ក្រសួងព័ត៌មាន បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
19-01-2026 06:23
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី»។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរព័ត៌មានរាជធានីខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដែលពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល។
គិតរហូតមកដល់ពាក់កណ្តាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការផ្តល់ដំបូន្មានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា វិស័យព័ត៌មានបានក្លាយជាបង្គោលចរមួយក្នុងចំណោមបង្គោលចរសំខាន់ៗ របស់ជាតិ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះវិស័យព័ត៌មានបានបង្កើតភាពជាដៃគូ និងបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនង រវាងស្ថាប័នរដ្ឋ និងប្រជាជនបានកាន់តែជិតស្និទ្ធ និងផ្តល់ព័ត៌មានបានកាន់តែច្បាស់ពីភាពវិជ្ជមាន និងអវិជ្ជមាន ក្នុងសង្គមក្នុងគោលបំណងកសាងកម្ពុជា ជាសង្គមមួយស្អាតស្អំ និងមានភម្លាភាព ក្នុងខណៈដែលរាជរដ្ឋាភិបាល កំពុងជំរុញការកែទម្រង់លើគ្រប់វិស័យ។
ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្រសួងព័ត៌មាន បានជំរុញអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យបំពេញតួនាទីតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព និងដើម្បីទប់ស្កាត់ជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដែលតែងតែធ្វើឱ្យបាត់បង់តម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ស្ថាប័ន សារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាន។
នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមក វិស័យព័ត៌មានបានរួមចំណែកយ៉ាងសំខាន់ រួមមានទី១៖ ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យលើមូលដ្ឋាននីតិរដ្ឋ, ទី២៖ ការបញ្ជូនព័ត៌មានពិត និងលឿនរហ័ស, ទី៣៖ ការផ្តល់ព័ត៌មានបែបអប់រំ ចំណេះដឹង និងការកម្សាន្ត, ទី៤៖ ជាឆ្នាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥៖ ការចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានគិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូលក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាល។
វិស័យព័ត៌មាន ជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើតខ្លឹមសារ ចែកចាយព័ត៌មានអំពីសង្គមជាតិ និងបង្ហាញតថភាពសង្គម និងការអភិវឌ្ឍ។ ជាសមិទ្ធផលចម្បងៗដែលក្រសួងព័ត៌មានសម្រេចបាននៅក្នុងឆ្នាំ២០២៥ មានដូចខាងក្រោម៖ ការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវទិសដៅ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទទាំងអស់រួមទាំងមន្ទីរព័ត៌មានរាជធានី-ខេត្ត បានរៀបចំនូវផែនការសកម្មភាពរបស់ខ្លួនសម្រាប់សម្រួលដល់ការអនុវត្តជាក់ស្តែងតាមដំណាក់កាលនីមួយៗ ជាមួយនឹងសូចនាករ និងកាលបរិច្ឆេទជាក់លាក់ផងដែរ។
គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទទាំងអស់រួមទាំងមន្ទីរព័ត៌មានរាជធានី-ខេត្ត បានចាប់ផ្តើមរៀបចំផែនការសកម្មភាព ដោយសហការជាមួយលេខាធិការដ្ឋានរបស់គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន (គ.គ.ផ.) និងក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយរបស់ក្រសួងព័ត៌មាន (ក.យ.ផ.គ.ពម)។ ផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន អង្គភាពជំនាញ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត គឹជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការរៀបចំ កញ្ចប់ថវិកា ជាមូលដ្ឋាននៃការពន្យល់ បង្ហាញនូវសេចក្តីអះអាងពីតម្រូវការថវិកាសម្រាប់សកម្មភាពក្នុងការអនុវត្ត ផែនការ គោលនយោបាយ ក្នុងរាល់ការចចារ និងអនុម័តថវិកាទាំងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ។
គ.គ.ផ. និង ក.យ.ផ.គ.ពម បានដឹកនាំការរៀបចំផែនការសកម្មភាព ដោយធានាថា រាល់សកម្មភាពរបស់អគ្គនាយកដ្ឋាន អង្គភាពជំនាញ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល។ ទន្ទឹមនេះដែរ ផែនការសកម្មភាពនេះក៏ជាអាទិភាពសម្រាប់ការធ្វើកំណែទម្រង់ចរន្តការងារថ្នាក់នាយកដ្ឋាន និងការិយាល័យ និងធានាបាននូវប្រសិទ្ធភាពការងារបច្ចេកទេសគ្រប់កម្រិតជំនាញ និងកម្រិតនៃការដឹកនាំ។
សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មានកន្លងទៅនេះ ក្រសួងបានអនុវត្តនូវកញ្ចប់ថវិកាកម្មវិធីដោយឡែកក្នុងឆ្នាំ២០២៥ ក្នុងការអនុវត្តផែនការសកម្មភាពស្តីពីការកសាង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការបណ្តុះបណ្តាលដោយប្រើកញ្ចប់ថវិកាជាតិ និងមានដៃគូសហការរៀបចំវគ្គបណ្តុះបណ្តាលទាំងក្នុងស្រុក និងក្រៅស្រុក។
កម្ពុជា ក៏ដូចប្រទេសទាំងអស់នៅក្នុងសហគមន៍អាស៊ាន បានប្តេជ្ញាអនុវត្តផែនការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ស្ថានីយ៍លើដី អាណាឡូក ទៅជាឌីជីថល ចាប់ផ្តើមនៅឆ្នាំ២០១០ ហើយបញ្ចប់នៅឆ្នាំ២០២៣ ក៏ប៉ុន្តែ រហូតមកដល់ឆ្នាំ២០២៥នេះ នៅមានប្រទេសចំនួន៤ នៃសហគមន៍អាស៊ាន នៅមិនទាន់បានសម្រេចផែនការ នេះនៅឡើយទេ ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។
ការលើកកម្ពស់សន្តិសុខព័ត៌មាន (គ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ) ក្នុងគោលបំណងចូលរួមចំណែកធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងព័ត៌មាន បានយកចិត្តទុកដាក់លើការទទួលព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុង វិស័យសារព័ត៌មាន តាមរយៈការជំរុញ និងលើកកម្ពស់ការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងការតម្រង់ទិស ជាយុទ្ធសាស្ត្រលើការអនុវត្តការងាររបស់ក្រុមការងារ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត។
ក្នុងន័យនេះ ក្រសួងព័ត៌មានបានបង្កើត៖
*គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីត្រួតពិនិត្យការផ្សាយ និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនង សង្គមនៅព្រះរាជាណាចក្រកម្ពុជា និងដាក់ចេញនូវវិធានការតាមផ្លូវច្បាប់ប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាចបង្កមហន្តរាយ ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា
*គណៈកម្មការដឹកនាំប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៉ីនធឺណិត ដើម្បីត្រួតពិនិត្យ តាមដាន និងដឹកនាំការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិត របស់ក្រសួងព័ត៌មាន
*គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីតាមដាន ពិនិត្យ កែលម្អ លើកសំណើអំពីវិធានការ វិនិច្ឆ័យ វាយតម្លៃ និងលើកសរសើរ ចំពោះការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន
*គណៈកម្មការដឹកនាំ និងតម្រង់ទិសការអនុវត្តភារកិច្ចរបស់ក្រុមការងារសម្របសម្រួលកិច្ចការ ព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីដឹកនាំ និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត
*ក្រុមការងារចំពោះកិច្ចគ្រប់គ្រង និងតាមដានព័ត៌មាន ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យព័ត៌មាន ដែលបានចែករំលែក និងចែកចាយតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗ ដែលមានចរិតញុះញង់ គ្មានប្រភព និងគ្មានវិជ្ជាជីវៈ ដែលបង្កផលប៉ះពាល់ អវិជ្ជមានដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ ដែលអាចឈានដល់វិបត្តិសង្គមផ្សេងៗ
*ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីគាំទ្រការងារទំនាក់ទំនងសាធារណៈដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញចំណុះ ឱ្យរដ្ឋបាលរាជធានី-ខេត្ត
