រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន យកចិត្តទុកដាក់លើសុវត្ថិភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីធានាសន្តិភាព និងលើកកម្ពស់ការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន

19-01-2026 19:49

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មានបានយកចិត្តទុកដាក់លើការទទួលនិងចែករំលែកព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីធានានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយជំរុញនិងលើកកម្ពស់ការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងការតម្រង់ទិសជាយុទ្ធសាស្ត្រលើការអនុវត្តការងាររបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន បានជំរុញអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យបំពេញតួនាទីតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព និងដើម្បីទប់ស្កាត់ជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដែលតែងតែធ្វើឱ្យបាត់បង់តម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ស្ថាប័ន សារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាន។

ការថ្លែងរបស់លោក នេត្រ ភក្រ្តា បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន និងសាធារណមតិ ក៏ទទួលបានលទ្ធផលគួរជាមោទនផងដែរ ជាពិសេសក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងតាមរយៈការសិក្សាអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាជាលើកទី២ កាលពីខែមេសា ឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៥ មានភាពល្អប្រសើរ។ ដូច្នេះ អាចសន្និដ្ឋានបានថា ការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន មានរបៀបរៀបរយ ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន មានការកើនឡើង។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ជាជោគជ័យមួយរបស់ក្រសួងព័ត៌មានផងដែរ។ ចំនួនព័ត៌មានក្លែងក្លាយ បានថយចុះជិត ៤០ភាគរយ ខណៈពេលដែលក្រសួងព័ត៌មាន បានផ្តួចផ្តើមរៀបចំ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៥មក ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីព័ត៌មានក្លែងក្លាយ និងបង្កើនអក្ខរកម្មព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ។ ក្នុងអំឡុងជម្លោះព្រំដែន ព័ត៌មានក្លែងក្លាយទាក់ទងនឹងបញ្ហាព្រំដែនដែលបង្កើតឡើងដោយប្រទេសអមិត្ត បានកើនឡើងជាគំហុកក្នុងគោលដៅបំបាក់ស្មារតី និងបំបែកបំបាក់សាមគ្គីភាពរវាងប្រជាជនខ្មែរ។ ថ្វីបើយ៉ាងនេះក្ដី ក្រសួងបានធ្វើកិច្ចការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាលទ្ធផលអាចគ្រប់គ្រងសមរភូមិព័ត៌មាន ក្ដាប់ស្ថានការណ៍ និងការវិវត្តនៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់សារព័ត៌មានយ៉ាងរៀបរយ មិនបង្កឱ្យមានភាពរញ៉េរញ៉ែក្នុងចំណោមអ្នកសារព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នៅក្នុងបេសកកម្មរបស់ក្រសួងព័ត៌មាន មិនអាចមើលរំលងបានឡើយនូវការទូតព័ត៌មាន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងដៃគូនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ តាមរយៈការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងក្របខណ្ឌអាស៊ាន ទ្វេភាគី និងពហុភាគី។ សមិទ្ធផលនេះ អាចឆ្លុះបញ្ចាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីលើកទី២០ នៅខេត្តសៀមរាប កាលពីខែកក្កដា កន្លងទៅ ការទទួលបានមូលនិធិសម្រាប់អនុវត្តគម្រោងជាបន្តបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា ចិន វៀតណាម តួគីយ៉េ និងប្រទេសជាដៃគូផ្សេងៗទៀត។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជឿជាក់យ៉ាងមុតមាំលើសមត្ថភាពស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពរបស់គ្រួសារក្រសួងព័ត៌មាន នឹងបន្តរួមគ្នាដើរតួនាទីស្នូលក្នុងការចូលរួមលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែរីកចម្រើន និងកសាងលំហព័ត៌មាននៅកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព និងទំនួលខុសត្រូវសម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា៕