Fresh Exclusive: ភ្នំខ្មោច និងការបំភ្លៃប្រវត្តិសាស្ត្ររបស់ថៃ៖ អតីតកាលដែលត្រូវបានប្រើជាអាវុធឈ្លានពានសម័យថ្មី

20-01-2026 03:34

(ភ្នំពេញ)៖ ក្នុងពិភពលោកដែលច្បាប់អន្តរជាតិគួរតែជាខ្សែគន្លងសម្រាប់ដោះស្រាយជម្លោះ មានប្រទេសមួយចំនួននៅតែជ្រើសរើសប្រើ «ការចងចាំខុស» ជាអាវុធនិងយក «អារម្មណ៍ជាតិនិយម» មកធ្វើជាលេសដោះសារ ដើម្បីលាក់បាំងអំពើឈ្លានពានរបស់ខ្លួន។

នៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ មានទីកន្លែងមួយដែលស្នាមប្រវត្តិសាស្ត្រ ត្រូវបានចារជាប់ដោយឈាមជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ជាឧក្រិដ្ឋកម្មដែលត្រូវបានព្យាយាមបិទបាំងអស់ជាច្រើនទសវត្សរ៍។ ប៉ុន្តែអ្វីដែលគេចង់លាក់នោះ ពេលនេះបែរជាក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីលំនាំអាកប្បកិរិយា និងយុទ្ធសាស្ត្រដែលថៃកំពុងបន្តប្រើនៅលើព្រំដែនកម្ពុជាមកទល់សព្វថ្ងៃនេះ។

ខ្សែភាពយន្តឯកសារ Ghost Mountain: The Second Killing Fields of Cambodia បង្ហាញពី សោកនាដកម្មពិតប្រាកដ នៃការសម្លាប់រង្គាលជនភៀសខ្លួនខ្មែរ នៅភ្នំខ្មោចក្នុងឆ្នាំ១៩៧៩ ដោយទាហានថៃ ការបង្ខំឲ្យដើរកាត់ចម្ការមីន ការបាញ់សម្លាប់ និងការទម្លាក់ពីលើជ្រលងភ្នំ។ ភស្តុតាងជាអន្តរជាតិអំពីព្រឹត្តិការណ៍នេះ មានភាពច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បានតាមឯកសារជាច្រើន។ ទោះជាយ៉ាងណា ចំណុចគួរឱ្យព្រួយបារម្ភបំផុតមិនមែនស្ថិតនៅអតីតកាលទេ ប៉ុន្តែស្ថិតនៅការរស់ឡើងវិញនៃទស្សនៈ និងអាកប្បកិរិយាដែលធ្លាប់នាំទៅកាន់ភ្នំខ្មោច ឥឡូវនេះប្រែរូបរាងជាយុទ្ធសាស្ត្រនយោបាយ និងយោធាសម័យថ្មីនៅក្នុងទង្វើឈ្លានពានទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

* ភ្នំខ្មោច៖ អំពើសងសឹកដែលកើតពីការចាញ់ក្តី ICJ

អ្នកជំនាញនយោបាយ និងអ្នកប្រវត្តិសាស្ត្រជាច្រើន រួមទាំងបណ្ឌិត ឥន សុផល បានបញ្ជាក់ថា ការសម្លាប់ជនភៀសខ្លួនខ្មែរ នៅតំបន់ដែលពេលនេះត្រូវបានគេហៅថា «ភ្នំខ្មោច» មិនមែនជាអំពើហិង្សាដោយចៃដន្យ ឬជាផលវិបាកសង្គ្រាមតាមព្រំដែនធម្មតាឡើយ។ វាជាអំពើសងសឹកជាតិនិយម ដែលមានឫសគល់ជ្រៅពីការចាញ់ក្តីប្រាសាទព្រះវិហាររបស់ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ ការចាញ់ក្តីមួយដែលថៃមិនដែលទទួលយកក្នុងមនសិការនយោបាយ និងការចងចាំក្នុងអារម្មណ៍ជាតិនិយមជ្រុលរបស់ខ្លួនឡើយ។

ជំនួសឲ្យការគោរពសេចក្តីសម្រេចច្បាស់លាស់របស់តុលាការអន្តរជាតិ ដែលជាគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោក ថៃបានបម្លែង «ការចាញ់ក្តីតាមច្បាប់» ទៅជា «គំនុំសងសឹកតាមអារម្មណ៍» ដោយបញ្ចេញវាទៅលើប្រជាជនខ្មែរទន់ខ្សោយ ដែលជាជនភៀសខ្លួន និងដែលគ្មានអាវុធ គ្មានសិទ្ធិនិយាយ និងគ្មានការការពារពីរដ្ឋណាមួយឡើយ។

