Fresh Exclusive: អំណាច ឬ យុត្តិធម៌? មេរៀនពីអំពើបំពានរបស់ថៃលើកម្ពុជា

19-01-2026 11:10

(ភ្នំពេញ)៖ ក្នុងពិភពលោកសម័យទំនើប មេដឹកនាំខ្លះបាននិយាយដោយមិនលាក់លៀមថា «ទាល់តែប្រទេសអ្នកខ្លាំង ទើបប្រទេសអ្នកមិនក្លាយជាប្រទេសរងគ្រោះ» ហើយ «ទាល់តែអ្នកខ្លាំង ទើបអ្នកមានយុត្តិធម៌»។ ពាក្យ «ខ្លាំង» នៅទីនេះ មិនមែនមានន័យថា គោរពច្បាប់ ឬគោរពសីលធម៌ទេ ប៉ុន្តែមានន័យថា មានអាវុធបំផ្លាញខ្លាំង អាចកំញើញសត្រូវ និងអាចបំពានច្បាប់ដោយមិនរងទោស។

សង្គ្រាម និងជម្លោះរវាងកម្ពុជា និងថៃ ក្នុងពេលបច្ចុប្បន្ន កំពុងក្លាយជាមេរៀនជាក់ស្តែង ដែលបង្ខំឱ្យកម្ពុជា ពិនិត្យឡើងវិញនូវទ្រឹស្តីនេះ មិនមែនក្នុងថ្នាក់សិក្សាទ្រឹស្តីទេ ប៉ុន្តែក្នុងឈាមទឹកភ្នែក និងទឹកដីបាត់បង់ដ៏ពិតប្រាកដ។

កម្ពុជាមិនមែនជាប្រទេសដែលចូលចិត្តឈ្លោះ ឬប្រើកម្លាំងទេ។ កម្ពុជា គោរពច្បាប់អន្តរជាតិ គោរពសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្រកាន់ខ្ជាប់ការទូតជាយុទ្ធសាស្ត្រចម្បង។ ប៉ុន្តែការពិតឈឺចាប់គឺថា ទោះបីកម្ពុជាមិនប្រើកម្លាំងក៏នៅតែត្រូវរងអំពើឈ្លានពាន ការកាន់កាប់ទឹកដី និងការបំផ្លាញប្រាសាទបុរាណអាយុកាលពាន់ឆ្នាំ ដូចជាប្រាសាទព្រះវិហារ ដែលជាទ្រព្យសម្បត្តិវប្បធម៌មនុស្សជាតិជាដើម។

នេះបង្ហាញយ៉ាងច្បាស់ថា ទ្រឹស្តី «បើអ្នកមិនខ្លាំង អ្នកនឹងក្លាយជាជនរងគ្រោះ» មានមូលដ្ឋានមួយក្នុងពិភពលោកពិតមែន។ ប៉ុន្តែមេរៀនបន្ទាប់ ដែលសំខាន់ជាងគេ គឺថាការក្លាយជាប្រទេសខ្លាំងក្នុងផ្លូវអាវុធ មិនមែនជាចម្លើយសម្រាប់រដ្ឋតូចមួយដូចជាកម្ពុជាឡើយ។

* អាវុធបង្កើតមកដើម្បីបំផ្លាញ មិនមែនការពារអំណាចនិងមិនមែនការពារយុត្តិធម៌

ប្រទេសដែលមានអាវុធប្រល័យលោក មិនមែនជាប្រទេសដែលមិនធ្លាប់បំពានច្បាប់អន្តរជាតិទេ។ ពួកគេគ្រាន់តែជាប្រទេសដែលអាចបំពានអ្នកដទៃដោយមិនរងទុក្ខទោស។ នេះមិនមែនជាយុត្តិធម៌ទេ ប៉ុន្តែជាអយុត្តិធម៌ដែលការពារដោយនិទណ្ឌភាព។ ក្នុងបរិបទនេះ អំណាចយោធា អាចបង្កការភ័យខ្លាចបានក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចបង្កភាពត្រឹមត្រូវ ឬ ការយល់ព្រមជាសកលបានឡើយ។ ផ្ទុយទៅវិញ វាធ្វើឱ្យច្បាប់ត្រូវបានដាក់ក្រោមអំណាច និងធ្វើឱ្យជម្លោះក្លាយជារឿងធម្មតា។

បើកម្ពុជា ជ្រើសយកផ្លូវនោះ នោះមានន័យថា កម្ពុជាកំពុងបោះបង់មធ្យោបាយការពារសិទ្ធិតែមួយ ដែលរដ្ឋតូច អាចប្រើដោយសុវត្ថិភាព គឺច្បាប់អន្តរជាតិ និងសីលធម៌សកល។ វានឹងធ្វើឱ្យកម្ពុជា បាត់ទីតាំងសីលធម៌ និងក្លាយជាភាគីមួយក្នុងជម្លោះ មិនមែនជាជនរងគ្រោះដែលពិភពលោកអាចគាំទ្របានឡើយ។

