រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានរដ្ឋ-ឯកជន និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំព័ត៌មានពិតប្រាប់ដល់ពិភពលោកថា កម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ

19-01-2026 08:37

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតជូនសាធារណជនជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតប្រាប់ដល់ពិភពលោកថា ប្រទេសកម្ពុជា ជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ទាំងបំពាន និងខុសច្បាប់អន្តរជាតិ។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះការឈ្លានពានពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា គឺបានបង្ហាញឱ្យពិភពលោក បានយល់យ៉ាងច្បាស់ថា ថៃ បានបំពាន និងឈ្លានពានកម្ពុជា។ កម្ពុជា គឺជាជនរងគ្រោះនៃរំលោភបំពានពីសំណាក់យោធាថៃ។ ទម្រាំនឹងយកបានពាក្យនេះ ហើយទម្រាំនឹងពិភពលោក ទទួលស្គាល់ថា កម្ពុជា ជាជនរងគ្រោះ គឺរាជរដ្ឋាភិបាល បានអត់ធ្មត់ ពោលគឺអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា សង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា មានការគ្រោងទុកជាមុន មានលក្ខណៈជាប្រព័ន្ធ និងបានកំណត់គោលដៅក្នុងការវាយប្រហារដោយប្រើប្រាស់អាវុធមិនសមាមាត្រ និងប្រើលេសដដែលៗចោទបំពានមកលើកម្ពុជា។ ថៃបានបង្កើតសង្គ្រាមបីក្នុងពេលតែមួយគឺ៖ សង្គ្រាមយោធា សង្គ្រាមការទូត និងផ្លូវច្បាប់ និងសង្គ្រាមព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យប្រជាជនរបស់ខ្លួន និងអន្តរជាតិយល់ថាខ្លួនជាជនរងគ្រោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ លែងខ្វល់អំពីក្រមសីលធម៌វិជ្ជាជីវៈ និងប្រើយុទ្ធសាស្ត Manipulative Information Warfare ដើម្បីបំផ្លើស បំភ្ល និងបំភ័ន្តនូវទង្វើឈ្លានពានរបស់ខ្លួន។ ទោះបីយោធាថៃខិតខំបំភ័ន្តសាធារណៈមតិយ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មានអន្តរជាតិនានា និងសារព័ត៌មានធំៗជាច្រើនទៀត បានចុះយកព័ត៌មាននៅតាមបណ្ដោយព្រំដែន ក្រោមការសម្រួបសម្រួលរបស់ក្រសួងព័ត៌មាន បានផ្សព្វផ្សាយនូវព័ត៌មាន ពិតដែលបានបង្ហាញថាកម្ពុជា ជាប្រទេសដែលត្រូវបានថៃឈ្លានពាន»

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់មន្ទីរព័ត៌មាន ព្រមទាំងអាជ្ញាធរខេត្តដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ ដែលបានព្យាយាមសម្របសម្រួលនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលដល់ទីតាំងរងការបំផ្លិចបំផ្លាញដោយយោធាថៃ ដើម្បីអនុញ្ញាតដល់អ្នកសារព័ត៌មាន ប្រមូលព័ត៌មានពិតជាក់ស្តែង សម្រាប់ផ្សព្វផ្សាយដល់ដៃ មនុស្សទូទាំងពិភពលោកបានដឹងពីការរងគ្រោះរបស់ប្រជាជនកម្ពុជា ដែលកើតឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការចុះមកផ្ទាល់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានសង្កេតការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ ជុំវិញជនភៀសសឹក ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារ៉ាមដោយយោធាថៃ និងការដាក់ទូកុងតឺន័រ រាយបន្លាលួសរបស់យោធាថៃ ក្រោយបទឈប់បាញ់។ ដោយមានអត្ថបទជាច្រើនត្រូវបានសរសេរ និងផ្សព្វផ្សាយទាំងរូបភាព និងរូបថតដែលផ្តិតចេញពីតំបន់រងគ្រោះ គឺបានផ្តល់នូវការពិត នៃការរងគ្រោះរបស់កម្ពុជា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា បញ្ហាព្រំដែននេះជាបញ្ហាអូសបន្លាយរយៈពេលវែង ដែលទាមទារឱ្យយើងត្រូវពង្រឹងភាពធន់ រៀនរស់ និងសម្របខ្លួនក្នុងបញ្ហា និងខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ យើងមិនត្រូវបណ្ដែតបណ្ដោយឱ្យខ្លួនយើងទោរទន់ និងបាក់ទឹកចិត្តទៅតាមសង្គ្រាមបានឡើយ។ យើងត្រូវតែរឹងមាំទាំងស្មារតី ទាំងសមត្ថភាព និងធនធាន ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យកាន់តែរុងរឿងនាថ្ងៃអនាគត៕