ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ទទួលភ្នាក់ងារ និងសកម្មជនគាំទ្របក្សភ្លើងទៀន៤៥រូប នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយដើរចេញពីបក្ស និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

19-01-2026 15:21

(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាល បានដឹកនាំក្រុមការងារចលនាកសាង សមាជិកបក្ស មូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមការណែនាំពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត បានចុះទទួលបេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្ស ភ្លើងទៀនចំនួន៤៥រូប មកពីឃុំយុទ្ធសាមគ្គី ក្នុងស្រុកសាមគ្គីមុនីជ័យ ដែលបានសម្រេចលាឈប់ពីគណបក្សរបស់ខ្លួន និងសម្រេចស្ម័គ្រចិត្តគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ដោយយល់ឃើញយ៉ាងច្បាស់នៃតម្លៃសន្តិភាព, ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនទាំង៤៥រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានខេត្តកំពង់ស្ពឺ ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។

ពួកគាត់លែងជឿលើពួកទណ្ឌិតក្បត់ជាតិ ដែលរត់ចោលស្រុកមានគំនិតទុច្ចរិត ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរ និងខ្មែរ បំផ្លាញសុខសន្តិភាព ទើបសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរព គាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។

ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។
ពួកគាត់បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណដ៏ធំធេងខ្ពស់បំផុតនូវវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»

ការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាព នយោបាយទៅមុខបន្តទៀត។ ពេលនេះ លោក លោកស្រី បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានអបអរសាទរចំពោះវត្តមានបងប្អូនដែលបានចូលរួមថ្ងៃនេះ និងបាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធាន គណបក្សជូន ក្រុមគ្រួសារលោក លោកស្រី ដែលបានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួនមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពជាក្នុងឱកាសនេះ។ ការសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។

លោក ទី ប៊ុនថេង បានបន្ថែមថា «ការប្រកាសចុះទទួលសមាជិកគណបក្សប្រជាជនកម្ពុជា នាពេលនេះសរុបចំនួន៣៨រូប ដែលជាសមាជិក សុទ្ធសឹងតែជាសកម្មជនដែលធ្លាប់មាននិន្នាការនយោបាយផ្សេងៗកន្លងមក ពិសេសជាអតីតគណបក្សភ្លើងទៀន គណ​បក្ស​សង្គ្រោះជាតិ និងគណបក្សដទៃទៀត»

លោក ​ទី ប៊ុនថេង ក៏បានថ្លែងអំណរគុណសមាជិកសមាជិកាទាំងអស់ ដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញអំពីឆន្ទៈគោរពស្រឡាញ់សន្តិភាព ចូលរួមថែរក្សា ស្ថិរភាពនយោបាយ និងបន្តការអភិវឌ្ឍ ព្រមទាំងបដិសេធ គំនិតនយោបាយ ជ្រុលនិយម ដែលនាំប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចលសារជាថ្មីម្តងទៀត។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពី របបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ដូច្នេះ សូមបងប្អូនមានការជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ៕