អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បង្ហាញសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងការងារធ្វើទំនើបកម្មចរន្តឯកសារ លិខិតរដ្ឋបាលដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច

20-01-2026 10:28

(ភ្នំពេញ)៖ លោកស្រី ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានធ្វើបទបង្ហាញពីសមិទ្ធផលការងារដែលសម្រេចបានក្នុងមុខងារគាំទ្រលើផ្នែករដ្ឋបាល ហិរញ្ញវត្ថុ ធនធានមនុស្ស គោលនយោបាយ និងផែនការស្ថិតិ​ ដែលសម្រេចបាននៅក្នុងឆ្នាំ២០២៥កន្លងទៅ។

ក្នុងឱកាសធ្វើបទបង្ហាញនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកស្រី ទេស ផល្លីន បានឱ្យដឹងថា សម្រាប់លទ្ធផលការងារឆ្នាំ២០២៥ និងលើកទសដៅការងារឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន គឺការធ្វើទំនើបកម្មចរន្តឯកសារ លិខិតរដ្ឋបាល ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិច។ ការពង្រឹងយន្តការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស, ការពង្រឹងយន្តការកៀរគរចំណូលឱ្យកាន់តែប្រសើរឡើង។

បន្ថែមពីនេះ លោកស្រី ទេស ផល្លីន បានបន្ថែមថា ចំពោះការងាររៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធ «Sarais Online», ​ការពង្រឹងទំនាក់ទំនង និងបន្តភាពជាដៃគូល្អជាមួយអង្គការ ស្ថាប័ន ដែលមានសក្តានុពល។ ព្រមទាំងការរៀបចំចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យរបស់ក្រសួងព័ត៌មាន ចំនួន២កន្លែង គឺទីស្តីក្រសួងព័ត៌មាន និងស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល, សម្របសម្រួលបង្កើតកម្រងសេវាសាធារណៈបន្ថែម និងកែសម្រួលកម្រៃសេវាសាធាណៈ ព្រមទាំងកិច្ចការងារមួយចំនួនផ្សេងទៀតជាដើម។

បច្ចុប្បន្ន ក្រសួងព័ត៌មានមានមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន ២ ៧១៣នាក់ ក្នុងនោះជាមន្ត្រីក្របខណ្ឌចំនួន ១ ៥២៥ និងគ្មានក្របខណ្ឌចំនួន ១១៨៨។ ក្រសួងព័ត៌មានបានរៀនចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីបង្កើនមូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