ស្ត្រីភៀសសឹក ២០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញភេសជ្ជៈ វគ្គទី២ និងទទួលបានលិខិតបញ្ជាក់ការសិក្សា ពីអង្គការកល្យាណមិត្ត
20-01-2026 11:15
(សៀមរាប)៖ បងប្អូនជនភៀសសឹកជាស្ត្រីចំនួន ២០នាក់ ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពផ្សាររាត្រីផ្លូវ ៦០ម៉ែត្រ ក្រុងសៀមរាប នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញភេសជ្ជៈ វគ្គទី២ និងទទួលបានលិខិតបញ្ជាក់ពីអង្គការកល្យាណមិត្ត។ ក្នុនោះដែរ ពួកគាត់បានឆ្លងកាត់វិញ្ញាសាអនុវត្តផ្ទាល់ តាមរយៈការធ្វើភេសជ្ជៈ ការតុបតែង និងការធ្វើបទបង្ហាញពីបច្ចេកទេស ដែលបានរៀនសូត្រកន្លងមក ជូនដល់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
លោក ធឿន វុទ្ធី គ្រូស័្មគ្រចិត្តនៅសាលារៀនបេះដូងខ្មែរ ក្នុងជំរំភៀសសឹកផ្សាររាត្រីផ្លូវ ៦០ម៉ែត្រ តំណាងអង្គការកល្យាណមិត្ត បានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ដើម្បីរួមចំណែកបណ្តុះបណ្តាលចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនដល់បងប្អូនដែលជាជនភៀសសឹក ដើម្បីឱ្យពួកគាត់មានមុខរបរពិតប្រាកដ និងអាចយកចំណេះដឹងទាំងនោះ ទៅបង្កើតជាមុខរបរចិញ្ចឹមជីវិតទាំងនៅក្នុងជំរំ និងពេលត្រឡប់ទៅលំនៅឋានវិញ ដែលជាផ្នែកមួយជួយបងប្អូនភៀសសឹកឱ្យមានអាវុធក្នុងដៃ គឺជំនាញវិជ្ជាជីវៈ។
លោកបានបន្តថា ជំនាញនេះ វាក៏អាចជួយឱ្យពួកគាត់ រកការងារធ្វើនៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅក្នុងខេត្តសៀមរាប ដែលកំពុងមានតម្រូវការផងដែរ។ លោកបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្តសៀមរាប ជាពិសេសលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវភាពកក់ក្ដៅដល់បងប្អូនប្រជាជនភៀសសឹក ដូចជាការឧបត្ថម្ភគាំទ្រទាំងស្បៀងអាហារ និងកន្លែងស្នាក់នៅ។
លោកបន្តថា ជាពិសេសថែមទាំងបានគិតគូរវែងឆ្ងាយដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ឲ្យមានសមត្ថភាព តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលវានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការកសាងជីវភាពប្រកបដោយនិរន្តរភាពសម្រាប់ថ្ងៃអនាគត។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ អាចកើតឡើងទៅបាន គឺអាស្រ័យដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រធានមណ្ឌលផ្សាររាត្រីផ្លូវ ៦០ម៉ែត្រ ប្រមទាំងមានកិច្ចសហប្រតិបត្តិការរវាងអង្គការជាដៃគូ រួមមាន៖ អង្គការកល្យាណមិត្ត និងអង្គការពាក់ព័ន្ធ រួមជាមួយក្រុមគ្រូស្ម័គ្រចិត្តផ្សេងៗទៀត ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តរួមគ្នា បង្កើតឱ្យមានជាសាលារៀន និងថ្នាក់រៀននេះឡើង សម្រាប់បងប្អូនដែលជាជនភៀសសឹក៕






















