អភិបាលស្រុកស្ទោង អំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន

19-01-2026 17:15

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវសប្បុរសជន សូមបន្តជួយឧត្តមគាំទ្រដល់រដ្ឋបាលស្រុក ដើម្បីទ្រទ្រង់វីរៈកងទ័ពជួបមុខ ជនភៀសសឹក និងគ្រួសារងាយរងហានិភ័យនៅក្នុងមូលដ្ឋាន។

លោក សាយ គឹមឡម បានថ្លែងក្នុងពេលទទួលអំណោយពីសប្បុរសជនថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមខ្មែរតែមួយ ខ្មែរសមរភូមិក្រោយ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសខិតខំធ្វើអំពើល្អនិងប្រកៀកស្មាជាមួយវីរៈកងទ័ពជួរមុខគ្រប់កាលៈទេសៈ ដើម្បីលើកទឹកចិត្តពួកគាត់ ដែលបានពលី និងបូជាសាច់ស្រស់ ឈាមស្រស់ យកទ្រូងធ្វើជាខែលការពារបូរណៈភាពទឹកដី ការការពារជាតិមាតុភូមិពីការឈ្លានពានរបស់សៀម និងសត្រូវឈ្លានពាននានាដែលប៉ុនប៉ងរំលោភបំពាននិងឈ្លានពានទឹកដីអច្ឆរិយៈនៃយើង។

លោកបានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋានភូមិឃុំនិងគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពគ្រួសារងាយរងហានិភ័យ ជនភាសិតនិងគ្រួសារវីរៈកងទ័ពនៅក្នុងមូលដ្ឋានរបស់ខ្លួន ពុំទាន់បានវិល ត្រឡប់ទៅកាន់គេហដ្ឋានវិញ ដើម្បីសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្ត គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកា ឲ្យអស់ពីលទ្ធភាពនិងតាមដែលអាចធ្វើទៅបានឬរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរស្រុកស្ទោងនិងក្រុមការងារចុះមូលដ្ឋាន។

សូមបញ្ជាក់ថា ស្រុកស្ទោង ទទួលបានជនភៀសសឹកនិងគ្រួសារវីរៈកងទ័ពប្រមាណជិត១,០០០គ្រួសារ ហើយគ្រួសារខ្លះក៏បានវិលត្រឡប់ទៅវិញ ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរសុខស្ទោង សប្បុរសជននានា បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជារឿយៗកន្លងមកផងដែរ ហើយអំណោយដែលទទួលបាននៅក្នុងឱកាសនេះរួមមានអង្ករចំនួន ៣តោន ទឹកសុទ្ធចំនួន៥០០កេស គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់សំលៀកបំពាក់ភេសជ្ជៈចំនួនមួយកុងទីន័រពីសប្បុរសជន៕