បណ្ឌិត ផុន កសិកា៖ ហេតុអ្វីសិក្សាមុខវិជ្ជាបុរាណវត្ថុវិទ្យា?
20-01-2026 10:04
(ភ្នំពេញ)៖ លោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានដាក់ចេញនូវការស្រាវជ្រាវមួយ ជុំវិញប្រធានបទ «ហេតុអ្វីសិក្សាមុខវិជ្ជាបុរាណវត្ថុវិទ្យា?» ដែលមានខ្លឹមសារដូចតទៅ៖
ព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ ទុកថាជាប្រទេសមានអរិយធម៌ចំណាស់ មានសម្បត្តិវប្បធម៌សម្បូរបែប និងមានសក្តានុពល លើវិស័យទេសចរណ៍វប្បធម៌ ដោយសារមានប្រាសាទបុរាណជាច្រើននៅស្ទើរពាសពេញប្រទេស។ ប្រាសាទបុរាណដ៏ច្រើនទាំងនោះគឺជាសមាសធាតុមួយសម្រាប់ការសិក្សា ស្រាវជ្រាវរបស់អ្នកជំនាញបុរាណវត្ថុវិទ្យា។ ប្រាសាទបុរាណទាំងនោះតម្រូវឱ្យអ្នកជំនាញបុរាណវត្ថុវិទ្យាច្រើននាក់សិក្សាស្រាវជ្រាវឱ្យបានល្អិនល្អន់និងស៊ីជម្រៅនៅតាមស្ថានីយបុរាណ ឬ បុរាណដ្ឋានទាំងនោះ និងបំពេញ ការងារអភិរក្ស។
នៅប្រទេសកម្ពុជា មុខវិជ្ជាបុរាណវត្ថុ វិទ្យាត្រូវបានបណ្តុះបណ្តាលជាលើកដំបូង នៅមហាវិទ្យាល័យបុរាណវិទ្យានៃសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ១៩៦៥ និងបានបើកដំណើរការឡើងវិញនៅឆ្នាំ១៩៨៨ បន្ទាប់ពីត្រូវបានបិទអស់រយៈ១៣ឆ្នាំ(១៩៧៥-១៩៨៨) ដោយសារសង្គ្រាម។ និស្សិតជំនាញបុរាណវត្ថុវិទ្យាក្នុងមួយជំនាន់ៗ មាននិស្សិតយ៉ាងច្រើនត្រឹម៣០នាក់ប៉ុណ្ណោះ។ នៅប្រមាណមួយទសវត្សរ៍ចុង ក្រោយនេះហាក់មិនសូវមាននិស្សិតចាប់ អារម្មណ៍សិក្សារមុខជំនាញបុរាណវត្ថុវិទ្យា ឡើយ។ និស្សិតចុះឈ្មោះចូលសិក្សានៅមហា វិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានមិនដល់៣០នាក់ផង ក្នុងមួយឆ្នាំៗ(មួយជំនាន់ៗ)។ ការណ៍នេះអាច ដោយសារសិស្សនិងនិស្សិតខ្មែរនៅពុំទាន់ បានយល់ដឹងស៊ីជម្រៅអំពីគោលបំណងអត្ថប្រយោជន៍ និង ការងារនៃអ្នកជំនាញ បុរាណវត្ថុវិទ្យា។
អត្ថបទដ៏តូចនេះនឹងបង្ហាញអំពីគោលបំណងនិងអត្ថប្រយោជន៍នៃមុខវិជ្ជាបុរាណវត្ថុវិទ្យា ព្រមទាំងស្ថាប័នមួយចំនួន សម្រាប់អ្នកជំនាញបុរាណវត្ថុវិទ្យាបំពេញ ការងារបន្ទាប់ពីសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ។
សារប្រយោជន៍នៃមុខវិជ្ជាបុរាណវត្ថុ វិទ្យាមុខវិជ្ជាបុរាណវត្ថុវិទ្យាមានគោលបំណងសំខាន់ចំនួន៣គឺ៖ សិក្សាអំពីប្រវត្តិវប្បធម៌, កសាងឡើងវិញនូវជីវិតនិងជីវភាព រស់នៅរបស់មនុស្សក្នុងអតីតកាល, ពន្យល់ អំពីបម្រែបម្រួលវប្បធម៌និងការធ្វើឱ្យបុរាណវត្ថុវិទ្យាមានទំនាក់ទំនងជាមួយបច្ចុប្បន្ន។
