ឯកអគ្គរាជទូតកម្ពុជា ទទួលជួបនិស្សិតខ្មែរជាប់ជ័យលាភី ក្នុងការប្រកួតភាសាជប៉ុនប្រចាំឆ្នាំលើកទី១៣
19-01-2026 14:45
(ភ្នំពេញ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានទទួលជួបនិស្សិតខ្មែរជាប់ជ័យលាភី ក្នុងការប្រកួតភាសាជប៉ុនប្រចាំឆ្នាំលើកទី១៣ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយមូលនិធិអន្តរជាតិ Kyoritsu នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងតូក្យូ។ ជំនួបនេះ ត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងលើកទឹកចិត្ត ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងជប៉ុន។
នៅក្នុងឱកាសនេះដែរ លោក ជុំ សុន្ទរី បានអបអរសាទរដល់និស្សិតជ័យលោភីចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ពួកគេ និងបានសរសើរការលះបង់ និងការតាំងចិត្តរបស់ពួកគេក្នុងការសិក្សាភាសាជប៉ុន។ លោកក៏បានសម្តែងការកោតសរសើរដោយស្មោះចំពោះមូលនិធិអន្តរជាតិ Kyoritsu ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអប់រំភាសាជប៉ុននៅកម្ពុជា ដោយកត់សម្គាល់ថា គំនិតផ្តួចផ្តើមបែបនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះទេពកោសល្យវ័យក្មេង ការកសាងទំនុកចិត្ត និងបើកឱកាសថ្មីៗសម្រាប់យុវជនកម្ពុជា។
លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏មានតម្លៃរវាងកម្ពុជា និងមូលនិធិ ព្រមទាំងបានលើកទឹកចិត្តដល់ការបន្តផ្សព្វផ្សាយ និងពង្រីកភាពជាដៃគូនេះបន្ថែមទៀត តាមរយៈកម្មវិធីអប់រំបន្ថែម និងការផ្លាស់ប្តូរ។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា និស្សិតខ្មែរជាប់ជ័យលោភី ជាតំណាងឱ្យយុវជនជំនាន់ក្រោយដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន និងបានលើកទឹកចិត្តពួកគេឱ្យបន្តសិក្សា ស្វែងយល់ និងប្រើប្រាស់ឱកាសសម្រាប់ការរៀនសូត្រ និងការផ្លាស់ប្តូរគ្នាឲ្យបានពេញលេញ។ លោកបានបង្ហាញពីក្តីសង្ឃឹមថា ពួកគេជាច្រើននឹងដើរតួនាទីយ៉ាងសំខាន់នៅពេលអនាគតក្នុងការពង្រឹងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ជាថ្មីម្ដងទៀត លោកឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ចំពោះគំនិតផ្តួចផ្តើមដែលលើកកម្ពស់ការអប់រំភាសា និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងកម្ពុជា-ជប៉ុន៕