បរិបទនយោបាយនៃចុងទសវត្សរ៍១៩៧០ បានផ្តល់ឱកាសឲ្យអារម្មណ៍សងសឹកនេះ ផ្ទុះឡើងដោយគ្មានការទប់ស្កាត់។ ខណៈកម្ពុជាទើបរួចផុតពីអំពើប្រល័យពូជសាសន៍ និងរដ្ឋាភិបាលថ្មីបានស្ថិតនៅក្នុងភាពមិនទាន់រៀបរយនាពេលនោះ ជនភៀសខ្លួនខ្មែរ បានក្លាយជាគោលដៅងាយរងគ្រោះបំផុត សម្រាប់ការបញ្ចេញកំហឹងជាតិនិយមថៃ ដែលពួកគេពេលនោះមិនអាចធ្វើដាក់ទៅលើរដ្ឋ ឬលើតុលាការអន្តរជាតិបាន។

អ្វីដែលធ្វើឲ្យសោកនាដកម្មនេះ កាន់តែធ្ងន់ធ្ងរគឺការពិតថា ការសងសឹកមិនត្រូវបានអនុវត្តលើអ្នកកាន់អំណាចកម្ពុជាក្នុងពេលនោះទេ ប៉ុន្តែត្រូវបានបញ្ចេញលើអ្នកដែលគ្មានសមត្ថភាពការពារខ្លួន។ ជនភៀសខ្លួនខ្មែរ មិនមែនជាភាគីក្នុងជម្លោះតុលាការអន្តរជាតិឡើយ ប៉ុន្តែបែរជាក្លាយជាអ្នកសងគ្រោះជំនួស សម្រាប់ការឈឺចាប់ផ្នែកនយោបាយ និងអត្តសញ្ញាណជាតិរបស់ថៃ។

* ភស្តុតាងបាតដៃប្រឡាក់ឈាមដែលថៃមិនអាចបដិសេធបាន

ឯកសារបង្ហាញតឹកតាងរបស់អ្នកសារព័ត៌មានអង់គ្លេស លោក William Shawcross ដែលបានបញ្ជាក់ថា មានជនភៀសខ្លួនខ្មែរប្រហែល៥០,០០០នាក់ ត្រូវបានថៃចាប់បង្ខំបណ្តេញពួកគេចេញ ដោយភ្ជង់កាំភ្លើង និងបាញ់ទម្លាក់ពីលើច្រាំងថ្មចោត ពួកគេត្រូវដើរកាត់ចម្ការមីនត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយពុំមានអាហារ និងទឹកនៅទីនោះទេ។

ឯកសារពីអតីតឯកអគ្គរដ្ឋទូតអាមេរិកលោក Morton Abramowitz ដែលបានផ្សព្វផ្សាយលិខិតរបស់ជនរងគ្រោះ ដែលបានជាប់ជើងភ្នំ បានបញ្ជាក់អំពីចំនួនអ្នកដែលនៅរស់មានចំនួនប្រហែល១,០០០នាក់ មានអ្នកខ្លះធ្លាក់ខ្លួនឈឺធ្ងន់ គ្មានអាហារ គ្មានទឹករយៈពេលជាង១០ថ្ងៃ ខណៈកំណត់ត្រារបស់បុគ្គលិករបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR លោកស្រី Yvette Pierpaoli ដែលបានជួយសង្គ្រោះជនភៀសខ្លួនផ្ទាល់ ដោយលោកស្រីបានបញ្ជាក់ថា អ្នកដែលនៅរស់មានចំនួន៩២២នាក់ប៉ុណ្ណោះ។

ឯកសាររបស់កាកបាតក្រហមអន្តរជាតិ (ICRC) ក្នុងលិខិតចុះថ្ងៃទី២៩ មិថុនា ១៩៧៩ ផ្ញើទៅទីក្រុងហ្សឺណែវ ស្តីពីទាហានថៃ បញ្ជូនជនភៀសខ្លួនខ្មែរដោយបង្ខំឱ្យដើរកាត់ចម្ការមីន និងបាញ់សម្លាប់អស់ជាង៤០,០០០នាក់។