ជាមួយគ្នានេះ គោលបំណងនៃ បុរាណវត្ថុវិទ្យាគឺចង់ស្វែងយល់អំពីរបៀបនិង មូលហេតុនៃការប្រែប្រួលអាកប្បកិរិយារបស់ មនុស្សពីសម័យកាលមួយទៅសម័យកាល មួយទៀត។ អ្នកជំនាញបុរាណវត្ថុវិទ្យា ស្រាវជ្រាវអំពីគំរូឬលក្ខណៈ នៃការវិវត្ត ព្រឹត្តិការណ៍វប្បធម៌សំខាន់ៗ ដូចជា ការអភិវឌ្ឍវិស័យកសិកម្ម ការលេចរូបរាងទីក្រុង ការធ្លាក់ចុះនៃអារ្យធម៌ធំៗ។ សំខាន់នោះ គឺអ្នកជំនាញបុរាណវត្ថុវិទ្យាស្រាវជ្រាវអំពីរបៀបដែលអាចទស្សន៍ទាយអំពីការប្រែប្រួលនៃវប្បធម៌ ហើយត្រូវមានគម្រោងល្អៗបែបណាសម្រាប់អនាគត។ ការស្រាវជ្រាវបុរាណវត្ថុវិទ្យាមិនត្រឹមតែសិក្សាលើអ្វីៗ ដែលរៀបរាប់ខាងលើ ប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់នូវចំណេះដឹង បេតិកណ្ឌ និងប្រវត្តិសាស្ត្រសម្រាប់វប្បធម៌ផ្សេងៗទៀតផង។ យើងនឹងមិនអាចដឹងអំពីការអភិវឌ្ឍវប្បធម៌របស់មនុស្សនៅសម័យបុរេប្រវត្តិបានទេ ប្រសិនបើមិនមានការសិក្សាតាមបែបបុរាណវត្ថុវិទ្យា។ ជាងនេះទៀត បុរាណវត្ថុវិទ្យាបង្ហាញអំពីរូបភាពនៃជីវិតរស់នៅ ប្រចាំថ្ងៃរបស់ក្រុមមនុស្ស ដូចជា អ្នកបម្រើ អ្នករុករករ៉ែ និងកម្មករអន្តោរប្រវេសន៍នៅសម័យដំបូងៗ ដែលមិនមានការកត់ត្រាល្អិតល្អន់ពីអ្នកប្រវត្តិសាស្ត្រ។
នៅសម័យបច្ចុប្បន្ន វប្បធម៌មនុស្សត្រូវ បានកត់ត្រាស្ទើរគ្រប់ជ្រុងជ្រោយក្នុងសៀវភៅ ការសែត ទូរទស្សន៍ និង អ៊ិនធឺណែត។ ទោះជាយ៉ាងណា វានៅមានភាពខុសគ្នានូវរបៀបនៃការកត់ត្រា និងអ្វីដែលមនុស្សបានប្រព្រឹត្តិ។ ទោះបីជាឯកសារស្រាវជ្រាវមានសារសំខាន់ខ្លាំង ប៉ុន្តែនៅតែមានភាពលម្អៀងរវាងជំនឿ និងកំហុសរបស់អ្នកដែលផលិតឯកសារ។ អតីកាលរបស់មនុស្សគឺជាបេតិកភណ្ឌវប្បធម៌ ហើយរបៀបនៃការជ្រើសរើសព័ត៌មានយកមកប្រើប្រាស់សម្រាប់មនុស្សជំនាន់ក្រោយគឺមានតួនាទីសំខាន់សម្រាប់អ្នកជំនាញបុរាណវត្ថុវិទ្យា។ ការយល់ដឹងអំពីលក្ខណៈ និងការប្រែប្រួលអាកប្បកិរិយារបស់មនុស្សធ្វើឱ្យ ចំណេះដឹងពីអតីតកាលកាន់តែកើនឡើង និងជួយឱ្យយើងមានផែនការមិនត្រឹមតែនៅពេលអនាគតទេ ប៉ុន្តែសម្រាប់អ្នកជំនាន់ក្រោយដែលត្រូវបន្តវេន។ គេជឿថា បុរាណវត្ថុវិទ្យាមានសារសំខាន់ដើម្បីឱ្យមនុស្សយល់ការពារ និង ឱ្យតម្លៃដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ អ្នកជំនាញបុរាណវត្ថុវិទ្យាទទួល ស្គាល់ពីសារប្រយោជន៍នៃតួនាទីនេះ និង កំពុងអភិវឌ្ឍយន្តការផ្សេងៗសម្រាប់ ផ្សព្វផ្សាយតាមសារពត៌មាន ការបោះពុម្ពផ្សាយតាមអ៊ិនធឺណិត កម្មវិធីសាធារណៈ និង ផ្សព្វផ្សាយដល់សាធារណៈជន អំពីអត្ថប្រយោជន៍នៃវិស័យបុរាណវត្ថុវិទ្យា។
ជាងនេះទៀតថ្មីៗនេះ តួនាទីនៃវិស័យបុរាណវត្ថុវិទ្យាក្នុងកាអភិវឌ្ឍប្រទេស ជាតិបានក្លាយជាប្រធានបទដ៏ធំមួយ។ បុរាណវត្ថុវិទ្យាមានសក្តានុពលក្នុងទស្សនៈអភិវឌ្ឍ។ វិស័យនេះជួយរួមចំណែកក្នុងគរុសិក្សា ការរីកចម្រើនសេដ្ឋកិច្ច ការអភិវឌ្ឍ សង្គមវប្បធម៌ ការយល់ដឹងនិងកំណែទម្រង់នយោបាយ។ ប្រទេសកំពុងអភិវឌ្ឍត្រូវបង្កើន ការប្រើប្រាស់ធនធានដើម្បីពង្រីកការស្រាវជ្រាវវិស័យបុរាណវត្ថុវិទ្យា។
