វិភាគអន្តរជាតិ៖ តើសមាជ៥ឆ្នាំម្ដងរបស់បក្សកុម្មុយនិស្តវៀតណាម នឹងជ្រើសរើសមេដឹកនាំបន្ទាប់យ៉ាងដូចម្ដេច?
19-01-2026 20:55
(ហាណូយ)៖ ក្រុមប្រតិភូមកពីគណបក្សកុម្មុយនិស្ដវៀតណាមបានជួបជុំគ្នានៅថ្ងៃចន្ទ ទី១៩ ខែមករា នៅក្រោមការរឹតបន្តឹងសន្តិសុខដើម្បីចូលរួមក្នុងសមាជកមួយដែលនឹងធ្វើការជ្រើសរើសមេដឹកនាំកំពូលរបស់បក្ស និងដាក់ចេញគោលដៅសេដ្ឋកិច្ចសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។ សមាជទី១៤របស់បក្សកុម្មុយនិស្ដវៀតណាមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែមករា និងធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ត្រូវបានរំពឹងថា នឹងពង្រឹង ក៏ដូចជាពង្រីកអំណាចបន្ថែមរបស់អគ្គលេខាធិការបក្សសព្វថ្ងៃ គឺលោក To Lam។
មានការរំពឹងជាច្រើនថាលោក To Lam អាចនឹងត្រូវបានផ្ដល់សេចក្ដីទុកចិត្តឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម ខណៈមានសេចក្ដីរាយការណ៍ថាលោកអាចនឹងទទួលបានតំណែងមួយទៀត គឺប្រធានាធិបតីវៀតណាមទៀតផង។
* តើការជ្រើសរើសមេដឹកនាំប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
ប្រតិភូប្រមាណ ១៦០០នាក់ តំណាងឱ្យសមាជិកគណបក្សកម្មុយនិស្ដវៀតណាមជាង ៥លាននាក់ នឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិក ២០០រូប នៃគណៈកម្មាធិការមជ្ឈិមដែលក្រោយមកទៀតគណៈកម្មាធិការនេះ នឹងធ្វើការជ្រើសរើសសមាជិកពី១៧ ដល់១៩រូប នៃការិយាល័យនយោបាយ។ ការិយាល័យនយោបាយជាស្ថាប័នមានអំណាចធំបំផុតរបស់គណបក្សកុម្មុយនិស្ដវៀតណាម ហើយការជ្រើសរើសអគ្គលេខាធិការបក្សត្រូវបាន ជ្រើសចេញពីការិយាល័យនយោបាយនេះតែម្ដង។ អគ្គលេខាធិការបក្សបច្ចុប្បន្ន លោក To Lam មានអាយុ៦៨ឆ្នាំ ទទួលបានការគាំទ្រផ្ទាល់មាត់រួចហើយពីបក្សកាលពីខែធ្នូ ឆ្នាំ២០២៥ ដើម្បីអាចបន្តកាន់តំណែងរបស់លោក តែការសម្រេចចិត្តចុងក្រោយគឺអាស្រ័យលើប្រតិភូថ្មីៗដែលជាប់ឆ្នោតនៅឯសមាជ។
ភ្លាមៗក្រោយសមាជបក្សបិទបញ្ចប់ ការិយាល័យនយោបាយនឹងតែងតាំងប្រធានាធិបតី នាយករដ្ឋមន្ត្រី រួមទាំងប្រធានរដ្ឋសភា ហើយតំណែងកំពូលៗទាំងនេះនឹងឆ្លងកាត់ការទទួលស្គាល់ដោយរដ្ឋសភា។ ការបោះឆ្នោតរដ្ឋសភាថ្មី នឹងត្រូវធ្វើឡើងនៅខែមីនា។ តំណែងជាអគ្គលេខាធិការបក្សកាន់តែមានឥទ្ធិពលខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឱ្យតំណែងនេះសព្វថ្ងៃក្លាយជាតំណែងមានអំណាចធំជាងគេបំផុតនៅវៀតណាម។ នៅក្នុងអាណត្តិ រយៈពេលខ្លីរបស់លោក ពោលគឺបន្ទាប់ពីឡើងកាន់តំណែងជាអគ្គលេខាធិការកាលពីខែកក្កដា ឆ្នាំ២០២៤ ក្រោយលោក Nguyen Phu Trong ទទួលមរណភាព លោក To Lam បានដាក់ចេញការធ្វើកំណែទម្រង់ជាច្រើន រឹតបន្តឹងសន្តិសុខ និងពង្រីកអំណាចរបស់ក្រសួងប៉ូលិសដែលលោកធ្លាប់បានគ្រប់គ្រងអស់ជាងមួយទសវត្សរ៍។
* តើវៀតណាមនឹងផ្លាស់ប្ដូរគោលនយោបាយចម្បងៗរបស់ខ្លួនឬ?
ប្រព័ន្ធដឹកនាំរបស់វៀតណាមធ្វើប្រតិបត្តិការតាមរយៈការធ្វើការសម្រេចចិត្តជាសមូហភាព ដើម្បីធានាស្ថិរភាពក្នុងវិស័យសេដ្ឋកិច្ច និងគោលនយោបាយការបរទេស ចាប់តាំងពីការដាក់ចេញគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ច «Doi Moi» ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានកែប្រែវៀតណាមពីប្រទេសក្រីក្រដោយសារសង្រ្គាម ទៅជាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងតំបន់អាស៊ី។ គោលនយោបាយការបរទេសរបស់ វៀតណាម គឺផ្តោតជាសំខាន់លើការរក្សាតុល្យភាពទំនាក់ទំនងជាមួយពួកមហាអំណាចដូចជាសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី នៅក្រោមគោលនយោបាយការទូតមួយដែលគេស្គាល់ «ការទូតដើមឫស្សី»។ លោក Lam មិនសូវនិយាយពីការទូតនេះទេ តែលោកនៅតែរក្សាយុទ្ធសាស្ត្រការទូតនេះដដែល ហើយក្រុមអ្នកជំនាញរំពឹងថាយុទ្ធសាស្ត្រការទូតបែបនេះនឹងនៅតែដដែល លុះត្រាតែមានការប្រែប្រួលស្ថានការណ៍ភូមិសាស្ត្រនយោបាយដ៏ធំ ណាមួយរបស់ពិភពលោក។ និយាយពីសេដ្ឋកិច្ចវិញ លោក Lam បានលើកកម្ពស់តួនាទីសហគ្រាស និងបណ្ដាក្រុមហ៊ុនឯកជន នៅក្រោមការណែនាំរបស់រដ្ឋ។ វៀតណាមមានបំណងកាត់បន្ថយការពឹងផ្អែកលើវិនិយោគពីបរទេស ដែលបាន និងកំពុងគ្រប់ដណ្ដប់លើវិស័យនាំចេញរបស់ខ្លួនដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ប៉ុន្តែទីក្រុងហាណូយនៅតែចង់ទាក់ទាញការវិនិយោគពីបរទេសលើវិស័យបច្ចេកវិទ្យាទំនើបៗ និងមូលធនសំដៅសម្រេចឱ្យបាននូវ គោលដៅចង់ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥។
* អ្វីទៅជាគោលដៅសំខាន់ៗសម្រាប់ឆ្នាំ២០៣០?
ការរីកចម្រើន និងកំណើនសេដ្ឋកិច្ចគឺជាអាទិភាពចម្បងរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ បើទោះជាពាណិជ្ជកម្មពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ វៀតណាមបានដាក់គោលដៅចង់បានកំណើនផលិតផលក្នុង ស្រុកសរុប ឬ GDP ប្រចាំឆ្នាំយ៉ាងហោច ១០ភាគរយចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមសេចក្ដីព្រាងគោលនយោបាយមួយ។ ប្រឈមមុខនឹងពន្ធគយកម្រិតខ្ពស់ដែលរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់អនុវត្តលើទំនិញនាំចូលពីវៀតណាមដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលបានមកពីទីផ្សារបរទេសធំជាងគេបំផុតរបស់ខ្លួន វៀតណាមកំពុងខ្នះខ្នែងអភិវឌ្ឍគំរូកំណើនសេដ្ឋកិច្ចថ្មីជាទីដែលសេដ្ឋកិច្ចឯកជនគឺជា «កម្លាំងចលករ» ប៉ុន្តែរដ្ឋនៅតែបន្តដើរតួនាទីស្នូលនាំមុខដដែល។ នៅក្រោមយុទ្ធសាស្ត្រនេះ វៀតណាមនឹងបង្កើនការចំណាយរបស់រដ្ឋលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍ ជាមួយការព្យាករពី ឱនភាពកញ្ចប់ថវិកា ៥ភាគរយនៃ GDP សម្រាប់រយៈពេល៥ឆ្នាំទៅមុខ ពោលគឺកើនឡើងពី៣.១ ដល់៣.២ភាគរយនៅចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
គួរបញ្ជាក់ថា គណបក្សកុម្មុយនិស្ដវៀតណាមត្រូវបានបង្កើតឡើងដោយលោក Ho Chi Minh ក្នុងឆ្នាំ១៩៣០។ គណបក្សនេះបានគ្រប់គ្រងវៀតណាមខាងជើងក្នុងឆ្នាំ១៩៥៤ បន្ទាប់ពីការបិទបញ្ចប់អាណានិគមរបស់បារាំង។ ក្រោយមកទៀត បន្ទាប់ពីការបិទបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក និងការដួលរលំនៃរដ្ឋាភិបាលសៃហ្គន ឬវៀតណាមខាងត្បូង ឆ្នាំ១៩៧៥ វៀតណាមបានបង្រួបបង្រួមជាប្រទេសតែមួយក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្ដតែមួយគត់ គ្មានឡើយគណបក្សប្រឆាំង៕