* ប្រវត្តិសាស្ត្រកម្ពុជាដោយផ្ទាល់បដិសេធទ្រឹស្តី «ខ្លាំងទើបឈ្នះ»

ឆ្នាំ១៩៥៤ ថៃបានវាយយកប្រាសាទព្រះវិហារ គឺមួយឆ្នាំបន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យរបស់ខ្លួនពីប្រទេសបារាំង។ នៅពេលនោះ កម្ពុជា មិនខ្លាំងខាងផ្លូវយោធា និងមិនមានអាវុធបំផ្លាញខ្លាំងក្លាឡើយ ហើយក៏មិនមានសមត្ថភាពប្រកួតប្រជែងអំណាចជាមួយប្រទេសជិតខាងបានដែរ។ ប៉ុន្តែកម្ពុជាមានអ្វីមួយដែលសំខាន់ និងយូរអង្វែងជាងអាវុធគឺ ភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ និងការអត់ធ្មត់ផ្លូវច្បាប់។

៨ឆ្នាំក្រោយមក នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានកាត់សេចក្តីប្រគល់ប្រាសាទព្រះវិហារឱ្យកម្ពុជាវិញ ដោយផ្អែកលើភស្តុតាងច្បាប់ និងគោលការណ៍អន្តរជាតិ មិនមែនដោយការប្រើកម្លាំងយោធា ឬសម្ពាធនយោបាយឡើយ។ ជ័យជម្នះនោះ មិនមែនជាជ័យជម្នះរបស់អាវុធ ឬអំណាចបង្ខំទេ ប៉ុន្តែជាជ័យជម្នះរបស់ច្បាប់ និងភាពត្រឹមត្រូវ។

សង្គ្រាម និងជម្លោះសព្វថ្ងៃ កំពុងបញ្ជាក់មេរៀនដដែលម្តងហើយម្តងទៀតថា អំណាចអាចឈ្នះនៅថ្ងៃនេះ និងបង្កស្ថានភាពជាក់ស្តែងបានលើដីក៏ដោយ ប៉ុន្តែច្បាប់គឺជាអ្នកឈ្នះចុងក្រោយ គឺឈ្នះជាប្រវត្តិសាស្ត្រ។ សម្រាប់រដ្ឋតូចមួយដូចជាកម្ពុជា មេរៀននេះមិនមែនជាទ្រឹស្តីអរូបីទេ ប៉ុន្តែជាផ្លូវដែលបានបញ្ជាក់រួចមកហើយថា ច្បាប់អាចនាំយុត្តិធម៌វិលត្រឡប់មកវិញទោះបីត្រូវរង់ចាំយូរបន្តិចក៏ដោយ។

*កំណត់ការទូតរបស់កម្ពុជា៖ ការជ្រើសរើសដ៏លំបាក ប៉ុន្តែត្រឹមត្រូវ

នៅក្នុងបរិបទនេះ សេចក្តីប្រកាសព័ត៌មាន និងឯកសារកំណត់ការទូតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ មិនមែនជាសម្តីដ៏ទន់ខ្សោយឬការឆ្លើយតបតាមអារម្មណ៍ឡើយ។ ផ្ទុយទៅវិញវាជាការប្រតិបត្តិការផ្លូវច្បាប់ និងការទូត ដែលមានគោលបំណងច្បាស់លាស់ក្នុងការកត់ត្រា និងបញ្ជាក់អំពើឈ្លានពាន ការបំពានលើសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការបំផ្លាញទ្រព្យសម្បត្តិវប្បធម៌ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។ ការកត់ត្រាទាំងនេះ មានន័យថា អំពើបំពាននឹង មិនអាចក្លាយជារឿងធម្មតា និងមិនអាចត្រូវបានលុបចោលដោយពេលវេលា ឬការប្រែប្រួលនយោបាយឡើយ។

ជាលទ្ធផល ឯកសារកំណត់ការទូតរបស់កម្ពុជាទាំងនេះ កំពុងបំពេញតួនាទីស្នូលចំនួន៣ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អនាគតជាតិ៖
១. រក្សាសិទ្ធិច្បាប់របស់កម្ពុជា មិនឲ្យបាត់បង់ ដោយការប្រកាសជំហរជាបន្តបន្ទាប់ និងការកត់ត្រាផ្លូវការនេះ កម្ពុជា កំពុងបិទផ្លូវមិនឲ្យការស្ងៀមស្ងាត់ ឬការពន្យារពេលត្រូវបានបកស្រាយថា ជាការយល់ព្រមលើអំពើបំពាន។
២. បង្កើតសំណុំរឿងសម្រាប់អនាគត ឯកសារទាំងនេះ ជាគ្រឹះសំខាន់សម្រាប់ការប្រើប្រាស់យន្តការអន្តរជាតិ នាពេលក្រោយ មិនថាតាមតុលាការ ឬតាមវេទិកាពហុភាគីឡើយ ដោយធានាថា ការពិត និងភស្តុតាងត្រូវបានកត់សំគាល់រួចជាស្រេច។
៣. រក្សាមុខមាត់សីលធម៌របស់រដ្ឋរងគ្រោះ តាមរយៈការប្រកាន់ខ្ជាប់ច្បាប់ និងការទូត។ កម្ពុជា កំពុងរក្សាទីតាំងសីលធម៌ខ្ពស់ ដែលអនុញ្ញាតឱ្យសហគមន៍អន្តរជាតិ អាចយល់ព្រម គាំទ្រ និងបន្តការពារជំហររបស់កម្ពុជា ដោយគ្មានភាពសង្ស័យអ្វីឡើយ។
ជាសរុប កំណត់ការទូតរបស់កម្ពុជា មិនមែនជាជម្រើសងាយស្រួលទេ ប៉ុន្តែជាជម្រើសដែលត្រឹមត្រូវបំផុត សម្រាប់រដ្ឋតូចមួយ ដែលយល់ច្បាស់ថា ច្បាប់និងភាពត្រឹមត្រូវ គឺជាគ្រឹះតែមួយដែលអាចការពារជាតិបានយូរអង្វែង។

