អំណោយមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការអុកស្វាម ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៦៦៨គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ

20-01-2026 16:39

(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការអុកស្វាម ត្រូវបានរៀបចំពិធីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦៦៨ គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងភូមិសង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរួមពីលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគ្រប់គ្រងមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

អំណោយមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការអុកស្វាម ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ចំនួន៦៦៨គ្រួសារនេះ គឺក្នុងមួយគ្រួសារៗ ទទួលបានថវិកាចំនួន ២០០,០០០រៀល សម្រាប់ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ការចំណាយចាំបាច់ និងការបំពេញតម្រូវការមូលដ្ឋាន ក្នុងអំឡុងពេលកំពុងជួបប្រទះការលំបាក។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក ឃិត សុធារ៉ា បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបងប្អូនជនភៀសសឹក ដែលកំពុងជួបប្រទះភាពលំបាកដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពសៀម។

លោកអភិបាលស្រុកឆែប ក៏បានលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ប្រើប្រាស់ថវិកាដែលទទួលបានឱ្យមានប្រសិទ្ធភាព សម្រាប់ការរស់នៅប្រចាំថ្ងៃ និងការថែទាំសុខភាពគ្រួសារ។

លោក ឃិត សុធារ៉ា បានថ្លែងបញ្ជាក់ផងដែរថា ការផ្តល់អំណោយមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការអុកស្វាមលើកនេះ បង្ហាញឱ្យឃើញពីស្មារតីសាមគ្គី និងការគាំទ្រដ៏ល្អប្រសើររបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងការរួមចំណែកជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅពេលជួបវិបត្តិ៕