សាលាអន្តរជាតិ Herrington ចុះ MOU វិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី SIM Global Education ដោយមានការគាំទ្រពី DS Education សម្ដៅពង្រឹងស្តង់ដារកម្រិតអន្តរជាតិ
20-01-2026 20:21
(ភ្នំពេញ)៖ សាលាអន្តរជាតិ Herrington បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយនឹងវិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី SIM Global Education ដោយមាន DS Education ជាភ្នាក់ងារអប់រំ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់នូវវិស័យអប់រំកម្រិតស្តង់ដារអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់សម្រាប់សិស្សានុសិស្សឲ្យកាន់តែមានភាពងាយស្រួល នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ។
កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះដែរ ត្រូវបានរៀបចំឡើងនៅសាលាអន្តរជាតិ Herrington ក្នុងបុរីប៉េង ហួតបឹងស្នោរភ្នំពេញ ហើយត្រូវបានចុះហត្ថលេខាដោយ លោក Kevin Hieng ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ Herrington លោកសាស្រ្តាចារ្យ Jorg Bley អនុប្រធានគ្រប់គ្រងអប់រំ (Provost) នៃ SIM Global Education ព្រមជាមួយនឹងលោក Desmond Hong ដែលជានាយកគ្រប់គ្រង និងជាស្ថាបនិកនៃ DS Education Global Consultancy ។ កម្មវិធីនេះ ត្រូវបានចូលរួមពីតំណាងជាន់ខ្ពស់នៃស្ថាប័នទាំងបីខាងលើជាសាក្សីផងដែរ។
ការបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការពង្រឹងភាពជាដៃគូក្នុងការបណ្តុះបណ្តាល និងការលើកកម្ពស់នូវវិស័យអប់រំឲ្យកាន់តែប្រសើរឡើង ដែលអនុញ្ញាតឱ្យសិស្សានុសិស្សនៃសាលាអន្តរជាតិ Herrington បានទទួលយកនូវឱកាសសិក្សាកម្រិតថ្នាក់ឧត្តមដែលទទួលស្គាល់ជាសកល។ ហើយការអភិវឌ្ឍវិស័យអប់រំនេះ គឺមានរចនាសម្ព័ន្ធដ៏រឹងមាំក្នុងការឆ្ពោះទៅកាន់ទិសដៅអប់រំដ៏ត្រឹមត្រូវ និងភាពជាដៃគូកិច្ចសហការដែលជាកូនសោរគន្លឹះយ៉ាងសំខាន់ ក្នុងការគាំទ្រដល់សិស្សានុសិស្សគ្រប់រូប ដើម្បីទទួលបាននូវភាពជោគជ័យ។
ក្នុងសុន្ទរកថាស្វាគមន៍នេះដែរ លោក Kevin Hieng បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាលាអន្តរជាតិ Herrington ចំពោះការឆ្ពោះទៅរកភាពដ៏ល្អប្រសើរនៅក្នុងវិស័យអប់រំ និងជួយដល់សិស្សានុសិស្សឲ្យបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែងជាសកល។ ព្រមជាមួយគ្នានេះផងដែរ លោកក៏បានលើកឡើងថា កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់សាលាអន្តរជាតិ Herrington ក្នុងការពង្រឹងនូវមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំ ទស្សនៈជាពលរដ្ឋសកល និងដំណើរការសិក្សាដ៏ត្រចះត្រចង់ឆ្ពោះទៅកាន់សាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក។
លោកសាស្រ្តាចារ្យ Jorg Bley ដែលជាអនុប្រធានគ្រប់គ្រងអប់រំនៃវិទ្យាស្ថាន SIM Global Education វិញ លោកបានបញ្ជាក់ពីគោលបំណងរបស់ SIM Global Education ដែលសង្កត់ធ្ងន់ថា ការអប់រំ គឺជាកាតាលីករដ៏សំខាន់មួយក្នុងការបង្កើតឱកាសប្រកបដោយសមភាព។ លើសពីនេះទៀតផងដែរ លោកមានប្រសាសន៍ថា SIM Global Education បានប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការពង្រឹងនូវគុណភាពអប់រំតាមរយៈវេទិកា និងកម្មវិធីសិក្សាផ្សេងៗជាច្រើន ដើម្បីឱ្យសិស្សានុសិស្សអាចអភិវឌ្ឍន៍សមត្ថភាពបានយ៉ាងពេញលេញ និងសម្រេចនូវគោលដៅថ្ងៃអនាគតរបស់ពួកគេ ។
បើក្រឡេកមកកាន់ លោក Desmond Hong ដែលជានាយកគ្រប់គ្រង និងជាស្ថាបនិកនៃ DS Education វិញ លោកបានលើកឡើងថា៖ DS Education ពិតជាមានមោទកភាពនៅក្នុងការគាំទ្រកិច្ចសហការនេះ ដោយផ្សារភ្ជាប់ស្ថាប័នអប់រំ និងសិស្សានុសិស្សតាមរយៈភាពជាដៃគូសហការប្រកបទៅដោយទំនុកចិត្ត និងភាពជឿជាក់។ ហើយលើសពីនេះទៀតផងដែរ លោកបានបន្ថែមថា៖ កិច្ចសហការនេះ នឹងជួយតម្រង់ទិសកាន់តែមុតស្រួច និងប្រកបដោយប្រសិទ្ធភាព ដល់សិស្សានុសិស្សក្នុងការចាប់យកឱកាសអប់រំស្តង់ដារកម្រិតខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ។
