ស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ត្រូវបានជ្រើសរើសជាស្លាកសញ្ញាដែលមាន «ការរចនាពេញនិយមបំផុតរបស់អាស៊ាន»
20-01-2026 07:37
(ភ្នំពេញ)៖ ស្លាកសញ្ញាថ្មី (Logo) របស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ដែលបានរចនាថ្មី និងដាក់ប្រើប្រាស់កាលពីពេលថ្មីៗនេះ ត្រូវបានជ្រើសរើសជាស្លាកសញ្ញា ដែលមាន «ការរចនាដែលពេញនិយមបំផុតរបស់អាស៊ាន» និងកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យោងតាមការទំព័រហ្វេសប៊ុក ASEAN Beauty Pageant បានបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតជាសាធារណៈយ៉ាងស្វិតស្វាញ ចំនួនពីរជុំនៅលើវេទិកាប្រកួតសម្រស់អាស៊ាន ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានទទួលជ័យជម្នះ ដោយត្រូវបានជ្រើសរើសជាផ្លូវការ ថាជាស្លាកសញ្ញាដែលមាន «ការរចនាពេញនិយមបំផុតរបស់អាស៊ាន» ដែលបានវ៉ាដាច់ឡូហ្គោក្រុមហ៊ុនដៃគូប្រកួតប្រជែងជាច្រើន។
ការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ឡូហ្គោ ដែលមានការរចនាពេញនិយមបំផុតរបស់អាស៊ាននេះ បានឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃអត្តសញ្ញាណជាតិ និងសោភ័ណភាពទំនើប ដែលលេចធ្លោនៅទូទាំងតំបន់។
កាលពីថ្ងៃទី ១៥ មករា ឆ្នាំ ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវ ស្លាកសញ្ញា និងការរចនាលើយន្តហោះថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវ ស្លាកសញ្ញា និងការរចនាលើយន្តហោះថ្មី គឺជាការប្រកាសឈានចូលយុគសម័យថ្មី ជាមួយនឹងការបង្ហាញរូបរាងថ្មីនៃនិមិត្តសញ្ញា (New Logo) និងរចនាបទលើតួយន្តហោះថ្មី (New Livery) ដ៏ទំនើប រួមជាមួយការស្វាគមន៍សមាជិកថ្មីគឺយន្តហោះប្រភេទ ATR72-600 នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្តូរមុខមាត់ថ្មីនេះ មិនត្រឹមតែជាការធ្វើទំនើបកម្មរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកវិសាលភាពជើងហោះហើរ និងលើកកម្ពស់គុណភាពសេវាកម្មឱ្យកាន់តែប្រសើរឡើង ដើម្បីបម្រើជូនដល់អ្នកដំណើរជាតិ និងអន្តរជាតិ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបន្ថែមថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនថា ការដាក់ឱ្យប្រើប្រាស់ នូវការរចនាអត្តសញ្ញាណថ្មីរបស់យើង នឹងត្រូវធ្វើឡើងជាដំណាក់កាល។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ លោកអ្នកអាចនឹងនៅតែឃើញនិមិត្តសញ្ញាចាស់របស់យើង មានវត្តមាននៅលើយន្តហោះមួយចំនួន វេទិកាឌីជីថល និងសម្ភារៈផ្សព្វផ្សាយផ្សេងៗ។ ចំពោះការកែប្រែរូបរាង និងតួរចនាយន្តហោះថ្មី នឹងត្រូវធ្វើឡើងបន្តិចម្តងៗក្នុងពេលដែលយន្តហោះទទួលការថែទាំជាប្រចាំ។ ការអនុវត្តនេះ គឺដើម្បីធានាឱ្យបានថា រាល់ប្រតិបត្តិការហោះហើររបស់យើងនៅតែរក្សាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់អ្នកដំណើរគ្រប់រូប»។
លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ស្លាកសញ្ញាថ្មី និងប្រភេទយន្តហោះចម្រុះថ្មីៗ ដែលជាផលិតរបស់ អាមេរិក, អឺរ៉ុប ចិន ទៅក្នុងប្រតិបត្តិរបស់ខ្លួន គឺជាការរក្សានូវអធិបតេយ្យ និងតុល្យភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ ជាមួយគ្នាវាបានបញ្ជាក់ពីជំហរជាអន្តរជាតិ របស់ប្រទេសកម្ពុជា និងពង្រឹងជំហរគោលនយោបាយជាតិ និងគោលនយោបាយការបរទេស ឯករាជ្យភាពជាតិ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា៕












