ពន្ធនាគារខេត្តបន្ទាយមានជ័យ ប្រកាសបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត១១នាក់ តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ
19-01-2026 16:03
(បន្ទាយមានជ័យ)៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ចំនួន១១នាក់ (ស្ដ្រី២នាក់) តាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ពិធីប្រកាសលើកលែងទោសនេះ ធ្វើឡើងក្រោមអធិបតីភាពលោក យូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ហេង ម៉េង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោក អ៊ុង ស៊ីផាន បានឲ្យដឹងថា ស្ថានភាពក្នុងពន្ធនាគារបច្ចុប្បន្ន មានជនជាប់ឃុំសរុបចំនួន២,៨៤៥នាក់ ស្ត្រី២៦៧នាក់ ក្នុងនោះ ជនត្រូវចោទមានចំនួន៤៧០នាក់ ស្រី៤០នាក់, ជនជាប់ចោទមានចំនួន៨៩១នាក់ ស្រី១២០នាក់, ពិរុទ្ធជនចំនួន១,១៨០នាក់ ស្រី៨៥នាក់, ទណ្ឌិតមានចំនួន៣០៤នាក់ ស្រី២២នាក់, ជនបរទេសមានចំនួន៥៤០នាក់ ស្រី១៣៤នាក់, ជនពិការមានចំនួន១៦នាក់ ចាស់ជរាអាយុ៦០ឆ្នាំឡើង មានចំនួន៤១នាក់ ស្រី៨នាក់។
លោកបានបន្ដថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនូវតួនាទីភារកិច្ចរបស់មានដូចជាការអប់រំកែប្រែ ស្តារនីតិសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ការងារកសិកម្ម ការអភិវឌ្ឍ ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គភាព មានអគារប៉ុស្តិ៍សុខភាព១ខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ និងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។
ថ្លែងក្នុងឱកាសនោះ លោក ឃូ ពៅ បានធ្វើការទទួលស្គាល់ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្ត គុណសម្បត្តិ នៃរយៈពេលការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃស្នើសុំបន្ធូរបន្ថយទោស ពី៣ខែផងដែរ។
លោក ឃូ ពៅ បានផ្តាំផ្ញើដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសឲ្យ ធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្តបទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕





