បើយោងតាមការបញ្ជាក់របស់ឯកសារដទៃទៀត ដូចជាឯកសាររបស់កងទ័ពវៀតណាម ដែលបានចូលទៅជួយសង្គ្រោះជនភៀសខ្លួនកំពុងជាប់នៅក្នុងចម្ការមីន បានបញ្ជាក់ថា ពួកគេជួយបានប្រជាជនចំនួនប្រហែល២,០០០នាក់ ទៅ៣,០០០នាក់ចេញពីចម្ការមីន។ ដូច្នេះជនភៀសខ្លួនដែលទាហានថៃបញ្ជូនទៅជិត៥០,០០០នាក់នោះ នៅរស់រានមានជីវិតយ៉ាងច្រើនជាង៤,០០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែទាហានថៃ បានបញ្ជូនជនភៀសខ្លួនមកសម្លាប់នៅកន្លែងនោះជាច្រើនលើកច្រើនសារ តាំងពីខែមេសា ឆ្នាំ១៩៧៩។ បើសរុបខ្មែរភៀសខ្លួនស្លាប់នៅទីនោះ មានប្រមាណជិត១០ម៉ឺននាក់។

ការលើកយកភស្តុតាងអន្តរជាតិទាំងនេះ មិនមែនដើម្បីញុះញង់អារម្មណ៍ស្អប់ខ្ពើម ឬបង្កជម្លោះថ្មីឡើយ ប៉ុន្តែដើម្បី បិទច្រកការបដិសេធ និងការបំភ្លៃប្រវត្តិសាស្ត្រ ដែលកំពុងត្រូវបានប្រើជាឧបករណ៍នយោបាយ។ ភស្តុតាងទាំងនេះ បញ្ជាក់ថា សោកនាដកម្មភ្នំខ្មោច មិនមែនជារឿងប្រឌិត ឬការចោទប្រកាន់តែមួយភាគីទេ ប៉ុន្តែជាការពិតដែលត្រូវបានកត់ត្រាដោយពិភពលោក។

ភស្តុតាងមិនអាចត្រូវបដិសេធបាន ពីព្រោះវាបានមកពីប្រភពឯករាជ្យជាច្រើនអ្នកសារព័ត៌មានបរទេស អ្នកការទូត ស្ថាប័នអង្គការសហប្រជាជាតិ និងស្ថាប័នមនុស្សធម៌អន្តរជាតិ ដែលរាយការណ៍ស្របគ្នាអំពីចំនួនជនភៀសខ្លួន ការបង្ខំបណ្តេញ ការបាញ់សម្លាប់ និងចំនួនអ្នករស់រានមានជីវិតតិចបំផុត។ ភាពស្របគ្នានេះ បង្ហាញថា វាមិនមែនជាហេតុការណ៍ចៃដន្យទេ ប៉ុន្តែជាលំនាំអំពើមានចេតនា ដែលមិនអាចលុបលាងដោយការបដិសេធនយោបាយបានឡើយ។

ហេតុនេះហើយ អ្វីដែលថៃព្យាយាមបដិសេធ នឹងមិនអាចបំភ្លេចការពិតនៅអតីតកាលបានទេ ព្រោះការពិតមានឯកសារ ហើយឯកសារមិនភ័យខ្លាចពាក្យបដិសេធឡើយ។

* រដ្ឋមន្ត្រីថៃ ប្រើព័ត៌មានមិនពិតដើម្បីចង់បិទបាំងអំពើឈ្លានពាននិងឧក្រិដ្ឋកម្ម

យោងតាមសារព័ត៌មានថៃ Wassana Nanuam (១៩ មករា ២០២៦) ដែលដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាត់ថាផុន ណាក់ផានីត លោកបានអះអាងថា តំបន់នៅតាមបណ្តោយព្រំដែន ដែលយោធាថៃកំពុងប្រើកម្លាំងចូលកាន់កាប់នៅបច្ចុប្បន្ននេះ គឺជា «ទឹកដីថៃ»” ហើយថា តំបន់ទាំងនោះត្រូវបានកម្ពុជាកាន់កាប់អស់រយៈពេល៤០-៥០ឆ្នាំ។ ប៉ុន្តែសម្តីអះអាងនេះផ្ទុយពីតក្កវិជ្ជានៃការពិត និងបរិបទប្រវត្តិសាស្ត្រដោយសារពីរចំណុចសំខាន់៖

