រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អំពាវនាវដល់មន្ត្រីរាជការ ទាំងអស់ចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះវីរកងទ័ពជួរមុខ
20-01-2026 06:34
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្រ្តីរាជការជាច្រើនរូបទៀត។
កម្មវិធីផ្ដល់ឈាមនាពេលនេះមានគោលបំណងរួម គឺដើម្បីយកទៅជួយសង្គ្រោះដល់ជនគោលដៅមានដូចជា វីរយុទ្ធជនកម្ពុជាដែលរងរបួស និងមានតម្រូវការឈាមក្នុងស្ថានភាពចាំបាច់ និងប្រជាជនស្ថិតក្នុងការសង្គ្រោះអាយុជីវិតបន្ទាន់។ ទន្ទឹមនឹងនេះការផ្តល់ឈាមមាន អត្ថន័យ និងគោលបំណងសំខាន់២ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។
លោករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការទាំងអស់សូមបន្តគាំទ្រ និងចូលរួមក្នុងកិច្ចការមនុស្សធម៌ដ៏មានតម្លៃនេះបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលមានតម្រូវការឈាមចាំបាច់បំផុត ព្រោះការផ្ដល់អំណោយឈាមនាពេលនេះគឺជាកាដូនៃសេចក្តីស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះវីរកងទ័ពជួរមុខ និងជនរួមជាតិខ្មែរទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជាភាតរភាពរបស់ប្រជាជនកម្ពុជា៕
