បុរាណវត្ថុវិទ្យាផ្តល់ប្រយោជន៍ដល់វិស័យអប់រំ។ ចំណុចសំខាន់បំផុតមួយនៃបុរាណវត្ថុវិទ្យា គឺវាបានផ្តល់នូវព័ត៌មាន ប្រវត្តិសាស្ត្រស្តីពីសង្គមបុរាណតាំងពីពុំទាន់ មានឯកសារជាលាយលក្ខណ៍អក្សរ។ ក្នុង សង្គមខ្លះមានឯកសារប្រវត្តិសាស្ត្រតាំងពី ២០០០ ឬ ៣០០០មុនមកម៉្លេះ ប៉ុន្តែឯកសារប្រវត្តិសាស្ត្រនៅក្នុងសង្គមខ្លះ គឺទើបតែមាន។
បើគ្មានការស្រាវជ្រាវផ្នែកបុរាណវត្ថុវិទ្យា ប្រវត្តិនៃប្រទេសទាំងនេះនៅតែមានអាថ៌កំបាំង។ បុរាណវត្ថុវិទ្យាក៏មានប្រយោជន៍ដល់សហគមន៍ដែរ ដោយវប្បធម៌ និងអត្តសញ្ញាណជាតិពន្ធុនៃសហគមន៍មួយត្រូវបានអភិរក្សនិងធ្វើឱ្យកាន់តែរឹងមាំ។ នៅទូទាំងពិភពលោក បុរាណវត្ថុវិទ្យាអាចជួយបង្រួបបង្រួមមនុស្សដែលមានបេតិកភណ្ឌដូចគ្នា។
បុរាណវត្ថុវិទ្យាមានប្រយោជន៍ដល់ វិស័យសេដ្ឋកិច្ច។ បុរាណវត្ថុវិទ្យាមានប្រយោជន៍ខ្លាំងណាស់ក្នុងឧស្សាហកម្មទេសចរណ៍ពិភពលោក។ ទេសចរនៅទូទាំង ពិភពលោកសម្រុកទៅទស្សនាស្ថានីយ បុរាណល្បីៗដូចជា តំបន់អង្គរប្រទេសកម្ពុជា ពីរ៉ាមីតក្នុងប្រទេសអេហ្សីប ប្រាសាទក្នុងប្រទេសក្រិច ប្រាសាទម៉ាឈូពីឈូ ប្រទេសប៉េរូ និងមហាកំពែងប្រទេសចិន។ សារមន្ទីរមានទេសចរចូលទស្សនាជាប្រចាំថ្ងៃដើម្បី មើលបុរាណវត្ថុដែលដាក់តាំងក្នុងសារមន្ទីរ។ ជារួមមានសេដ្ឋកិច្ចក្នុងសហគមន៍ ក្នុងតំបន់ ក្នុងប្រទេស និងនៅទូទាំងពិភពលោកដែល ធ្វើឱ្យចំណូលខាងសេដ្ឋកិច្ចកើនឡើង ហើយដែលចំណូលនេះបានមកដោយសារទេសចរណ៍បុរាណវត្ថុវិទ្យា។
* ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សម័យសង្គមរាស្ត្រនិយម ការងារវប្បធម៌ស្ថិតនៅក្រោមឱវាទនៃក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។ សម័យសាធារណរដ្ឋខ្មែរ ទីស្តីការក្រសួងត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង។ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្តីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន។ នៅសម័យព្រះរាជាណាចក្រ កម្ពុជាអាណត្តិទី១ នៃរដ្ឋសភាក្រសួងបានប្តូរឈ្មោះថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានមុខងារ និងភារកិច្ចប្រតិបត្តិនូវនយោបាយការពារថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅនៃព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងរមណីយដ្ឋានវប្បធម៌បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា។ អគ្គនាយកដ្ឋាន បេតិកភណ្ឌមានតួនាទីនិងភារកិច្ចថែរក្សា គ្រប់គ្រងរមណីយដ្ឋានវប្បធម៌បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា និងមាននាយកដ្ឋាន៤ ប្រតិបត្តិការងារ ដូចជា នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា, នាយកដ្ឋានបុរាណវត្ថុ, នាយកដ្ឋានសារមន្ទីរ និងនាយកដ្ឋាន គាំពារនិងអភិរក្សសំណង់បុរាណ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលគ្រប់គ្រងស្ថានីយបុរាណទាំងអស់ក្នុងទូទាំង ប្រទេសកម្ពុជា លើកលែងតែស្ថានីយដែល គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាក្នុងខេត្តសៀមរាប, និងស្ថានីយដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិព្រះវិហារក្នុងខេត្តព្រះវិហារ។ គោលបំណងធំមួយរបស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ គឺជំរុញនិងលើកទឹកចិត្តដល់ការស្រាវជ្រាវវិស័យបុរាណវត្ថុវិទ្យា។ អ្នកជំនាញបុរាណវត្ថុវិទ្យាបានលើកទឹកចិត្តឱ្យចូលរួមសហការសិក្សាស្រាវជ្រាវជាមួយដៃគូស្រាវជ្រាវអន្តរជាតិ ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយ អភិរក្ស និងជួសជុល។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចុះបញ្ជីស្ថានីយ បុរាណចំនួនជាង ៤០០០ស្ថានីយនៅទូទាំងប្រទសកម្ពុជា។ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈក៏កំពុងចុះយុទ្ធនាការអប់រំបេតិកភណ្ឌ ដល់ប្រជាពលរដ្ឋនៅតាមខេត្ត រដ្ឋអំណាចមូលដ្ឋានមន្ត្រីនគរបាលព្រះសង្ឃ និង សិស្សនិស្សិតឱ្យយល់ពីតម្លៃបេតិកភណ្ឌ និងរួមចំណែកថែរក្សាការពារ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏កំពុងសាងសង់សារមន្ទីរតាមខេត្ត ដើម្បីទាក់ទាញទេសចរតាមតំបន់ខេត្តនានា។ មួយរយៈពេលកន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានជោគជ័យក្នុងការទប់ស្កាត់ការបំផ្លាញ ស្ថានីយបុរាណពីសំណាក់ប្រជាពលរដ្ឋ ឬក្រុមហ៊ុនឯកជន។ ប៉ុន្តែទោះយ៉ាងណា ក្រសួងកំពុងប្រឈម ជាមួយការបាត់បង់ស្ថានីយបុរាណមួយចំនួនដែរ ដោយសារនៅតែមានការជីកគាស់ បំផ្លាញ មានឈ្មួញមានអំណាចនៅតែបន្តការគាស់បំផ្លាញស្ថានីយបុរាណ។
* អាជ្ញាធរជាតិអប្សរា
អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ (អាជ្ញាធរជាតិអប្សរា ឬ អ.ជ.អ) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជាការឆ្លើយតបជាពិសេសទៅនឹង លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនានា នៃការចុះបញ្ជីរមណីយដ្ឋានអង្គរក្នុង បេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើង ក្នុងខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ រដ្ឋញូមិចសិចកូ នៃសហរដ្ឋអាម៉េរិក។ លើសពីនេះ នៅក្នុងសម័យប្រជុំលើកទី១៩ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាខែធ្នូ ឆ្នាំ១៩៩៥ នៅទីក្រុងប៊ែរឡាំង សេចក្តី ប្រកាសស្តីពីការបង្កើតអាជ្ញាធរជាតិអប្សរា ដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការសាទរ ការពេញចិត្តយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។ បេសកកម្មចម្បងៗ របស់អាជ្ញាធរជាតិអប្សរា រួមមាន៖