១. តក្កវិជ្ជាប្រវត្តិសាស្ត្រ និងសមត្ថភាពរដ្ឋ៖ កម្ពុជា ៤០-៥០ឆ្នាំមុន គឺជាប្រទេសដែលទើបឆ្លងកាត់វិបត្តិធំៗក្នុងស្រុក ស្ថាប័នរដ្ឋមិនទាន់ទំនើប និងក៏មិនទាន់ស្ថិតស្ថេររឹងប៉ឹងមាំមួន សង្គមរងរបួសធ្ងន់ និងធនធានយោធាគ្មានលក្ខណៈដែលអាចដំណើរការជា «យុទ្ធសាស្ត្រឈ្លានពានក្រៅព្រំដែន» បានឡើយ។ ដោយឡែកការឈ្លានពានទឹកដីប្រទេសជិតខាង ត្រូវការកម្លាំងយោធាទៀងទាត់ ការផ្គត់ផ្គង់ ការគ្រប់គ្រង និងសមត្ថភាពរដ្ឋក្នុងការកាន់កាប់អស់រយៈពេលយូរអ្វីៗដែលមិនសមស្របជាមួយស្ថានភាពកម្ពុជានៅគ្រានោះឡើយ។ ដូច្នេះ «រឿងរ៉ាវ ៤០-៥០ឆ្នាំ» នេះ មើលទៅជាការបង្កើតនិទានកថានយោបាយ ដើម្បីបង្ហាញរឿងគួរឱ្យអស់សំណើចថា ថៃ «យកដីមកវិញ» ជំនួសឲ្យការពិតដែលថៃបានចូលឈ្លានពាន និងកំពុងចូលកាន់កាប់។

២.តម្រូវការភស្តុតាងតាមច្បាប់អន្តរជាតិ៖ ក្នុងជម្លោះព្រំដែន សេចក្តីអះអាងអំពី «ទឹកដីជាប្រទេសខ្លួន» មិនអាចឈរលើពាក្យនិយាយ ឬលើអារម្មណ៍ជាតិនិយមបានទេ។ វាត្រូវឈរលើឯកសារផ្លូវការ ផែនទី សន្ធិសញ្ញា និងយន្តការដោះស្រាយតាមច្បាប់។ បើគ្មានការបង្ហាញភស្តុតាងស្របច្បាប់ និងមិនឆ្លងកាត់វិធីសាស្ត្រ ដោះស្រាយជម្លោះដែលទទួលស្គាល់ជាអន្តរជាតិ នោះសម្តីអះអាងគ្រាន់តែជាការប្រើ «ការបកស្រាយ» ដើម្បីគ្រប់គ្រងការយល់ឃើញសាធារណៈ និងបំបាត់សំណួរធំៗអំពីភាពស្របច្បាប់នៃការប្រើកម្លាំង។

ហេតុនេះ សម្តីចោទប្រកាន់ថា «កម្ពុជាកាន់កាប់ ៤០-៥០ឆ្នាំ» មានន័យនយោបាយច្បាស់ថា៖ ព្យាយាមបម្លែងថៃពី «អ្នកឈ្លានពាន» ទៅជា «ជនរងគ្រោះ»។ នេះជាយុទ្ធសាស្ត្រផ្សព្វផ្សាយមួយ ដែលធ្វើឲ្យការចូលបំពានកាន់កាប់ដោយកម្លាំង ត្រូវបានបង្ហាញថា «សុទ្ធតែជាការការពារទឹកដី» ដោយបំបិទការពិតនៃអំពើឈ្លានពានរបស់ខ្លួន មិនឱ្យសាធារណជនអាចមើលឃើញឡើយ។

បើមើលពីទង្វើជាក់ស្តែង ការអះអាងរបស់ថៃនេះ មិនមែនជាការយល់ច្រឡំ ឬការបកស្រាយខុសដោយចៃដន្យឡើយ ប៉ុន្តែជាយុទ្ធសាស្ត្រដែលមានចេតនាច្បាស់លាស់ ក្នុងការបម្លែងដីដែលបាន «ប្លន់» ពីកម្ពុជា ឲ្យក្លាយជាការអះអាងសិទ្ធិ។ យុទ្ធសាស្ត្រនេះ ដំណើរការតាមរយៈការប្រើព័ត៌មានក្លែងក្លាយ បង្កើតរូបភាពកាន់កាប់ដោយការដាក់កម្លាំងយោធារយៈពេលវែង សាងសង់របង និងហេដ្ឋារចនាសម្ព័ន្ធ បង្កើតសហគមន៍ ឬអភិវឌ្ឍជាទេសចរណ៍ ដើម្បីធ្វើឱ្យ «ការកាន់កាប់ខុសច្បាប់ដោយកម្លាំង» មើលទៅដូចជាស្ថានភាពធម្មតា។ នៅពេលសភាពជាក់ស្តែងលើដីត្រូវបានបង្កើតរួចរាល់ ថៃរំពឹងថា ប្រវត្តិសាស្ត្រឈ្លានពានមួយនឹងត្រូវបានសរសេរឡើងវិញ ដើម្បីគាំទ្រអំពើដែលបានយកដីខ្មែរធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន។

