សំណួរ និងចម្លើយចំនួន៨ កម្ពុជា ឆ្លើយតបថៃ ពាក់ព័ន្ធបញ្ហាព្រំដែន

20-01-2026 11:08

(ភ្នំពេញ)៖ បើទោះបីសំឡេងអាវុធបានស្ងាត់ទៅ តែសង្គ្រាមសម្តីដណ្តើមរកខុស និងត្រូវ លើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ ក្រោយបទឈប់​បាញ់បន្ទាន់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ បន្តធ្វើសកម្មភាពជាច្រើនរំលោភ​លើខ្លឹម​សារទាំងឡាយដែលបានចែងក្នុងបទឈប់បាញ់ និងរំលោភ​បំពានលើបូរណភាព​ទឹកដីរបស់កម្ពុជា។ ថៃ បានព្យាយាមបញ្ចេញសំឡេងរបស់គេទៅកាន់សាធារណៈមតិនៅ​ក្នុង​​សង្គមថៃ និងអន្តរជាតិ ដើម្បីការពារនូវទង្វើឈ្លានពានរបស់គេ។

កម្ពុជា ដែលជាប្រទេសកំពុងរងគ្រោះពីការឈ្លានពានរបស់ថៃ និងមិនស្នេហាការតស៊ូ​តាម​កម្លាំងបាយនោះ ក៏បាននិងកំពុងប្រឹងប្រែងតស៊ូមតិតាមផ្លូវអហិង្សា ដោយផ្អែកលើ​កិច្ចព្រមព្រៀងទាំងឡាយរវាងកម្ពុជា និងថៃ ក៏ដូចជាច្បាប់ជាតិ និងអន្តរ​ជាតិ។

ខាងក្រោមនេះ គឺជាសំណួរ និងចម្លើយចំនួន៨ ដែលកម្ពុជា តាមរយៈក្រុមទំនាក់ទំនង​សា​ធា​រណៈ ឆ្លើយតបទៅភាគីថៃ ពាក់ព័ន្ធស្ថានការណ៍ព្រំដែនរវាងប្រទេសទាំងពីរ៖

សំណួរទី១៖ ភាគីថៃអះអាងថា ការរក្សាវត្តមានកងទ័ពរបស់ខ្លួននៅលើទឹកដីកម្ពុជា គឺ ស្របតាមសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ «យ៉ាងម៉ឺម៉ាត់» ហើយមិនមែនជាការ «កាន់កាប់» នោះទេ។ តើកម្ពុជាមើលឃើញយ៉ាងណាចំពោះការបកស្រាយនេះ?

ចម្លើយ៖ កម្ពុជាកត់សម្គាល់ចំពោះការយោងរបស់ភាគីថៃនៅត្រង់ចំណុចទី២ នៃសេចក្ដី​ថ្លែង​ការណ៍រួម ដែលពាក់ព័ន្ធនឹងការរក្សាទុកស្ថានភាពបច្ចុប្បន្ន។ ទោះយ៉ាងណា មាត្រា​នេះ​មិនអាចញែកដាច់ដោយឡែកពីមាត្រាផ្សេងទៀតបានឡើយ ពោលគឺវាត្រូវអនុវត្ត​ដោយ​ស្របទៅនឹងចំណុចទី៤ ដែលកំណត់ឱ្យមានការវិលត្រឡប់ទៅផ្ទះសម្បែង​វិញ​របស់​ប្រជាពលរដ្ឋដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។

