រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន លើការផ្សព្វផ្សាយព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

20-01-2026 15:06

(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ចាំបាច់មួយចំនួន លើការផ្សព្វផ្សាយព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក ម៉ែន អេង បានស្នើលោក លោកស្រី ចាងហ្វាងការផ្សាយកាសែតគេហទំព័រ និងភ្នាក់ងារសារព័ត៌មានទាំងអស់ ប្រចាំនៅខេត្តស្វាយរៀង ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈ និងយោគយល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ។

ម៉្យាងទៀត ក្នុងនាមយើងជាអ្នកសារព័ត៌មាន ត្រូវចៀសវាងធ្វើការចោទប្រកាន់ចំពោះនរណាម្នាក់ ដោយពុំមានឯកសារ ភស្តុតាងច្បាស់លាស់នោះដែរ ដែលជាហេតុនាំឲ្យក្លាយទៅជាព័ត៌មាន ប្រាសចាកអំពីវិជ្ជាជីវ: អ្នកសារព័ត៌មានអាជីព។ នេះជាការបញ្ជាក់បន្ថែម របស់លោក ម៉ែន អេង។

លោក ម៉ែន អេង បានបន្តទៀតថា ក្នុងនាមជាអ្នកសារព័ត៌ មានអាជីពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺមុននឹងផ្សាយព័ត៌មានរសើប​ ត្រូវព្យាយាមសួរមកមន្ត្រី ឬស្ថាប័នអ្នកនាំពាក្យ ជាមុនសិន ចៀសវាងផ្សព្វផ្សាយព័ត៌មានខុស ពីការពិតដែលជាហេតុធ្វើឲ្យមជ្ឈដ្ឋានទូទៅ មានការភាន់ច្រឡំចំពោះការផ្សព្វផ្សាយព័ត៌មានទាំងនោះ។ ម៉្យាងទៀត អ្នកសារព័ត៌មានទាំងអស់ ត្រូវជួយសហការ ក្នុងការផ្ដល់ព័ត៌មានមកថ្នាក់ដឹកនាំ ឬស្ថាប័នដែលមាន ការពាក់ព័ន្ធជាមុនសិន ដើម្បីមានវិធានការដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ ដើម្បីបម្រើឲ្យប្រយោជន៍ជាតិ និងសង្គមជាធំ។

អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះ លោកនឹងយកនូវយោបល់ ក៏ដូចជាសំណូមពរទាំងអស់ របស់បងប្អូនអ្នកសារព័ត៌មាន នៅក្នុងខេត្តស្វាយរៀង ដើម្បីយកទៅធ្វើការប្រជុំជាមួយថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធ្វើជាគន្លឹះ ដើម្បីដោះស្រាយនាពេលខាងមុខ ព្រមទាំងនឹងស្នើឲ្យមានការជួបជុំ ជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងមួយឆ្នាំយ៉ាងហោចណាស់ ឲ្យបានពីរដងដើម្បីសួរជាសំណួរ និងផ្ដល់ជាចម្លើយជាមួយគ្នា ឲ្យបានជិតស្និទ្ធច្បាស់លាស់ បានថែមមួយកម្រឹតទៀត៕