ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករា ពលរដ្ឋភៀសសឹកជាង៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង ១៣ម៉ឺននាក់ (Video inside)
17-01-2026 07:15
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ១,៦៦១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានប្រមាណ ៥សែន១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៣៣,០៧០នាក់ ក្នុងនោះស្រ្តីមាន៦៩,៨៣២នាក់ និង កុមារ៤៣,៤៦០នាក់។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។
ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕








