ការដុតសំរាមក្នុងទីសាធារណៈ៖ ផលប៉ះពាល់លើបរិស្ថាន សុខភាពមនុស្ស និងសង្គម

19-01-2026 21:24

(ភ្នំពេញ)៖ ការដុតសំរាម ឬកាកសំណល់ក្នុងទីសាធារណៈ ជាបញ្ហាដែលកើត​មានជា​ញឹក​ញាប់នៅក្នុងសហគមន៍ជាច្រើន ជាពិសេសនៅតំបន់ទីក្រុង និងជនបទដែលប្រព័ន្ធ​គ្រប់គ្រងសំរាមមិនទាន់មានប្រសិទ្ធភាព។ ទោះបីជាការដុតសំរាម ការដុតភ្លើងផ្សេងៗ ការ​ដុតជញ្ជ្រាំងស្រូវ ឬការដុតព្រៃ ត្រូវបានមើលថាជាវិធីងាយស្រួល និងឆាប់រហ័ស​ក្នុង​ការបំផ្លាញកាកសំណល់ក៏ដោយ ប៉ុន្តែវាបង្កបង្កហានិភ័យខ្ពស់ទៅលើបរិស្ថាន សុខភាព​មនុស្ស និងសង្គមទាំងមូល។

១៖ សារធាតុពុលក្នុងផ្សែងសំរាម និងគ្រោះថ្នាក់ចំពោះសុខភាព
ផ្សែងពីសំរាម ឬកាកសំណល់ដុតមានសារធាតុពុលជាច្រើន ដែលអាចចូលទៅក្នុង​សួត​តាមរយៈការដកដង្ហើម។ វាបង្កឲ្យមានជំងឺផ្លូវដង្ហើម ដូចជា ជំងឺហឺត ក្អករ៉ាំរ៉ៃ ជំងឺសួត និង​ជំងឺបេះដូង។ កុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ គឺជាក្រុមដែលរងផលប៉ះពាល់​ខ្លាំង​ជាងគេ។ ការប៉ះពាល់រយៈពេលវែងអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរដូចជាមហារីក និង​ការ​បាត់បង់សមត្ថភាពធ្វើការ ដែលធ្វើឲ្យគុណភាពជីវិតធ្លាក់ចុះ។

នៅពេលសំរាមឬកាក​សំណល់ (ជាពិសេសប្លាស្ទិក កៅស៊ូ និងកាកសំណល់គីមី) ត្រូវ​បាន​ដុតក្នុងសីតុណ្ហភាពមិនខ្ពស់ វាបញ្ចេញសារធាតុពុលគ្រោះថ្នាក់ជាច្រើនដូចជា៖
* ឌីអុកស៊ីត (Dioxins) និង ហ្វូរ៉ង់ (Furans)៖ ជាសារធាតុពុលកម្រិតធ្ងន់បំផុត ដែល បង្កឱ្យមានជំងឺមហារីក ប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធបន្តពូជ

* ភាគល្អិតល្អិត (Particulate Matter - PM2.5)៖ ភាគល្អិតតូចៗដែលអាច​ចូល​ជ្រៅ​ទៅក្នុងសួត និងចរន្តឈាម បង្កជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូង

* ឧស្ម័នកាបូនម៉ូណូអុកស៊ីត (Carbon Monoxide)៖ កាត់បន្ថយសមត្ថភាពឈាម​ក្នុង​ការបញ្ជូនអុកស៊ីសែនទៅកាន់សារពាង្គកាយ

*លោហៈធ្ងន់ (Heavy Metals)៖ ដូចជាជាតិសំណ (Lead) និងបារត (Mercury) ដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងការលូតលាស់របស់កុមារ។

២៖ ផលប៉ះពាល់ខ្លាំងក្លាលើបរិស្ថាន
នៅពេលសំរាម ឬកាកសំណល់ត្រូវបានដុត វាបញ្ចេញឧស្ម័នពុល និងភាគល្អិតតូចៗ​ចូល​ទៅក្នុងខ្យល់ ដូចជា ផ្សែងខ្មៅ និងសារធាតុគីមីគ្រោះថ្នាក់។ សារធាតុទាំង​នេះ បង្ក​ការ​បំពុលខ្យល់ ប៉ះពាល់ដល់គុណភាពបរិយាកាស និងរួមចំណែកក្នុងការប្រែ​ប្រួល​អាកាស​ធាតុ។ លើសពីនេះ ទឹកភ្លៀងអាចនាំយកសារធាតុពុលពីសំណល់ដុតចូល​ទៅ​ក្នុង​ដី និងប្រភពទឹក បណ្តាលឲ្យដីខូចគុណភាព និងប៉ះពាល់ដល់ប្រព័ន្ធ​អេកូឡូស៊ី​ធម្ម​ជាតិ។

៣៖ ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភ័ណភាពសង្គម
ផ្សែង និងក្លិនស្អុយបង្កការរអាក់រអួលក្នុងការរស់នៅប្រចាំថ្ងៃ បង្កជម្លោះរវាងអ្នកដុត​សំរាម​កាកសំណល់ និងអ្នករស់នៅជិតខាង។ វាធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុង និងសហគមន៍ ប៉ះពាល់ដល់ទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ លើស​ពី​នេះ ការអនុវត្តនេះបង្ហាញពីការខ្វះការយល់ដឹង និងវិន័យសង្គម ដែលអាចធ្វើឱ្យ​ការអនុ​វត្ត​​ច្បាប់ និងការរស់នៅរួមគ្នាកាន់តែពិបាក។

៤៖ ដំណោះស្រាយ និងការចូលរួម
ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគី។ រដ្ឋាភិបាលត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ការពារ និងទប់ស្កាត់ការដុតភ្លើង ដុតសំរាម ជញ្ជ្រាំងស្រូវ ឬការដុតព្រៃ ជា​អតិបរមា ដើម្បីចៀសវាងល្អងធូលី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដាច់​ខាត​ត្រូវការពារឱ្យខាងតែបាននូវគុណភាពខ្យល់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋផង និងបរិស្ថាន។ សហគមន៍ និងប្រជាពលរដ្ឋគួរតែបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់​នៃការ​ដុត​សំរាម ឬកាកសំណល់ផ្សេងៗ និងអនុវត្តវិធីសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា ការបំបែកសំរាម ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ។

៥៖ សន្និដ្ឋាន
ការដុតសំរាមក្នុងទីសាធារណៈមិនមែនជាបញ្ហាតូចតាចទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរដែលប៉ះ​ពាល់​ដល់បរិស្ថាន សុខភាពមនុស្ស និងសង្គមទាំងមូល។ ការបញ្ឈប់ការដុតសំរាម ឬ​កាក​សំណល់ គឺជាការការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសហគមន៍។ ការទុកដាក់​សំរាម​បានត្រឹមត្រូវ គឺជាសញ្ញានៃការរស់នៅដោយស៊ីវិល័យ និងការទទួលខុសត្រូវ​ខ្ពស់​ចំពោះបរិស្ថានមិនថាតែជំនាន់នេះ ប៉ុន្តែសម្រាប់ជំនាន់ក្រោយៗផងដែរ៕
ដោយ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន