា តាមរយៈការតម្រង់ ទិស និងការចែករំលែកបទពិសោធន៍ពីគ្រូឧទ្ទេសដ៏មានសមត្ថភាព លោកអ្នកនឹងក្លាយជាកម្លាំងចលករដ៏ សំខាន់ ក្នុងការជំរុញនាវាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យកាន់តែមានសក្តានុពលខ្ពស់ ក្នុងការ បម្រើដល់បុព្វហេតុព្រះពុទ្ធសាសនា និងការអភិវឌ្ឍជាតិមាតុភូមិឱ្យកាន់តែរុងរឿងថ្កុំថ្កើងតរៀងទៅ។
នាឱកាសនេះសម្តេចព្រះសកវិទ្យាធិការ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួរមុខងារសាធារណៈ និងបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបានចាត់តំណាងមកចូលរួម។
ចែករំលែកនូវអនុសាសន៍គន្លឹះ និងទស្សនទានល្អៗ ប្រកបដោយខ្លឹមសារអប់រំ និងយុទ្ធសាស្ត្ររដ្ឋបាល ដែលជាត្រីវិស័យសម្រាប់ពង្រឹងប្រសិទ្ធភាពការងារនៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសូមប្រគេនពរដល់លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ និងអង្គពិធីទាំងមូល សូមបាន ប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងវិបុលភាព ជោគជ័យក្នុងគ្រប់ភារ កិច្ច និងមានសុខភាពល្អបរិបូរណ៍ កុំបីឃ្លៀងឃ្លាតឡើយ ៕

























































