ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន សំណេះសំណាល និងដឹកនាំ នាយទាហាន នាយទាហានរង បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម

20-01-2026 10:33

(កំពង់ស្ពឺ)៖ ក្រោម ស្មារតី មនុស្សធម៌ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមការងារ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត កំពង់ស្ពឺ និងក្រុមការងារកាកបាទក្រហម រួមទាំងបងប្អូនសប្បុរសជននានា ដែលតែងឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

កម្មវិធីនេះ រៀបចំឡើងដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស និងយកគំរូ ដឹក នាំ ប្រ កបដោយគុណធម៌នាយ ឧត្តម សេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការ រង កងយោធពល ខេមរ ភូមិន្ទ និងជាមេបញ្ជាការ កង រាជ អាវុធហត្ថ លើ ផ្ទៃ ប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត កំពង់ស្ពឺ ។

ក្នុងកម្មវិធីបរិច្ចាកឈាមដោយស្ម័កចិត្តនេះដែរ ប្រព្រឹត្តទៅដោយមានការសហការពីក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត កំពង់ស្ពឺ ដោយមានអ្នកចូលរួមបរិច្ចាកឈាម សរុបចំនួន១២៥នាក់។

ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងថា ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»

លោកបានបន្តទៀតថា «យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបានតាមរយៈបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង»

ពេលនេះគឺជាលើកទី៣ហើយ ដែល លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ផងដែរ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានថ្លែងអំណរអរគុណ យ៉ាង ជ្រាល ជ្រៅ បំផុតចំពោះលោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត កំពង់ស្ពឺ និង ក្រុមការងារ ព្រមទាំង បាន កោតសរសើរ ដល់ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ ដែលបានចូលរួមបរិច្ចាកឈាមដោយស្ម័កចិត្តនាពេលនេះ៕