កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីដោះស្រាយការបំពុលបរិស្ថានដោយប្លាស្ទិក

20-01-2026 21:32

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា៖ ដំណើរឆ្ពោះទៅសេដ្ឋកិច្ចប្លាស្ទិកចក្រា»។

ពិធីនេះមានការចូលរួមពីលោកស្រី Clemence Schmid នាយក Global Plastic Action Partnership, World Economic Forum (GPAP/WEF) និងលោក Enrico Gaveglia តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន ជាច្រើនរូបទៀត។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត សូមសម្ដែងនូវអំណរគុណដល់ក្រុមការងារ GPAP និង UNDP Cambodia ដែលបានធ្វើបទបង្ហាញសង្ខេបអំពី ផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ដ៏មានសារៈសំខាន់នេះ។ ការសម្រេចបានផែនទីបង្ហាញផ្លូវនេះពិតជាបានឆ្លុះបញ្ចាំងពីកិច្ចខិតខំយ៉ាងមោះមុតរបស់ក្រុមការងារក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័ន ស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អង្គការ-សង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លៀសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលដៅរួម គឺកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តខាងលើនេះ និងក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតីនាយកដ្ឋមន្ត្រី ក្រសួងបរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ២០២៣ -២០២៨ ដែលជាផែនទីតម្រង់ទិស និងចង្អុលបង្ហាញយុទ្ធសាស្ត្រជាអាទិភាព គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព»។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជាច្រើន សំដៅលើកកម្ពស់ «ភាពស្អាតលើដី» «ភាពស្អាតក្នុងទឹក» និង «ភាពស្អាតលើមេឃ»។ ដើម្បីសម្រេចបាន «ភាពស្អាត លើដី» ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងសំណល់ប្លាស្ទិក ដែលជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពសំខាន់ៗផ្សេងទៀតហើយក្រសួងក៏បានដាក់ចេញនូវវិធានការគន្លឹះជាជំហានៗ តាមរយៈយុទ្ធនាការចំនួន៣ ដែលទទួលបានជោគជ័យយ៉ាងធំធេង គឺយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និង សំណល់ ប្លាស្ទិក»។

បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ស្របពេលជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា នៅថ្ងៃនេះ ក្រសួងបរិស្ថានបានកំណត់យកឆ្នាំ២០២៦ ជាឆ្នាំនៃសកម្មភាពជាមួយលទ្ធផលជាក់ស្តែង ដែលជាឆ្នាំដែលយើងរួមដៃគ្នាប្រែក្លាយរាល់សកម្មភាពឱ្យទៅជាផ្លែផ្កាដ៏មានន័យសម្រាប់មាតុភូមិយើង៕