បច្ចុប្បន្ន ការបន្តមានវត្តមានរបស់យោធាថៃ និងការបន្តកាន់កាប់តំបន់ស៊ីវិល ដូចជា តំបន់​បឹងត្រកួន ជោគជ័យ ព្រៃចាន់ និងទីកន្លែងផ្សេងៗទៀត បានរារាំងដល់ការវិល​ត្រ​ឡប់​​ទៅផ្ទះសម្បែងវិញរបស់ជនភៀសខ្លួនជាង ១៥០,០០០នាក់ (គិតត្រឹមថ្ងៃទី ១៥ ខែមករា)។ ការបន្តដាក់ពង្រាយកងទ័ពដោយគ្មានកាលកំណត់ ដែលរារាំងដល់ការស្តារ​ឡើង​វិញនូវជីវិតស៊ីវិល គឺមានន័យស្មើនឹង «ការកាន់កាប់» មិនថាប្រើពាក្យ​ពេចន៍​អ្វីក៏​ដោយ។ គេគួរអានសេចក្តីថ្លែងការណ៍រួម ជាមួយនឹងការបកស្រាយត្រឹមត្រូវ ទៅតាម​អត្ថ​ន័យ និងស្មារតីរបស់វា ដែលតម្កល់អាទិភាពលើតម្រូវការមនុស្សធម៌របស់ពលរដ្ឋ ជាជាង​ការយកប្រៀបខាងយោធា។

សំណួរទី២៖ ភាគីថៃ បានចោទសួរចំពោះរបាយការណ៍របស់ក្រុម​អ្នកសង្កេត​ការណ៍​អា​ស៊ាន (AOT) ពាក់ព័ន្ធនឹងការខូចខាតដែលបណ្តាលមកពីការវាយប្រហាររបស់ភាគីថៃ ដោយទាមទារឱ្យមានការផ្ទៀងផ្ទាត់ដែល «មានភាពជឿជាក់»។ តើកម្ពុជាមានជំហរ​បែប​ណាចំពោះរបាយការណ៍របស់ AOT?

ចម្លើយ៖ កម្ពុជាបញ្ជាក់ឡើងវិញនូវទំនុកចិត្តលើសុចរិតភាព និងវិជ្ជាជីវៈរបស់ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន (AOT)។ ក្នុងនាមជាយន្តការដែលត្រូវបាន​បង្កើតឡើង​ដោយ​មាន​ការព្រមព្រៀងពីប្រទេសទាំងពីរ ដើម្បីធានាការត្រួតពិនិត្យដោយអព្យាក្រឹត AOT គឺជាគោលដៅស្តង់ដារនៃ «ការផ្ទៀងផ្ទាត់ដែលមានភាពជឿជាក់» រួចទៅហើយ។ យើង​ជឿ​ជាក់ថា ការគោរពនូវអំណាច និងតួនាទីរបស់យន្តការដែលបានព្រមព្រៀងគ្នារួចនេះ គឺជាមូលដ្ឋានសម្រាប់ការជឿទុកចិត្តគ្នាទៅវិញទៅមក។ ជាជាងការឈ្លោះប្រកែក​គ្នាលើ​របាយ​ការណ៍ដែលបានផ្ទៀងផ្ទាត់រួច កម្ពុជាលើកទឹកចិត្តឱ្យភាគីទាំងអស់ ប្រើប្រាស់​លទ្ធ​ផល​របស់ AOT ជាមូលដ្ឋានសម្រាប់ជជែកគ្នាក្នុងន័យស្ថាបនា និងការកែសម្រួល​ស្ថាន​ការណ៍។

សំណួរទី៣៖ ភាគីថៃអះអាងថា ប្រតិបត្តិការរបស់ខ្លួនស្រប​តាមច្បាប់មនុស្សធម៌​អន្តរ​ជាតិ។ តើការអះអាងនេះត្រឹមត្រូវដែរឬទេ?