ត្រឡប់មកវិញ អនុស្សរណៈយោគយល់នេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់សាលាអន្តរជាតិ Herrington វិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី SIM Global Education និង DS Education ក្នុងការបន្តជំរុញកិច្ចសហការទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីអនាគតដ៏ភ្លឺត្រចះត្រចង់នៃដំណើរការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងរបត់នៃការផ្លាស់ប្តូរមជ្ឈដ្ឋានរស់នៅរបស់ពួកគេ។
អំពី SIM Global Education
SIM Global Education គឺជាស្ថាប័នអប់រំឯកជនដ៏ឈានមុខគេមួយនៅក្នុងតំបន់ ដែលផ្តល់ជូនកម្មវិធីសិក្សាជាង ១៤០ កម្មវិធី ចាប់ពីថ្នាក់ឌីប្លូម និងសញ្ញាបត្របញ្ចប់ការសិក្សាកម្រិតឌីប្លូម រហូតដល់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត ដោយចាប់ដៃ សហការជាមួយសាកលវិទ្យាល័យល្បីៗពីបណ្តាលប្រទេសជាច្រើនដូចជា ប្រទេសអូស្ត្រាលី កាណាដា សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ស្ថាប័នរបស់ SIM Global Education មានសិស្សពេញម៉ោង និងក្រៅម៉ោងប្រមាណជា ១៦,០០០ នាក់ ដែលក្នុងនោះប្រហែល ៣៦% ជាសិស្សអន្តរជាតិមកពីជាង ៥០ ប្រទេស។
នៅ SIM Global Education មានកម្មវិធីសិក្សាសម្បូរបែបជាច្រើនប្រកបដោយបរិយាកាសសិក្សាបែបពហុវប្បធម៌ ដែលជួយជំរុញការអភិវឌ្ឍចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និងទស្សនៈជាពលរដ្ឋសកល ដើម្បីឱ្យសិស្សអាចទទួលបានភាពជោគជ័យនៅខណ:ពេលដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងបច្ចេកវិទ្យាដ៏ជឿនលឿន។
អំពីសាលាអន្តរជាតិ Herrington
សាលាអន្តរជាតិ Herrington គឺជាសាលាអន្តរជាតិដ៏ថ្មីមួយដែលមានស្តង់ដារអប់រំលំដាប់ពិភពលោក ដែលនឹងបើកដំណើរការនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ២០២៦ នេះ ដែលមានទីតាំងនៅបុរីប៉េង ហួតបឹងស្នោរ។ សាលាអន្តរជាតិ Herrington ផ្តោតលើកម្មវិធីសិក្សាដែលទទួលស្គាល់ដោយចក្រភពអង់គ្លេស ជាមួយនឹងការសិក្សាបែបរិះរក (Inquiry-Based Learning) មានបរិក្ខារអប់រំទំនើបៗ រួមមានអាងហែលភ្លោះ គន្លងសម្រាប់រត់ ទីលានបាល់បោះ បាល់ទាត់ បន្ទប់សិល្បៈ តន្ត្រី និងបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍសិស្សយ៉ាងទូលំទូលាយថែមទៀតផង ។
លើសពីនេះទៀតផងដែរ សាលាអន្តរជាតិ Herrington ផ្តោតសំខាន់លើគុណភាពល្អឥតខ្ចោះនៃប្រព័ន្ធអប់រំ តម្លៃជាពលរដ្ឋសកល បរិយាកាសបណ្តុះបណ្តាលបៃតងប្រកបទៅដោយផាសុកភាព និងការអភិវឌ្ឍសិស្សានុសិស្សឱ្យបានគ្រប់ជ្រុងជ្រោយ ដោយបញ្ចូលនូវកម្មវិធីសិក្សា និងសកម្មភាពបន្ថែមជាច្រើនក្រៅពីការសិក្សានៅក្នុងថ្នាក់រៀន ដើម្បីឲ្យសិស្សានុសិស្សពោរពេញទៅដោយសមត្ថភាព និងមានសក្តានុពលក្នុងការផ្សារភ្ជាប់ការអប់រំរបស់ពួកគេទៅកាន់ពិភពលោកឲ្យកាន់តែប្រសើរឡើងជាលំដាប់។
អំពី DS Education
DS Education Global Consultancy គឺជាក្រុមហ៊ុនដែលមានទីតាំងនៅប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ហើយត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញមានបទពិសោធន៍ជាង ១៤ ឆ្នាំ ក្នុងការប្រឹក្សាយោបល់និងជួយគាំទ្រសិស្សានុសិស្សក្នុងការបន្តការសិក្សារបស់ពួកគេនៅបរទេសដូចជា ប្រទេសសិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន នូវែលសេឡង់ ម៉ាឡេស៊ី និងបណ្តាលប្រទេសផ្សេងៗជាច្រើនទៀត។ ក្នុងនាមជាភ្នាក់ងារជំនាញក្នុងវិស័យអប់រំ DS Education ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការបំផុសគំនិតដែលជំរុញដល់ការលើកទឹកចិត្តសិស្សានុសិស្សគ្រប់រូបឲ្យសម្រេចនូវភាពជោគជ័យក្នុងដំណើរការសិក្សារៀនសូត្ររបស់ពួកគេស្របពេលជាមួយគ្នា៕


























