ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការកើនឡើងកំណើនសេដ្ឋកិច្ច, លំហូរវិនិយោគបរទេស, ការនាំចេញ និងទេសចរ ឆ្លុះបញ្ចាំងថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅតែត្រឹមត្រូវ, ចាំបាច់ និងសមស្រប
20-01-2026 15:50
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការកើនឡើងនូវកំណើនសេដ្ឋកិច្ច, លំហូរវិនិយោគបរទេស, ការនាំចេញ និងកំណើនភ្ញៀវទេសចរបរទេសបង្ហាញច្បាស់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋាភិបាល នៅតែត្រឹមត្រូវ, ចាំបាច់ និង សមស្រប ប៉ុន្តែត្រូវសម្រួចបន្ថែម និង អនុវត្តប្រកបដោយភាពបត់បែន ទៅតាមនិន្នាការ និងបរិការណ៍នៃការប្រែប្រួលថ្មី។
ការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្តនយោបាយ កាន់តែស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និង ពាណិជ្ជកម្មអន្ដរជាតិ, ការងើបមកវិញនៃនិន្នាការឯកតោភាគី- និយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា និងការប្រែប្រួលអាកាសធាតុ។ល។
អគ្គបណ្ឌិតសភាចារ្យបន្ថែមថា ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេសចាប់តាំងពីដើមនីតិកាលទី៧នេះ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនិង កំពុងជំរុញអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ទន្ទឹមគ្នានឹង កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និង វិធានការគន្លឹះ ចំនួន៥ សំដៅខិតខំជម្នះឲ្យបាននូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានអន្តរាគមន៍ ឲ្យបានទាន់ពេលនិងចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាពខ្ពស់។
អគ្គបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថាទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ ក្នុងបរិការណ៍សកល ក៏ដូចជាត្រូវប្រឈមនឹងការរំលោភ លើអធិបតេយ្យជាតិ និង បូរណភាពទឹកដី យ៉ាងណាក្ដី ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ ៥,២%ក្នុងឆ្នាំ២០២៥ និង ប្រមាណ៥% សម្រាប់ឆ្នាំ២០២៦ នេះ ។
ទន្ទឹមនេះកិច្ចខិតខំឥតរាថយ និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល សំដៅកែលម្អបរិយាកាសសម្រាប់ធុរកិច្ច និង ការវិនិយោគ បានជំរុញឲ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្តកើនខ្ពស់ គួរជាទីមោទនៈ។ ជាក់ស្ដែង ផ្អែកតាមទិន្នន័យរបស់ក្រុមប្រឹក្សា
អភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគពីបរទេស ក្នុងឆ្នាំ២០២៥ កន្លងទៅ មានទំហំទុនសរុបប្រមាណ១០ ប៊ីលានដុល្លារអាម៉េរិក មានកំណើន ៤៥% បើធៀបនឹងឆ្នាំ ២០២៤ ។
ជាមួយគ្នានេះ ក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ក៏បន្តរក្សាបាននូវចលនការកំណើនល្អគួរឲ្យកត់សម្គាល់។ តួយ៉ាងការនាំចេញសរុបក្នុងឆ្នាំ ២០២៥ បានកើនប្រមាណជាង ១៧%, បើធៀបនឹងឆ្នាំ ២០២៤ ។ ចំពោះរំហូរភ្ញៀវទេសចរណ៍, ការធ្វើដំណើរ និង កញ្ចប់ទេសចរណ៍ទីផ្សារឆ្ងាយ របស់ទេសចរបរទេសមកកាន់កម្ពុជា ក៏នៅដំណើរការជាធម្មតា និងមាននិន្នាការកើនផងដែរ តួយ៉ាងដូចជាទេសចរ ពីអឺរ៉ុប, អូស្ត្រាលី និង ឥណ្ឌា ។
អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា «ការសម្រេចបាននូវលទ្ធផលដ៏ល្អខាងលើ បានបង្ហាញច្បាស់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នៅតែត្រឹមត្រូវ, ចាំបាច់ និង សមស្រប, ប៉ុន្តែគប្បីត្រូវបានសម្រួចបន្ថែមនិង អនុវត្ត ប្រកបដោយភាពបត់បែន ទៅតាមនិន្នាការ និង បរិការណ៍នៃការប្រែប្រួលថ្មី»។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាល បានកំណត់គោលដៅ «រក្សាឲ្យបាននូវចលនការកំណើន និង ឈានទៅសម្រេចអត្រាកំណើនខ្ពស់ ក្នុងករណីស្ថានភាពសេដ្ឋកិច្ច សកលមានភាពប្រសើរឡើងវិញ» ដោយប្រកាន់យកអភិក្រម ចំនួន២ ទន្ទឹមគ្នា, ពោលគឺ៖ ទី១. ពុះពារដោះស្រាយបញ្ហាប្រឈមចំពោះមុខ, និង ទី២. គិតគូររៀបចំ និង ដាក់ចេញ នូវវិធានការគោលនយោបាយគាំទ្រកំណើន, ជាពិសេស សម្រាប់វិស័យជាចន្ទល់នៃកំណើន ដែលមិនទាន់ងើបឡើងវិញបានពេញលេញនៅឡើយ រួមមាន៖វិស័យទេសចរណ៍ និង វិស័យសំណង់ និង អចលនទ្រព្យ ជាដើម៕











