សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លើកទឹកចិត្តគ្រូបង្រៀន បន្តបង្រៀន អប់រំ និងអភិវឌ្ឍសិស្សនិស្សិត (Video inside)
19-01-2026 04:47
(ភ្នំពេញ)៖ គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នារសៀលថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» និង «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ទ្រង់ថ្លែងនូវព្រះរាជបន្ទូលដ៏មានអត្ថន័យថា វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើការរួមបញ្ចូលគ្នារវាងចំណេះដឹង និងគុណធម៌ ដោយលើកស្ទួយតួនាទីគ្រូឧទ្ទេស និងអ្នកដឹកនាំអប់រំឱ្យក្លាយជាគំរូ សីលធម៌ វិន័យ និងឥរិយាបថថ្លៃថ្នូរ។ តាមរយៈការចែករំលែកបទពិសោធន៍ និងការតម្រង់ទិសពីវាគ្មិនជំនាញ សិក្ខាកាមត្រូវបានជំរុញឱ្យពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងបម្រើបុព្វហេតុព្រះពុទ្ធសាសនា និងជាតិមាតុភូមិ។
សម្តេចជាអម្ចាស់ ទ្រង់បានលើកទឹកចិត្តសូមឲ្យយកចំណេះដឹង ដែលទទួលបានទៅអនុវត្តស្របតាមគោលការណ៍ព្រះពុទ្ធសាសនា បរិយត្តិ បដិបត្តិ និងបដិវេធ ដើម្បីបង្កើតលទ្ធផលជាក់ស្តែងក្នុងការបង្រៀន ការអប់រំ និងការអភិវឌ្ឍសិស្សនិស្សិត។ សម្តេចជាអម្ចាស់ទ្រង់បានចាត់ទុកវត្តមានរបស់លោកបណ្ឌិត ជួន ជីវិន ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ក្នុងការជំរុញគុណភាពអប់រំ និងការធ្វើទំនើបកម្មប្រព័ន្ធគរុកោសល្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីបិទវគ្គនេះ ក៏មានការចូលរួមពីលោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួង ធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
ថ្លែងក្នុងអង្គពិធី លោក ងួន ស្តេចភក្តី បានថ្លែងនូវរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាល ដែលបានប្រព្រឹត្តឡើងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរួមមានគណៈគ្រប់គ្រង មន្ត្រីរាជការ ព្រះមន្ត្រីសង្ឃ សាស្រ្តាចារ្យ និងបុគ្គលិក ២១៦ អង្គ/នាក់។ លោកបានបន្តទៀតថា ចំពោះវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ និងបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ពីសំណាក់គ្រូឧទ្ទេស លើគោលការណ៍មុខងារសាធារណៈ គរុកោសល្យ វិធីសាស្ត្របង្រៀន ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀន ដែលជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងសីលធម៌វិជ្ជាជីវៈក្នុងសង្គម។
លោកបណ្ឌិត ជួន ជីវិន បានថ្លែងនូវការកោតសរសើរ និងលើកឡើងអំពីទឹកព្រះទ័យយកចិត្តទុកដាក់ និងការដឹកនាំដោយផ្ទាល់របស់សម្តេចព្រះសាកលវិទ្យាធិការ ព្រមទាំងការចូលរួមសហការយ៉ាងសកម្មពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រង មន្ត្រីរាជការ និងសាស្រ្តាចារ្យទាំងអស់ ដែលជាកត្តាដ៏សំខាន់ធ្វើឱ្យវិស័យអប់រំនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមទិសដៅកំណែទម្រង់អប់រំជាតិ។
ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមនឹងយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងក្នុងការងារ ដើម្បីបង្កើតលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ លោកក៏បានថ្វាយនូវសៀវភៅចំណងជើង «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» ភាគទី២ និងទី៣ ថ្វាយសម្តេចជាអម្ចាស់សម្រាប់តម្កល់ទុកក្នុងបណ្ណាល័យតេជោសន្តិភាព ដើម្បីជាប្រយោជន៍ដល់សមណនិស្សិត និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងបានជូនសៀវភៅដល់សិក្ខាកាមទាំងអស់ផងដែរ៕

























