ចម្លើយ៖ យើងកត់សម្គាល់ចំពោះការប្តេជ្ញាចិត្តដែលភាគីថៃបានប្រកាសចំពោះ​គោល​ការណ៍​ទាំងនេះ។ ទោះយ៉ាងណា យើងនៅតែមើលឃើញភាពខុសគ្នាផ្ទុយស្រឡះ​រវាង​ការធានាទាំងនេះ ជាមួយនឹងស្ថានការណ៍ជាក់ស្ដែងនៅលើដី ជាពិសេសពាក់ព័ន្ធ​នឹង​ការ​បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងការបង្កការខូចខាតដល់ប្រាសាទព្រះវិហារ។ សកម្ម​ភាព​ទាំងនេះ គឺជាទង្វើផ្ទុយនឹងមាត្រាទី៥៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលចែងអំពីការការពារទ្រព្យសម្បត្តិស៊ីវិល។

សំណួរទី៤៖ កងទ័ពថៃអះអាងថា តំបន់ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃ ហើយប្រតិបត្តិការរបស់ខ្លួនមានគោលបំណង «រៀបចំទឹកដីខ្លួនឡើងវិញ» បន្ទាប់ពីមានការរំលោភចូលពីភាគីកម្ពុជា​អស់រយៈ​ពេល​ជា​ច្រើនទសវត្សរ៍។ តើអ្វីជាជំហររបស់កម្ពុជា?

ចម្លើយ៖ កម្ពុជាបញ្ជាក់ជំហរថា អធិបតេយ្យភាពត្រូវបានកំណត់​ដោយឯកសារ​ច្បាប់​ដែល​ទទួលស្គាល់រួមគ្នា ជាពិសេសគឺអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ពោល​គឺមិនមែនដោយការអះអាងជាឯកតោភាគី ឬការកែប្រែប្រវត្តិសាស្ត្រ​តាមអំពើ​ចិត្ត​នោះឡើយ។

ការលើកឡើងរបស់កងទ័ពថៃដែលថា តំបន់ទាំងនេះត្រូវបានសហគមន៍​កម្ពុជា​ចូល​មក​រស់នៅ «លើសពី ៤០ឆ្នាំ» គឺជាការបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការយោធាបច្ចុប្បន្ន​របស់​ថៃ មិនមែនជាសកម្មភាពការពារខ្លួនជាបន្ទាន់នោះទេ ប៉ុន្តែជាការប៉ុនប៉ង​ដោយចេត​នា ដើម្បីផ្លាស់ប្តូរស្ថានភាពដែលមានស្ថិរភាពជាយូរមកហើយ តាមរយៈកា​រប្រើកម្លាំង​ទ័ព។

ច្បាប់អន្តរជាតិ មិនអនុញ្ញាតឱ្យរដ្ឋណាមួយ «រៀបចំឡើងវិញ» នូវទឹកដីដែលមាន​ជម្លោះ​តាមរយៈការលុកលុយតាមផ្លូវយោធានោះឡើយ ហើយក៏មិនអនុញ្ញាតឱ្យ​បណ្តេញ​ប្រជា​ពលរដ្ឋដែលបានរស់នៅក្នុងតំបន់នោះអស់ជាច្រើនជំនាន់រួចមកហើយនោះដែរ។ ជម្លោះ​ពាក់ព័ន្ធនឹងការកំណត់បន្ទាត់ព្រំដែន ត្រូវដោះស្រាយតាមផ្លូវបច្ចេកទេស តាមរយៈគណៈ​កម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) មិនមែនដោយការកំណត់ព្រំដែនជា​ឯក​តោ​ភាគី តាមរយៈកម្លាំងយោធានោះទេ។ កម្ពុជាអំពាវនាវឲ្យភាគីថៃ វិលត្រឡប់មកតុចរចា​ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជំនួសឲ្យការប៉ុនប៉ងគូស​ផែនទីឡើង​វិញ​ដោយ​កម្លាំង។

សំណួរទី៥៖ តើការចោទប្រកាន់ពាក់ព័ន្ធនឹងមីនប្រឆាំងមនុស្ស និងកិច្ចសហប្រតិបត្តិ​ការ​ដោះមីន ដែលភាគីថៃបានលើកឡើងនោះ ដល់ណាហើយ?