ហេតុនេះ ចាប់ពីការបង្ខំជនភៀសខ្លួនខ្មែរ ឲ្យដើរកាត់ចម្ការមីននៅឆ្នាំ១៩៧៩ រហូតមកដល់ការកម្ទេចប្រាសាទបុរាណ និងការអះអាងទឹកដីតាមរយៈអំពើ «ប្លន់» សម័យថ្មីនៅសតវត្សទី២១ លំនាំអាកប្បកិរិយារបស់ថៃ មិនបានផ្លាស់ប្តូរឡើយ មានតែភាសានយោបាយ និងរបៀបបិទបាំងប៉ុណ្ណោះដែលផ្លាស់ប្តូរ។ ទោះជាយ៉ាងណាការពិតប្រវត្តិសាស្ត្រ មិនអាចត្រូវបានលុបលាងដោយព័ត៌មានមិនពិតបានឡើយ ហើយសហគមន៍អន្តរជាតិ ក៏មិនអាចត្រូវបានបញ្ឆោតដោយការបង្កើតរឿងរ៉ាវ ដើម្បីលាក់បាំងអំពើឈ្លានពានបានយូរដែរ។

សោកនាដកម្មភ្នំខ្មោច មិនមែនជាសាច់រឿងនៃអតីតកាល ដែលអាចបិទបញ្ចប់ដោយការបដិសេធ ឬការបំភ្លៃប្រវត្តិសាស្ត្របានឡើយ។ វាជាសញ្ញាដាស់តឿនដ៏ច្បាស់ថា មហិច្ឆិតានយោបាយរបស់មេដឹកនាំថៃក្នុងការលើកទឹកចិត្តអារម្មណ៍ជាតិនិយម ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា និងអំពើសម្លាប់រង្គាលជនភៀសខ្លួនខ្មែរនៅឆ្នាំ ១៩៧៩ តាមជួរភ្នំដងរែក មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជា លំនាំយុទ្ធសាស្ត្រដែលកំពុងត្រូវបានបន្តអនុវត្តលើព្រំដែនកម្ពុជា មកទល់សព្វថ្ងៃនេះ។

សម្រាប់កម្ពុជា ការរំលឹកអំពីភ្នំខ្មោច មិនមែនជាការញុះញង់ស្អប់ខ្ពើម ឬការរើសអើងជាតិឡើយ ប៉ុន្តែជា ការការពារយុត្តិធម៌ អធិបតេយ្យភាព និងសេចក្តីពិតប្រវត្តិសាស្ត្រ តាមផ្លូវច្បាប់អន្តរជាតិ ផ្លូវដែលកម្ពុជា បានជ្រើសរើសជាប់លាប់ ទោះជាខ្សោយកម្លាំងយោធាក៏ដោយ។ ប្រវត្តិសាស្ត្រដែលមានឯកសារ មិនអាចត្រូវបានសរសេរឡើងវិញដោយអារម្មណ៍ជាតិនិយម ឬដោយព័ត៌មានក្លែងក្លាយឡើយ។

នៅចុងក្រោយ សន្តិភាពពិតប្រាកដ មិនកើតចេញពីការលាក់បាំងអំពើឈ្លានពាន ឬការបំភ្លៃអតីតកាលទេ ប៉ុន្តែកើតចេញពីការទទួលស្គាល់ការពិត ការគោរពច្បាប់ និងការទទួលខុសត្រូវចំពោះអំពើដែលបានកើតឡើង។ ភ្នំខ្មោច ផ្នូរបញ្ចុះសពជនភៀសខ្លួនខ្មែរ មិនមែនជាផ្នូរនៃការចងចាំដែលគេបានបំភ្លេចនោះទេ ប៉ុន្តែជាសាក្សីប្រវត្តិសាស្ត្រដ៏រស់ ដែលបន្តរំលឹកពិភពលោកថា យុត្តិធម៌អាចត្រូវបានពន្យាពេល ប៉ុន្តែអ្នកកសាងអំពើបាប មិនអាចគេចផុតពីការទទួលខុសត្រូវតាមច្បាប់បានឡើយ៕