រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

20-01-2026 16:57

(ប៉ៃលិន)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងទី២០ ខែមករា ឆ្នាំ ២០២៦ ក្រោមធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក ប្រធាន-អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តំណាងសង្គមស៊ីវិល ក្រុមយុវជន និងវិស័យឯកជន សរុបចំនួន៣៣៩នាក់។

អង្គសន្និបាតក៏ត្រូវបានប្រារព្វពិធីបិទជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីបើកសន្និបាត លោកស្រីបណ្ឌិត បាន ស្រីមុំ បានសំដែងការកោតសរសើរចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាព អាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច តាមតួនាទីនិងជំនាញរៀងៗខ្លួន ដោយសម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ប្រទេសជាតិ។ លទ្ធផលសម្រេចបានទាំងនេះ កើតឡើងពីការចូលរួមអនុវត្តនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១របស់រាជរដ្ឋាភិបាលកម្ពុជា និងជាឆ្នាំទី៣ ក្រោមការដឹកនាំរបស់សម្ដេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជាត្រីវិស័យចង្អុលទិសសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីបន្តថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលស្ដែងឡើងនៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលយើងទាំងអស់គ្នាត្រូវគាត់សម្គាល់ និងចងចាំជាប្រវត្តិសាស្ត្រ ជាពិសេសគ្រប់ផ្នែក គ្រប់មជ្ឈដ្ឋាន ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពង្រឹងសាមគ្គី ឯកភាពជាតិ ក្នុងចំណោមប្រជាជាតិរបស់យើង ដើម្បីប្រែក្លាយឧបសគ្គទៅជាឱកាស ក្នុងការប្រឹងប្រែងនិងការអភិវឌ្ឍន៍ប្រទេសជាតិយូរអង្វែង សម្រាប់កូនចៅយើងតជំនាន់ ដើម្បីប្រឆាំងនឹងអរិភាពរបស់ប្រទេសថៃដែលតែងតែបង្កការឈ្លានពាន ដោយកម្លាំងប្រដាប់អាវុធមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

នៅក្នុងរបាយការណ៍បូកសរុបរយៈពេលពេញមួយឆ្នាំ ក៏បានរំលេចឡើងនូវសមិទ្ធផលតាមបណ្ដាអង្គភាព មន្ទីរវិស័យនានាទូទាំងខេត្តប៉ៃលិន ដែលទាំងអស់នេះជាសមិទ្ធផលនិងជាមោទនភាពថ្មីបន្ថែមទៀតសម្រាប់ខេត្តប៉ៃលិន ដែលត្រូវរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយពីតំបន់អតីតសមរភូមិក្នុងសង្គ្រាមស៊ីវិលផ្ទៃក្នុង ទៅជាតំបន់ដែលមានការអភិវឌ្ឍន៍រីកចម្រើន។

ជាមួយគ្នានេះ អង្គសន្និបាតបានពិភាក្សាទៅលើប្រធានបទសំខាន់ៗចំនួន៥ ដើម្បីប្រមូលធាតុចូល បញ្ហាប្រឈម និងដំដោះស្រាយរួមមាន៖ ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការទប់ស្កាត់អំពើអាណាចារ និងអំពើហិង្សាក្នុងគ្រួសារ ការប្រយុទ្ធប្រឆាំងនឹងការបោះសំអាតការឆបោកតាមប្រព័ន្ធអនឡាញ ការលើកកម្ពស់សេវាសាធារណៈនិងជំរុញការផ្ដល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ការជំរុញការផ្ដល់សេវាបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំមានឯកសារគ្រប់គ្រាន់ ការសម្របសម្រួល ផ្តល់ជូនការងារសម្រាប់ប្រជាពលរដ្ឋ ជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ និងការជំរុញការបង្កបង្កើតផល និងការស្វែងរកទីផ្សារជូនប្រជាកសិករក្នុងពេលបិទព្រំដែន។

ថ្លែងក្នុងពិធីបិទសន្និបាតលោក អ៊ី ឈាន បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពនិងអាជ្ញាធរគ្រប់ថ្នាក់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍខេត្តប៉ៃលិនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះតាមរយៈប្រធានបទដែលបានដាក់ចេញ លោកបានជំរុញដល់គ្រប់ផ្នែកបន្តយកចិត្តទុកដាក់ ធ្វើយ៉ាងណាប្រែក្លាយលទ្ធផលនៃកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្ដែងក្នុងការបម្រើជូនសេវាជូនប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយបច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបានសង្កត់ធ្ងន់លើចំណុច អាទិភាពមួយចំនួន ដែលរដ្ឋបាលខេត្តត្រូវយកចិត្ត ទុកដាក់រួមមាន៖ សមត្ថកិច្ចជំនាញត្រូវធ្វើការតាមដានត្រួតពិនិត្យទៅលើទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងនៅតាមទីតាំងកាស៊ីណូ ឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ការសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញអនឡាញ ការបង្ក្រាបបទល្មើសនានាដែលកើតមានឡើងនៅមូលដ្ឋាន ដូចជាការបង្ក្រាបក្មេងទំនើង ការជួញដូរ ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុញៀនគ្រប់ប្រភេទ ក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់និងការទទួលខុសត្រូវ បង្កើនការបណ្តុះបណ្តាល អភិវឌ្ឍ ធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសការជំរុញវិស័យ អប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតប ទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម បន្តពង្រឹងការគ្រប់គ្រងដីធ្លីឱ្យកាន់តែប្រសើរ ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសោភ័ណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តប៉ៃលិន។

លោកបានសម្តែងនូវសមានចិត្ត និងគោរពយ៉ាងជ្រាលជ្រៅចំពោះវិញ្ញានក្ខន្ធ វីរ:កងទ័ព វីរ:នគរបាលជាតិ ដែលបានល:បង់ជីវិតក្នុងការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដី នៅសមរភូមិជួរមុខគ្រប់ទីតាំងបើទោះបីជា ខេត្តប៉ៃលិន ដែលមានព្រំដែនជាមួយថៃ ៥៨.៣គីឡូម៉ែត្រ ពុំមានការប្រឈមមុខដោយកម្លាំងប្រដាប់អាវុធក៏ដោយ។ ជាមួយនិងការណែនាំដល់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សាស្ថិរភាពនៅតាមតំបន់ ព្រំដែន ដោយត្រូវពង្រឹងពង្រីកទំនាក់ទំនងល្អ និងទំនុកចិត្តជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសជិតខាង រក្សាភាពអត់ធ្មត់ សំដៅបន្តប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ។

អង្គសន្និបាតក៏លើកទឹកចិត្ត តាមរយៈការបំពាក់គ្រឿងឥស្សរិយយស នឹងបានសរសើរជូនមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន ការប្រគល់ បណ្ណសរសើរនិងលិខិតថ្លែងអំណរគុណ ដល់រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ដែលបានទទួលជ័យលាភី ក្នុងការអនុវត្តភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងបានប្រគល់ម៉ូតូចំនួន ៨គ្រឿង សម្រាប់សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត អធិការក្រុង អធិការស្រុក ក្នុងការបំពេញភារកិច្ចចុះល្បាត ដើម្បីធានាសុវត្ថិភាពជូនជាពលរដ្ឋនៅមូលដ្ឋាន៕