ចម្លើយ៖ ការអនុវត្តពេញលេញតាមអនុសញ្ញាអូតាវ៉ារបស់កម្ពុជា គឺជាបញ្ហាពិតមួយ ដែល​ត្រូវបានផ្ទៀងផ្ទាត់ដោយកំណត់ត្រាអន្តរជាតិ។ កម្ពុជា មិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ។ គ្រោះថ្នាក់ដែលបង្កឡើងដោយ​គ្រាប់មីន​ថ្មីៗ​នេះ គឺជាមរតកនៃសង្គ្រាមស៊ីវិលយូរអង្វែងនៅកម្ពុជា ពោលគឺការពិតត្រូវបានបញ្ជាក់រួច​ទៅហើយ នៅក្នុងកិច្ចប្រជុំលើកទី២២ របស់បណ្តារដ្ឋភាគី នៅទីក្រុងហ្សឺណែវ។

សម្រាប់​ទិសដៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តពេញលេញចំពោះកិច្ចសហប្រតិបត្តិការ​ដែលអាចអនុវត្តបានជាក់ស្តែង ប៉ុន្តែតែស្ថិតនៅក្នុងក្របខ័ណ្ឌដែលបានព្រមព្រៀងរួច បូករួមទាំងការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលរួម (JCTF) ដោយអនុលោមតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលបានព្រមព្រៀងគ្នារួច។

សំណួរទី៦៖ ភាគីថៃ ចោទប្រកាន់កម្ពុជាថា បានចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ តាមរយៈការធ្វើអត្ថាធិប្បាយលើនយោបាយក្នុងស្រុករបស់ខ្លួន។ តើកម្ពុជាឆ្លើយតប​បែប​ណា?

ចម្លើយ៖ កម្ពុជាគោរពយ៉ាងតឹងរឹងចំពោះគោលការណ៍មិនជ្រៀតជ្រែក​ក្នុងកិច្ចការផ្ទៃក្នុង​របស់រដ្ឋដទៃ។ សេចក្តីថ្លែងការណ៍ណាមួយដែលធ្វើឡើងដោយមន្ត្រីកម្ពុជា ពាក់ព័ន្ធ​នឹង​ស្ថិរភាពតាមព្រំដែន គឺជាការបង្ហាញពីការព្រួយបារម្ភស្របច្បាប់ ចំពោះអំពើរំលោភ​ពី​ខាង​ក្រៅ ពោលគឺវាមិនមែនជាការជ្រៀតជ្រែកក្នុងនយោបាយផ្ទៃ​ក្នុងរបស់ថៃនោះ​ឡើយ។

ទោះយ៉ាងណា នៅពេលដែលការផ្លាស់ប្តូរនយោបាយផ្ទៃក្នុងរបស់ថៃ ត្រូវបានយកមក​ជា​មូលហេតុដើម្បីពន្យារពេលអនុវត្តយន្តការសំខាន់ៗ ដូចជាគណៈកម្មការចម្រុះខណ្ឌ​សីមា​ព្រំដែនគោក (JBC) នោះ វានឹងក្លាយជាបញ្ហាទ្វេភាគី។ កម្ពុជាអំពាវនាវឱ្យភាគីថៃ កុំ​យក​នីតិវិធីផ្ទៃក្នុងរបស់ខ្លួន មករាំងខ្ទប់ដល់ដំណើរការសន្តិភាព។

សំណួរទី៧៖ ភាគីថៃបានភ្ជាប់ការដំណើរការឡើងវិញនៃគណៈកម្មការចម្រុះខ​ណ្ឌ​សីមា​ព្រំដែនគោក (JBC) ជាមួយនឹងការបង្កើតរដ្ឋាភិបាលថ្មីរបស់ខ្លួន។ តើអ្វីជាជំហររបស់​កម្ពុជា?