- ធានាកិច្ចការពារ ការអភិរក្ស និងការពារសៀមរាប-អង្គរ លើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិនៅក្នុងតំបន់
- បង្កើត និងដឹកនាំការអភិវឌ្ឍ ទេសចរណ៍វប្បធម៌នៃតំបន់សៀមរាប-អង្គរ
- ដឹកនាំសកម្មភាពនៃការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីចូលរួមក្នុងការ អនុវត្តគោល នយោបាយកាត់បន្ថយភាព ក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា
- បង្កើតភាពជាដៃគូជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី
- សហការជាមួយអង្គការ និងស្ថាប័នជាតិ និងអន្តរជាតិនានាដែលមានគោលដៅ ដូចគ្នានឹងការងាររបស់អាជ្ញាធរជាតិអប្សរា ហើយដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សៀមរាប-អង្គរ ។
ស្របពេលដែលអង្គរកំពុងក្លាយជា ទិសដៅទេសចរណ៍ធំជាងគេ អាជ្ញាធរជាតិអប្សរាបានផ្តោតការយកចិត្តទុកដាក់យ៉ាង ខ្លាំងលើគម្រោងទប់ស្កាត់សំណង់ខុសច្បាប់ក្នុងតំបន់អង្គរ។ ការសិក្សាស្រាវជ្រាវផ្នែក បុរាណវត្ថុវិទ្យា និងអភិរក្សប្រាសាទត្រូវធ្វើ ដោយអាជ្ញាធរជាតិអប្សរា និងមានកិច្ចសហការ ជាមួយដៃគូអន្តរជាតិផ្សេងៗផង។ ស្ថាប័នដៃគូ អន្តរជាតិត្រូវមានកម្មវិធីបណ្តុះបណ្តាលនិស្សិត និងកិច្ចសហការជាមួយបុគ្គលិកនិង អ្នកជំនាញបម្រើការក្នុងអាជ្ញាធរជាតិអប្សរា។ ក្នុងពេលដែលចំនួនទេសចរកើនឡើងអាជ្ញាធរ ជាតិអប្សរានឹងទទួលបន្ទុកក្នុងការទទួលខុស ត្រូវកាន់តែខ្លាំងជាងមុន។ អាជ្ញាធរនឹងធ្វើឱ្យ ស្មើភាពគ្នារវាងការជួសជុល អភិរក្ស ការសិក្សាស្រាវជ្រាវ ជាមួយនឹងតម្រូវការរបស់សហគមន៍ ព្រមទាំងសម្របសម្រួលតម្រូវការរបស់ទេសចរដែលជាផ្នែកមួយនៃសេដ្ឋកិច្ច ជាតិកម្ពុជា។
* អាជ្ញាធរជាតិព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារជាអាជ្ញាធរ ជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ។ អាជ្ញា ធរជាតិព្រះវិហារមាននាយកដ្ឋានសេនាធិការចំនួនចំនួន៦ ក្នុងនោះមាន នាយកដ្ឋាន បុរាណវិទ្យា និងប្រាសាទ ដែលមានសកម្មភាពក្នុងកិច្ចការស្រាវជ្រាវបុរាណវត្ថុវិទ្យា។
អាជ្ញាធរបានបង្កើតសារមន្ទីរមួយឈ្មោះ «សារមន្ទីរធម្មជាតិសាកលសម្តេច តេជោ ហ៊ុន សែន ព្រះវិហារ» សម្រាប់ដាក់តាំងបុរាណវត្ថុដែលរកឃើញ និងបើកទទួលឱ្យទេសចរជាតិនិងអន្តរជាតិចូលទស្សនា ដើម្បីស្វែងយល់ពីវប្បធម៌ និងប្រវត្តិនៅតំបន់ព្រះវិហារ។
