រដ្ឋមន្ត្រី ហួត ហាក់ ណេនាំឲ្យពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅក្រៅប្រទេស
20-01-2026 12:09
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ, លោកអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ប្រមាណ ៦០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។
រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនេះ ជាកិច្ចការងារសំខាន់សម្រាប់ក្រសួងទេសចរណ៍ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់ទឹកថ្លា ទៅក្នុងទឹកល្អក់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់នាពេលកន្លង ដើម្បីចូលរួមក្នុងការសម្រេចបាននូវលទ្ធផលការងារ គួរជាទីកត់សម្គាល់ ជាពិសេសនៅក្នុងរដូវកាលសាមគ្គីភាព ដែលបងប្អូនបានរួបរួមគ្នានៅក្នុងគ្រាដ៏លំបាកជួយជាកម្លាំងជួរក្រោយដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។
សូមបញ្ជាក់ជូនថា នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស គឺជាអង្គភាពទី៧ ដែលលោករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំ៕












