ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ណែនាំទីតាំងផ្ដល់សេវាថែទាំកុមាររងគ្រោះដោយសារហិង្សា ត្រូវបើសម្ដីស្រទន់ និងសមរម្យលើកុមាររងគ្រោះ
20-01-2026 16:04
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំដល់អ្នកផ្តល់សេវាមើលថែទាំព្យាបាលកុមាររងគ្រោះ ដោយអំពើហិង្សាដាច់ខាត អ្នកផ្តល់សេវាត្រូវចៀសវាងកុំឲ្យកុមារទទួលរងនូវអំពើហិង្សាលើកទីពីរ នៅកន្លែងផ្តល់សេវា។
ការថ្លែងណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី «ការថែទាំព្យាបាលកុមាររងគ្រោះដោយអំពើហិង្សា (Violence Against Children)» នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។
ថ្លែងនៅក្នុងឱកាស បើកវគ្គបណ្តុះបណ្តាលនាពេលនេះ លោក គួង ឡូន បានផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួនដូចខាងក្រោម៖
* ពេលផ្តល់សេវាជូនអតិថិជន អ្នកផ្តល់សេវាត្រូវចៀសវាងកុំឲ្យអតិថិជនទទួលរងនូវអំពើហិង្សាលើកទីពីរ (Secondary Violence) នៅកន្លែងផ្តល់សេវារបស់យើង។ ពង្រឹងលើការទាក់ទាញអតិថិជនឲ្យមកទទួលសេវានៅក្នុងមូលដ្ឋានសុខាភិបាលឲ្យកាន់តែប្រសើរ ដើម្បីបង្កើនការទុកចិត្តរបស់អតិថិជន
* ត្រូវពង្រឹងលើការធ្វើបដិសណ្ឋាកិច្ចចំពោះអតិថិជនដោយប្រើពាក្យសំដីស្រទន់ និងសមរម្យ, កាយវិការសមរម្យ (ចេះលើកដៃសំពះអតិថិជនដោយក្ដីគោរព), ទឹកមុខ (ដោយបង្ហាញទឹកមុខញញឹម, រួសរាយរាក់ទាក់)
* ពង្រឹងចំណេះដឹង និងជំនាញឲ្យកាន់តែល្អប្រសើរ ដោយត្រូវរៀនបន្តវិជ្ជាសាស្រ្តផ្នែកវេជ្ជសាស្រ្ត (medical science) នេះត្រូវការអភិវឌ្ឍជាប្រចាំ
* ត្រូវធ្វើទំនើបកម្មផ្នែកនេះ ដោយត្រូវបំពាក់សម្ភារ: បរិក្ខាពេទ្យ ទៅតាមការវិវត្តន៏ ផ្នែកបច្ចេកវិទ្យា សង្គម និងសេដ្ឋកិច្ច៕