* កម្ពុជានឹងមិនជ្រើសយកផ្លូវ «ខ្លាំងដោយអាវុធ» ទេ

ការពិតមួយដែលមិនអាចបដិសេធបាន គឺថា ក្នុងពិភពលោកសព្វថ្ងៃយុត្តិធម៌ពិតប្រាកដ មិនតែងតែត្រូវបានប្រគល់ឱ្យប្រទេសទន់ខ្សោយភ្លាមៗនោះទេ។ នេះជាការពិតដ៏ឈឺចាប់ ដែលសង្គ្រាម និងជម្លោះរវាងកម្ពុជា-ថៃ បានបង្ហាញយ៉ាងច្បាស់តាមរយៈការបំពាន ការបាត់បង់ និងការស្ងៀមស្ងាត់របស់ប្រព័ន្ធអន្តរជាតិមួយចំនួន។

ប៉ុន្តែការពិតមួយទៀត ដែលសំខាន់ និងជាចំណុចសម្រេចចិត្តសម្រាប់វាសនាជាតិ គឺថា កម្ពុជានឹងមិនជ្រើសយកផ្លូវ «ខ្លាំងដោយអាវុធ» ដើម្បីស្វែងរកយុត្តិធម៌ឡើយ។ ផ្លូវនោះ អាចបង្កការភ័យខ្លាចក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចបង្កភាពត្រឹមត្រូវ ឬការគាំទ្រយូរអង្វែងបានទេ ហើយអាចនាំឱ្យជាតិខ្លួនឯងរងការបំផ្លាញមុនពេលយុត្តិធម៌មានឱកាសមកដល់ផង។

សម្រាប់កម្ពុជា ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ការទូត និងសីលធម៌សកល មិនមែនជាជម្រើសងាយស្រួលទេ ប៉ុន្តែជាជម្រើសតែមួយដែលអាចរក្សាជាតិឱ្យរស់រានមានអនាគត និងរក្សាសិទ្ធិឱ្យប្រវត្តិសាស្ត្រ វិលត្រឡប់មកសម្រេចយុត្តិធម៌ នៅពេលវេលាដែលសមស្រប។

សេចក្តីសន្និដ្ឋាន

សង្គ្រាមកម្ពុជា-ថៃ មិនមែនត្រឹមតែជាជម្លោះព្រំដែនទេ ប៉ុន្តែជាការប្រឡងដ៏ធំមួយ រវាងទ្រឹស្តីអំណាច និងទ្រឹស្តីច្បាប់។ វាបង្ហាញថា ពិភពលោកហាក់ដូចជាមិនយុត្តិធម៌ដូចដែលអ្វីកំពុង កើតមានចំពោះកម្ពុជាឡើយ ប៉ុន្តែវាក៏បង្ហាញដែរថា រដ្ឋតូចដូចជាកម្ពុជាជាដើម នឹងមិនអាចរស់បានឡើយ ប្រសិនបើបោះបង់ច្បាប់ និងភាពត្រឹមត្រូវ។

សម្រាប់កម្ពុជា ការជ្រើសរើសផ្លូវច្បាប់ និងការទូត ដូចដែលបានបង្ហាញយ៉ាងច្បាស់ក្នុងឯកសារកំណត់ការទូតរបស់ក្រសួងការបរទេសកន្លងមក មិនមែនជាសញ្ញានៃភាពខ្សោយឡើយ ប៉ុន្តែជាការប្រកាសជំហរដ៏ច្បាស់ថា កម្ពុជា មិនទទួលស្គាល់ពិភពលោក ដែលយកអាវុធ មកជំនួសការប្រើប្រាស់ច្បាប់ឡើយ។ យុត្តិធម៌ អាចយឺត អាចត្រូវបំពាន ប៉ុន្តែវានៅតែមានតម្លៃ និងនៅមានន័យមិនរលាយសាបសូន្យឡើយ ដរាបណាកម្ពុជាខ្លួនឯង មិនបោះបង់វាចោល និងនៅតែរក្សាជំហរនេះជាគ្រឹះសម្រាប់អនាគតជាតិ៕