* អាជ្ញាធរជាតិសម្បូរព្រៃគុក
អាជ្ញាធរជាតិសំបូរព្រៃគុក គឺជាពាក្យកាត់មកពីពាក្យ «អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌នៃប្រាសាទសំបូរព្រៃគុក» ដែលជាគ្រឹះស្ថានសាធារណៈ បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រក ត/០៧១៥/៨១០ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ និងវិសោធនកម្មទៅជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល ស្ថិតនៅក្រោមអាណាព្យាបាលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (លើផ្នែកបច្ចេកទេស) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (លើផ្នែកហិរញ្ញវត្ថុ) ដោយព្រះរាជក្រឹត្យលេខនស/រកត/០២២០/២០៤ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ អាជ្ញាធរនេះមានបេសកកម្ម តួនាទី និងភារកិច្ច អភិរក្ស និង អភិវឌ្ឍតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកឲ្យមានចីរភាព។
អាជ្ញាធរជាតិសំបូរព្រៃគុកមាន៦ នាយកដ្ឋានដែលជាសេនាធិការគឺ៖
១. នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២. នាយកដ្ឋានរមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្សប្រាសាទ
៣. នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្ត្រ
៤. នាយកដ្ឋានអភិវឌ្ឍទេសចរណ៍
៥. នាយកដ្ឋានទេសភាពវប្បធម៌ និងបរិស្ថាន
៦. នាយកដ្ឋានសណ្តាប់ធ្នាប់
* សេចក្តីសន្និដ្ឋាន
ការលើកឡើងខាងលើបានបង្ហាញថា ជំនាញបុរាណវត្ថុវិទ្យាមានសារសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជាដែលមានប្រាសាទបុរាណនិងស្ថានីយបុរាណជាច្រើនត្រូវសិក្សាស្រាវជ្រាវនិងអភិរក្ស (ដូចបានលើកឡើងអំពីតួនាទីនិងភារកិច្ចនៅតាមស្ថាបនជំនាញមួយចំនួនខាងលើ)។ ដោយកិច្ចការនេះមានតម្លៃធំ ធេងសម្រាប់ជាតិ រាជរដ្ឋាបាលកម្ពុជាមានតួនាទីនិងភារកិច្ចក្នុងការលើកទឹកចិត្តដល់អ្នកជំនាញបុរាណវត្ថុវិទ្យា ដោយការជ្រើសរើសបន្ថែមនូវមន្ត្រីជំនាញបុរាណវត្ថុវិទ្យា និង គាំទ្រគម្រោងផ្នែកបុរាណវត្ថុវិទ្យា ជាដើម ដើម្បីឱ្យសិស្សនិងនិស្សិតមានចំណាប់អារម្មណ៍ក្នុងការសិក្សាជំនាញបុរាណវត្ថុវិទ្យា។
ក្រៅពីកិច្ចការងារនៅតាមស្ថាបនជាតិ ខាងលើជំនាញបុរាណវត្ថុវិទ្យាគឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់មគ្គុទ្ទេសក៍ទេសចរ ព្រោះប្រាសាទបុរាណដ៏ច្រើននៅកម្ពុជាគឺជាគោលដៅទេសចរណ៍ចម្បងសម្រាប់ទេសចរ ជាតិនិងអន្តរជាតិ ដែលត្រូវមានអ្នកជំនាញពន្យល់បកស្រាយ។ មគ្គុទ្ទេសក៍ទេសចរដែលបានសិក្សាជំនាញបុរាណវត្ថុវិទ្យានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌ អរិយធម៌និងប្រវត្តិសាស្ត្រប្រទេសជាតិ៕