*ថ្មីៗនេះ ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ក្នុងអំឡុងនៃជម្លោះព្រំដែនកម្ពុជា និងថៃ ក្រសួងព័ត៌មាន ដើម្បីដឹកនាំ និងគ្រប់គ្រងសមរភូមិព័ត៌មាន និងសាធារណមតិក្នុងអំឡុងនៃជម្លោះព្រំដែនកម្ពុជា និងថៃ ដោយសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធលើការគ្រប់គ្រងខ្លឹមសារ និងស្ថានភាព នៃបណ្តាញព័ត៌មានជាតិ និងអន្តរជាតិ និងជំរុញការតាមដាន និងចាត់វិធានការចំពោះព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលមិនត្រឹមត្រូវ និងព័ត៌មានក្លែងក្លាយចំពោះគោលនយោបាយ និងទំនាក់ទំនងសាធារណៈ របស់កម្ពុជា។
ការជំរុញការទូតព័ត៌មាន យុទ្ធសាស្ត្រការទូត ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើត និងរក្សាទំនាក់ទំនងជាមួយ ប្រទេសជាដៃគូ ឬអង្គការអន្តរជាតិ ដើម្បីផលប្រយោជន៍ជាតិ។ ក្នុងន័យនេះក្រសួងព័ត៌មានបានកំណត់ទិសដៅការងារ៖
ការគ្រប់គ្រងសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីគាំទ្រនយោបាយការបរទេសក្នុងការលើកស្ទួយ និងការពារផលប្រយោជន៍ជាតិ នៅឆ្នាំ២០២៥នេះ ក្រសួងព័ត៌មាន បានរៀបចំរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មានកម្ពុជា ដើម្បីធ្វើការវាយតម្លៃពីសេរីភាពសារព័ត៌មានកម្ពុជា និងបញ្ជាក់ពីស្ថានភាពកម្ពុជា ផ្អែកលើមូលដ្ឋាន «មើលព្រៃ ទាំងមូល ប្រសើរជាងយកចិត្តទុកដាក់លើឈើមួយដើម»។ ទន្ទឹមនេះដែរ ក្រសួងបានផ្តល់កិច្ចសហការផ្សព្វផ្សាយនយោបាយការបរទេសកម្ពុជា ដែលបម្រើលើកស្ទួយ និងការពារផលប្រយោជន៍ជាតិ ដោយបង្កើនកម្រិតផ្សព្វផ្សាយតាមរយៈយន្តការការទូត។
ការបង្កើនការផ្សព្វផ្សាយពីកម្ពុជា ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សា ការពារឱ្យបានគត់មត់នូវសន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម ឆ្នាំ២០២៥នេះ ក្រសួងបានបង្កើន និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នជំនាញ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើ បណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដោយសហការផលិត និងផ្សព្វផ្សាយព្រឹត្តិការណ៍ដំណឹង កម្មវិធី និងព័ត៌មាន ទាំងអត្ថបទ រូបថត រូបភាព វីដេអូនានា ដើម្បីផ្សព្វផ្សាយបានកាន់តែទូលំទូលាយ។
ការរួមចំណែកជំរុញការងារការទូតព័ត៌មាន ដើម្បីគ្រប់គ្រងសាធារណៈមតិអន្តរជាតិ ក្រសួងព័ត៌មានបានជំរុញការផ្សព្វផ្សាយព័ត៌មានដែលផ្តោតដល់ការលើកស្ទួយសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍នឹងរួមចំណែកដ៏សំខាន់មួយក្នុងការទាក់ទាញទុនវិនិយោគពីបរទេស ធ្វើពិពិធកម្ម ប្រភពវិនិយោគ ដោយបង្កើតយន្តការគ្រប់គ្រងព័ត៌មាន និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនដោយផ្សព្វផ្សាយព័ត៌មានស្តីពីវប្បធម៌ និងផលិតផលវប្បធម៌ តាមបណ្តាញសង្គម។
ការពង្រឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងភាពជាដៃគូ ក្រសួងបានពិនិត្យឡើងវិញលើកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់ និងការអនុវត្តកំណត់ទូតនានា ដើម្បីពង្រឹង និងពង្រីកការតភ្ជាប់វិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់ និងសកល និងបានរៀបចំឡើងវិញនូវទិន្នន័យ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់ និងសកល។
ការកសាងសមត្ថភាពទំនាក់ទំនងការបរទេសក្នុងជំនាញវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៥នេះ ក្រសួងបានចាប់ផ្តើមបណ្តុះបណ្តាលទស្សនការទូត និងជំនាញចចារ សម្រាប់ការងារកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌបច្ចេកទេស និងវគ្គបណ្តុះបណ្តាលស្តីពីតួនាទីអ្នកសារព័ត៌មានក្នុងការងារការទូត កិច្ចសហប្រតិបត្តិការអន្តរជាតិ៕



























