ពលរដ្ឋរស់នៅក្នុងឃុំដារ ស្រុកកំពង់លែង សាទរដោយទទួលបានផ្លូវបេតុង១ខ្សែ នៅក្នុងមូលដ្ឋាន និងផ្លូវក្រាលគ្រួសក្រហមមួយចំនួនទៀត សម្រាប់សម្រួលដល់ការធ្វើដំណើរ
19-01-2026 15:42
(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ការបង្ហាញរីករាយ និងសាទរដោយទទួលបានផ្លូវបេតុង ១ខ្សែដែលត្រូវធ្វើបន្តពីផ្លូវបេតុងចាស់ប្រវែងជាង ៣០០ម៉ែត្រ នៅក្នុងមូលដ្ឋាន និងគម្រោងអភិវឌ្ឍន៍ផ្លូវក្រាលគ្រប់ក្រអមមួយចំនួនទៀត របស់អាជ្ញាធរដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំដារ ស្រុកកំពង់លែង កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រជុំក្រុមការងារចុះពិនិត្យផ្លូវក្រាលគ្រួសក្រហម ១ខ្សែ នៅក្នុងភូមិប្រាសាទ ឃុំដារ ក្នុងស្រុកកំពង់លែង ដើម្បីធ្វើការអភិវឌ្ឍចាក់ជាបេតុងប្រវែង ៣៩០ម៉ែត្រទៀតបន្តពីផ្លូវបេតុងចាស់ និងត្រៀមចាក់ផ្លូវគ្រួសក្រហមមួយចំនួនទៀតនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បានជួបសំណេះសំណាល និងផ្ដល់ភេសជ្ជៈមួយចំនួនប្រគេនដល់ព្រះសង្ឃ ដូនជី តាជី ក្នុងវត្តសិរីសោភ័ណ្ឌ ហៅវត្តប្រាសាទ និងបានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមដងផ្លូវក្នុងភូមិប្រាសាទ និងតាមបណ្ដាភូមិមួយចំនួនទៀតក្នុងឃុំដារ ស្រុកកំពង់លែង ប្រកបដោយមនោសញ្ចេតនា និងភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្នុងនោះដែរ ថ្នាក់ដឹកនាំ និងក្រុមការងារក៏បានទទួលយកនូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពផងដែរ៕













