សង្គមស៊ីវិលកម្ពុជា–ចិន បន្តស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន៖ បើកការដ្ឋានផ្លូវបេតុងតភ្ជាប់ ភូមិតានន–ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ
19-01-2026 17:58
(ស្រុកបាទី-ខេត្តតាកែវ)៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅភូមិសាស្រ្តឃុំដូង ស្រុកបាទី បានរៀបចំពិធីបើកការដ្ឋាន សាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង៦០៥ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីភូមិតាននទៅកាន់ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមជំនួយពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមានការអញ្ជើញចូលរួម ពីអភិបាលនៃគណៈអភិបាលស្រុកបាទី មេឃុំដូងនិងក្រុមប្រឹក្សាឃុំដូង មេភូមិទាំង៨របស់ឃុំដូង ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានឃុំដូង ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១០០ រូប។
តំណាងប្រជាជនរស់នៅឃុំដូង លោក ណុប ទូច មេឃុំដូង បានថ្លែងដោយក្តីរីករាយឥតឧបមា និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានសហការ យ៉ាងជិតស្និទ្ធិជាមួយCFPDក្នុងការជ្រើសរើសឃុំដូងជាទីតាំងអនុវត្តគម្រោងនៃការកាត់បន្ថយភាពក្រីក្រ ហើយបានរួមចំណែក ជាប់ជានិច្ចជាមួយរដ្ឋបាលឃុំដូងក្នុងការលើកកម្ពស់ជីវភាពកាន់តែប្រសើដល់ប្រជាជនឃុំដូង។ លោកមេឃុំបានបន្ថែមថា ប្រជាពលរដ្ឋក្នុងឃុំដូងមានសំណាងខ្ពស់ណាស់ ហើយទាក់ទងនឹងប្រជាជនភូមិតាននកាន់តែ មានសំណាងដោយភូមិតានន ត្រូវបានប្រសិទ្ធនាមថាជាភូមិគំរូមិត្តភាពកម្ពុជា-ចិន ហើយវឌ្ឍនភាពនៅក្នុងភូមិតាននបានផ្តល់ កាលានុវត្តភាពនៃការអភិវឌ្ឍ ដល់ភូមិដទៃទៀត ជាក់ស្តែងការសាងសង់ផ្លូវបេតុងមួយខ្សែនេះ បានធ្វើការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចរបស់ភូមិតានន ដល់ភូមិស្វាយខម និងផ្តល់នូវភាពងាយស្រួល និងបង្កើនលក្ខខណ្ឌកាន់តែប្រសើរដល់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់ឃុំដូង។
ក្នុងនាមប្រជាជនទាំងអស់រស់នៅស្រុកបាទី លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានមានប្រសាសន៍ថា ស្រុកបាទីកំពុងទទួលបានការអភិវឌ្ឍយ៉ាងជាបន្តបន្ទាប់ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី ដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធាន ហើយលោកអភិបាលស្រុកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងប្រពៃរវាង CFPD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានយកចិត្តទុកដាក់លើតម្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកក៏បានយកឱកាសនេះអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះឱ្យបានយូរអង្វែង ព្រោះផ្លូវបេតុងមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងទីផ្សារ ព្រមទាំងជួយកាត់បន្ថយការលំបាកក្នុងរដូវវស្សា។
ក្នុងនាមម្ចាស់ជំនួយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់ផ្លូវបេតុងខ្សែនេះបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍជនបទ ហើយយគម្រោងនេះជាសមិទ្ធផលថ្មីបន្ថែមទៀត ប្រកបដោយអត្ថន័យដែលបង្ហាញយ៉ាងច្បាស់ពី កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង CFPD ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវបេតុងនេះមិនត្រឹមតែជាផ្លូវធ្វើដំណើរទេ ប៉ុន្តែជាផ្លូវនៃការអភិវឌ្ឍ ដែលនាំឱ្យមានការតភ្ជាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ រវាងសហគមន៍ក្នុងតំបន់។
គួរបញ្ជាក់ថា សមិទ្ធផលទាំងអស់នៅក្នុងភូមិតាននរួមមានផ្លូវបេតុងខ្វាត់ខ្វែង មានអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មានស្ថានីយទឹកស្អាត មានអគាពហុបំណង មានអណ្តូងទឹក មានបៃតងភាព និងការអភិវឌ្ឍលើគ្រប់ទិដ្ឋភាពបានប្រសូតចេញពី កិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង CFPD ហើយការបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រ នាព្រឹកនេះដែលត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ ក្នុងពេលឆាប់ៗខាងមុខនឹងក្លាយជា ហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការចូលដំណើរការសេវាសង្គម និងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ច ក្នុងសហគមន៍ឃុំដូងទាំងមូលឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន
















