នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកសាស្ដ្រាចារ្យមហាបរិញ្ញា សម វ៉ាន់នី ឪពុកបង្កើតឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ
20-01-2026 16:44
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកសាស្ដ្រាចារ្យមហាបរិញ្ញា សម វ៉ាន់នី ឪពុកបង្កើតឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោកសាស្ត្រាចារ្យមហាបរិញ្ញា សម វ៉ាន់នី គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹម បីបាច់ថែរក្សា និងអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឱ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំ ដែលមានស្នាដៃក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។
ម្យ៉ាងវិញទៀត មរណភាពរបស់លោកសាស្ត្រាចារ្យមហាបរិញ្ញា សម វ៉ាន់នី ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកសាស្រ្ដាចារ្យមហាបរិញ្ញា សម វ៉ាន់នីសូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