ចម្លើយ៖ ខណៈពេលដែលកម្ពុជាទទួលយកសំណើសុំពន្យារពេលកិច្ចប្រជុំ JBC កម្រិត ខ្ពស់ ក្រុមការងារបច្ចេកទេសនៅកម្រិតប្រតិបត្តិ ត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនតាម ធម្មតា ព្រោះវាមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬកាលវិភាគនយោបាយនោះឡើយ។ កិច្ចប្រជុំ JBC និងយន្តការរបស់វា គួរត្រូវបានបំបែកចេញពីបញ្ហានយោបាយ និងរក្សា ទុកជាយន្តការបច្ចេកទេសសុទ្ធសាធ។

កម្ពុជាសូមស្វាគមន៍ចំពោះការបញ្ជាក់កាលពីពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីថៃ ដែល​ថា ក្រុមការងារថ្នាក់ប្រតិបត្តិ គួរតែបន្តភារកិច្ចរបស់ខ្លួន ក្នុងអំឡុងពេលរដ្ឋាភិបាល​ចាំ​ផ្ទះ។

ជាមួយគ្នានេះ កម្ពុជាបានស្នើជាផ្លូវការឱ្យបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ភ្លាមៗ ដើម្បី​បន្តការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ស្របតាមកំណត់ត្រានៃកិច្ចប្រជុំពិសេសរបស់ JBC កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០​២៥ នៅខេត្តចន្ទបុរី។ កម្ពុជាអំពាវនាវឲ្យភាគីថៃ សហការនិងពន្លឿនការងារនេះ ឱ្យ​បាន​ម៉ឺងម៉ាត់តាមអនុស្សរណៈយោគយល់ ឆ្នាំ ២០០០ (MoU 2000) និងលក្ខខណ្ឌយោង ឆ្នាំ២០០៣ (TOR 2003) ដើម្បីធានាថា ដំណើរការវាស់វែងនិងកំណត់ព្រំដែន ក៏ដូច​ជា​វិធានការកសាងទំនុកចិត្ត អាចដំណើរការទៅមុខដោយគ្មានការពន្យារពេល ហើយ​អនុវត្ត​ពេញលេញតាមកថាខណ្ឌទី៣ នៃសេចក្តីថ្លែងការណ៍រួមរបស់ GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សំណួរទី៨៖ តើអ្វីជាជំហានបន្ទាប់?

ចម្លើយ៖ ជំហានបន្ទាប់ គឺជាការអនុវត្តការងារដោយផ្អែកលើនីតិរដ្ឋ។ កម្ពុជានៅតែ​រក្សា​ជំហររឹងមាំលើគោលការណ៍ដែលថា ខ្សែបន្ទាត់ព្រំដែនមិនអាចផ្លាស់ប្តូរដោយ​កម្លាំង​បាន​ឡើយ។ សន្តិភាពដែលមានចីរភាពតម្រូវឱ្យមាន៖

(ក) ការបញ្ឈប់រាល់សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពដើមនៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិល(ខ)ការដកកម្លាំងយោធាត្រឡប់ទៅទីតាំងដែលស្របតាមខ្សែបន្ទាត់ព្រំដែន​ដែលបាន​កំណត់​ដោយច្បាប់
(គ) ការអនុវត្តដោយសុចរិតលើកិច្ចព្រមព្រៀងឈប់បាញ់ (ថ្ងៃទី ២៨ ខែកក្កដា) សេចក្តី​ថ្លែង​ការណ៍រួមកូឡាឡាំពួរ (ថ្ងៃទី ២៦ ខែតុលា) និងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ​ពិសេស GBC (ថ្ងៃទី ២៧ ខែធ្នូ)។

យើងក៏វាយតម្លៃខ្ពស់ចំពោះការបន្ត​ចូលរួមរបស់សហគមន៍អន្តរជាតិ ក្នុងការលើក​ទឹក​ចិត្ត​ឱ្យមានដំណោះស្រាយផ្អែកលើច្បាប់អន្តរជាតិ ដែលអនុញ្ញាតឱ្យប្រជាជន​របស់យើង​ទាំង​ពីរ អាចរស់នៅជាមួយគ្នា ដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នា៕